សម រង្សី៖ អាច​ឈរ​ឈ្មោះ​ជា​តំណាងរាស្រ្ត និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី (Pic)

លោក សម រង្សី ត្រូវបានរក្សាតំណែងជាបេក្ខភាពនាយករដ្ឋមន្រ្តី និងក៏ជាបេក្ខភាពតំណាងរាស្រ្តខេត្តកណ្តាល សម្រាប់ការចូលរួមបោះឆ្នោតនីតិកាលទីប្រាំនាថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះដែលមានរយៈពេល​ត្រឹម​តែ១១ថ្ងៃប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: July 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ លោក សម រង្សី ត្រូវបានរក្សាតំណែងជាបេក្ខភាពនាយករដ្ឋមន្រ្តី និងក៏ជាបេក្ខភាពតំណាងរាស្រ្តខេត្តកណ្តាល សម្រាប់ការចូលរួមបោះឆ្នោតនីតិកាលទីប្រាំនាថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះដែលមានរយៈពេល​ត្រឹម​តែ១១ថ្ងៃប៉ុណ្ណោះ។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)

មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណបក្សសង្រ្គោះជាតិ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅព្រឹកថ្ងៃទី១៧ខែកក្កដានេះថា ម្សិលម៉ិញគណបក្សសង្រ្គោះជាតិបានរៀបចំសំណើបេក្ខភាពលោកសម រង្ស៊ី សម្រាប់​ដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើការពិចារណា និងដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីឈ្មោះ ជាបេក្ខជន​តំណាងរាស្ដ្រលំដាប់លេខរៀងទីមួយមណ្ឌល(ខេត្ត)កណ្តាល។

មន្ត្រីដដែលបានបន្តរថា មកដល់ថ្ងៃនេះលិខិតនោះ នៅមិនទាន់បានដាក់ទៅ គ.ជ.ប នៅឡើយទេ ដោយបញ្ជូនទៅ​គណកម្មាធិការ​​ផ្ទៃក្នុង និងអ្នកជំនាញច្បាប់របស់គណបក្សសង្គ្រោះជាតិធ្វើការពិនិត្យ និងសម្រេចតាមផ្លូវច្បាប់ជាមុនសិន។

ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ក្រោយពីគណកម្មាធិការផ្ទៃក្នុង និងអ្នក​ជំនាញ​ច្បាប់ពិនិត្យចប់សព្វគ្រប់នៅថ្ងៃនេះ លោកនឹងបញ្ជូនលិខិតនេះ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀល​ម៉ោងពីរថ្ងៃទី១៧ ខែកក្កដានេះ។ លោកសង្ឃឹមថា គ.ជ.ប នឹងធ្វើការពិចារណា ដាក់បញ្ចូលលោក សម រង្សី ជាផ្លូវការ​ក្នុង​បញ្ជីឈ្មោះបោះឆ្នោត និងជាបេក្ខជនតំណាងរាស្ដ្រមណ្ឌល(ខេត្ត)កណ្តាល។

លោកទេព នីថា អគ្គលេខាធិការគ.ជ.ប ធ្លាប់បានបញ្ជាក់ថា ករណីននេះ មិនអាចមានច្រកណាមួយដើម្បីឲ្យលោក សម រង្ស៊ី បានចុះឈ្មោះ ក៏ដូចជាឈរឈ្មោះនោះទេ។ លោកបន្តរថា តាមច្បាប់ គ.ជ.ប គ្មានសមត្ថកិច្ចនឹងសម្រេច ចំពោះការ​ចុះឈ្មោះបោះឆ្នោតនោះទេ ព្រោះវាបានចប់សព្វគ្រប់ទៅហើយ និងក៏ពុំមានច្បាប់ណាអនុញ្ញាតឲ្យសើរើ ឬចុះបន្ថែមដែរ។

ក្នុងលិខិតបំភ្លឺមួយ ចុះថ្ងៃទី១៦ខែកក្កដា គ.ជ.ប ក៏បានបញ្ជាក់ឡើងវិញដែរ ពីគោលការណ៍តាមផ្លូវច្បាប់ ដែលបក​ស្រាយ​ថា បញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ដែលគ.ជ.ប. ទទួលស្គាល់ជាផ្លូវការរួចហើយ មិន​អាច​កែប្រែវិញបានឡើយ។

ចំពោះដំណើរត្រឡប់មកវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតរបស់លោកសម រង្សីនេះ សង្ឃឹមថានឹងមានការអនុញ្ញាត ឲ្យ​លោកបានឈរឈ្មោះជាតំណាងរាស្រ្ត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ទាំងរូបលោក ក៏ដូចជាមជ្ឍដ្ឋាន​ដែលស្និត​នឹង​គណបក្សប្រឆាំង បានវាយតម្លៃចំពោះការផ្តន្ទាទោសនេះ ថាមានពាក់ព័ន្ធនឹងរឿងនយោបាយ ដូច្នេះត្រូវមានការ​ដោះ​ស្រាយ​ផ្នែកនយោបាយដូចគ្នា។

ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង ធ្លាប់បានបញ្ជាក់ថា ការចុះឈ្មោះ និង​ឈរឈ្មោះជាបេក្ខជនតមណាងរាស្រ្ត វាជារឿងមួយងាយស្រួលនោះទេ បើមានការសម្របសម្រួល​ផ្នែកនយោបាយ​រួច​ទៅ​ហើយនោះ។ លោកបន្តរថា «គ.ជ.ប ត្រូវតែទទួលយកការសម្របសម្រួលខាងនយោបាយនេះ ហើយចុះឈ្មោះឲ្យ​គាត់​មាន​សិទ្ធិបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្រ្ត។ លោកជាប្រធានបក្ស ត្រូវតែផ្តល់នូវបែបបទពិសេសមួយសម្រាប់គាត់ ព្រោះគាត់ជាអ្នកចូលរួមប្រកួតប្រជែងមួយយ៉ាងសំខាន់។ គ.ជ.ប ក៏ត្រូវមានការសម្របសម្រួលខាងនយោបាយមួយដែរ ព្រោះនេះជារឿងនយោបាយ ហើយក៏មានការសម្របសម្រួល ផ្នែកនយោបាយមួយត្រូវបានបញ្ចប់ដែរ។»

ឯអ្នកវិភាគឯករាជ្យ សង្គម និងនយោបាយលោក ឡៅ ម៉ុងហៃ ក៏បានបញ្ជាក់ដែរថា ការចុះឈ្មោះបេក្ខជនតំណាងរាស្ដ្រ ដល់លោកសម រង្ស៊ី អាចធ្វើទៅបានដោយ គ.ជ.ប ដោយយោងតាមមូលដ្ឋាន​នៃគោលការណ៍លើកលែងទោស​របស់​ព្រះមហាក្សត្រ និងតាមស្មារតីនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

សូមបញ្ជាក់កាលពីថ្ងៃសុក្រទី១២ ខែកក្កដាកន្លងមកនេះ ក្រោយពីមានសំណើពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធាន​គណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថនរោត្តម សីហមុនី បានព្រះរាជ​ទានលើកលែងទោស។ ជាមួយនឹងការលើកលែងទោសនេះ សហគមន៍ជាតិ និងអន្តរជាតិជាច្រើនបានគាំទ្រ និងស្វាគមន៍​ជាពិសេសពីសហរដ្ឋអាមេរិក បារាំង ជប៉ុន និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស​នៅ​កម្ពុជា។

សម្រាប់ការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្សី នៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង ៩និង៥នាទីព្រឹក នឹងមានការផ្សាយផ្ទាល់ពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញតាមប្រព័ន្ធគេហទំព័រ ustream.tv ដែលជាប្រព័ន្ធ​សេវាកម្ម​បញ្ជូនរូបភាព«ផ្ទាល់» តាមអាំងទែណែត ហើយបាន ធ្វើតំណភ្ជាប់ជាមួយនិង គេហទំព័រ របស់គណបក្ស​សង្គ្រោះ​ជាតិ​តាមអាស័យដ្ឋាននេះ មានចំណងជើង​ជា​ភាសា​អង់គ្លេស​ថា «LAUK PRATHAN SAM RAINSY RETURNS HOME JULY 19th»។ យោងតាមគេហទំព័រផ្លូវការ​របស់​គណបក្ស សង្គ្រោះជាតិ បានបញ្ជាក់ថានេះមិនមែនជា​ការផ្សាយបន្តរ​ផ្ទាល់ពី​បណ្តាស្ថានីទូរទស្សន៍ក្នុងស្រុកនោះទេ។

សូមរម្លឹកថា លោកសម រង្ស៊ី បាននិរទេសខ្លួនតាំងពីឆ្នាំ២០០៩ គេចចេញពីការចាប់ដាក់ពន្ធនាគាររបស់អាជ្ញាធរមក្ពុជា។ លោកត្រូវបានតុលាការកម្ពុជាមួយនេះសម្រេចឲ្យជាប់ពន្ធនាគារជាង ១១ឆ្នាំ ក្រោមបទចោទ ដកតម្រុយបង្គ្រោលព្រំដែន​នៅស្រុកចន្ទ្រាខេត្តស្វាយរៀង និងការក្លែងឯកសារសារធារណៈការផ្សព្វផ្សាយព័ត៌មានមិនពិត ។ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត បានលុបឈ្មោះលោកសម រង្ស៊ីចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត និងបានដកហូតសិទ្ធិឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ដ្រដោយសារមានពិរុទ្ធភាព៕

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់គ.ជ.ប ស្ដីពីភាពមិនអាចកែប្រែបាន នូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន៖

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...