នៅជប៉ុន ប្រើប្រាស់ខ្យង ដើម្បីប្រឆាំងភាពជ្រីវជ្រួញលើផ្ទៃមុខ (VDO)
នៅជប៉ុន ដើម្បីប្រឆាំងទល់នឹងភាពជ្រីវជ្រួញនៅលើផ្ទៃមុខ គេអាចចាប់ខ្យងនៅរស់ ឲ្យវារនៅលើកន្លែងដែលមិនចង់ឲ្យជ្រួញនោះ ហើយទុកវារហូត ដល់វាបញ្ចេញពពុះទឹកមាត់របស់វា។ ជាការព្យាបាលមួយដ៏ពិសេស សម្រាប់ស្ត្រីទាំងឡាយដែលចង់បានសម្រស់ ឲ្យវិលត្រឡប់មករកភាពវ័យក្មេងវិញ។
សត្វខ្យងកំពុងប្រតិបត្តិការព្យាបាលស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ។ (រូបថត © Ci:z.Labo)
នៅជប៉ុន មានហាងកែសម្ផស្សមួយនោះ បានប្រើប្រាស់វិធីព្យាបាលមួយយ៉ាងពិសេស ដើម្បីត្រឡប់មករកភាពវ័យក្មេងវិញ នោះគឺការប្រើពពុះទឹកមាត់របស់សត្វខ្យង ជាថ្នាំ។ ប៉ុន្តែមិនមែនជាជារឿងចែដន្យនោះទេ ព្រោះនៅក្នុងពពុះខ្យងទាំងនោះ គេបានស្រាវជ្រាវដឹងថា មានជីវជាតិជាច្រើន ដែលតាមវិទ្យាសាស្ត្រ ពិតជាអាចបន្ថយស្នាមជ្រីវជ្រួញ នៅលើផ្ទៃមុខរបស់មនុស្សបាន។ រហូតមកដល់បច្ចុប្បន្ន ជីវជាតិទាំងនោះ មានតែនៅក្នុងក្រែមដែលគេផលិតលក់នៅតាមហាងកែសម្ផស្ស ឬហាងលក់ថ្នាំពេទ្យប៉ុណ្ណោះ ហើយគេមិនដែលបាននឹកគិថា ទឺកពពុះមាត់របស់សត្វខ្យង អាចត្រូវបានគេយកមកប្រើប្រាស់យ៉ាងដូច្នេះនោះទេ។
តែហាងកែសម្ផស្សនៅជប៉ុនមួយនេះ នឹកឃើញពិវិធីព្យាបាលនេះ ដែលមានលក្ខណៈធម្មជាតិ និងដោយផ្ទាល់ពីអ្នកផលិតថ្នាំ (ខ្យង) និងអ្នកជម្ងឺតែម្ដង។ គេត្រូវមានលក្ខខ័ណ្ឌមួយ គឺត្រូវត្រៀមពេលវេលាគួរសមដែរ ដើម្បីទៅហាងកែសម្ផស្សនោះ។
នៅក្នុងវីដេអូខាងក្រោម អ្នកនឺងឃើញ ថាគេបានយកខ្យងចំនួនពីរក្បាល ដែលនៅរស់រវើក យកមកដាក់នៅលើផែនថ្ពាល់ទាំងសង ហើយត្រូវទុកឲ្យវាធ្វើដំណើរទៅតាមធម្មជាតិរបស់វា។ អ្នកកាសែតស្រីរបស់សារព័ត៌មានអង់គ្លេសមួយឈ្មោះ តេលេហ្គាហ្វ (Telegraph) បានធ្វើបទយកការណ៍ពីវិធីសាស្ត្រនេះ ដោយបានពន្យល់ពីរបៀបរបប និងចូលទៅពិសោធន៍ដោយផ្ទាល់ខ្លួននាងនោះផង។ អ្នកកាសែតបានសុំឲ្យគេពិនិត្យមើលដំណើររបស់សត្វខ្យងទាំងនេះ និងសុំឲ្យលើកចេញជាបន្ទាន់ប្រសិនណា ជាខ្យងវារមកជិត«មាត់ រន្ធច្រមុះ និងភ្នែក»
ប៉ុន្តែបន្ទាប់ពីទុកឲ្យខ្យងវារនៅលើមុខបានមួយសន្ទុះ អ្នកកាសែតស្រីយើង ដូចជាមានអារម្មណ៍ធម្មតាវិញ។ ហើយនៅក្រោមពេលដែលខ្យងបានខ្ជាក់ទឹកមាត់វារួច គេត្រូវបន្តទាញសាច់មុខនេះ ជាមួយនឹងក្រេមមួយប្រភេទទៀត ដែលធ្វើពីជាតិខ្យងដូចគ្នា មុននឹងដាក់ចំហុយមុខនៅក្នុងម៉ាស៊ីនអគ្គិសនីមួយប្រភេទ។ និយាយឲ្យខ្លី ពាក្យថា«ទ្រាំពិបាកដើម្បីស្អាត» ដូចជាបានក្លាយជាការពិតហើយ សម្រាប់អ្នកដែល«ខ្លាច»សត្វខ្យងទាំងនេះ៕
សូមទស្សនាវីដេអូរបស់អ្នកកាសែតតេលេហ្គ្រាហ្វ ដូចតទៅ៖
-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ