សហគមន៍​អន្តរជាតិ​សាទរ​ ចំពោះ​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី

បន្ទាប់ពីការប្រកាសលើកលែងទោសពីព្រះមហាក្សត្រ និងការជូនដំណឹងពីការវិលត្រលប់ របស់លោក សម រង្ស៊ី មកកាន់​ប្រទេសកម្ពុជា សេចក្តីសារទរបានធ្លាប់ចុះមកជាបន្តបន្ទាប់ ពីសហគម៍ជាតិនិងអន្តរជាតិ លាយឡំជាមួយក្តីបារម្ភខ្លះៗ​ផង ចំពោះការវិវឌ្ឍន៍នយោបាយនាពេលចុងក្រោយនេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីការប្រកាសលើកលែងទោសពីព្រះមហាក្សត្រ និងការជូនដំណឹងពីការវិលត្រលប់ របស់លោក សម រង្ស៊ី មកកាន់​ប្រទេសកម្ពុជា សេចក្តីសារទរបានធ្លាប់ចុះមកជាបន្តបន្ទាប់ ពីសហគម៍ជាតិនិងអន្តរជាតិ លាយឡំជាមួយក្តីបារម្ភខ្លះៗ​ផង ចំពោះការវិវឌ្ឍន៍នយោបាយនាពេលចុងក្រោយនេះ។


លោក សម រង្សី នៅពេលជួបជាមួយបណ្ដាអ្នកគាំទ្ររបស់លោក។ (រូបថត facebook.com/rainsy.sam.5)

យោងតាមសេចក្តីប្រកាសពត៌មាន របស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ដែលមនោរម្យព័ងអាំងហ្វូ​ទទួល​បាន​នៅថ្ងៃអង្គារនេះ ឱ្យដឹងថា លោក ស៊ូបែឌី ជាប្រសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងថា៖ «ខ្ញុំរីករាយដោយបានដឹងថា មានព្រះរាជសារលើកលែងទោសរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី តាម​សំណើរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចំពោះករណីលោកសម រង្ស៊ី»។ លោកបន្ថែមថា នេះជាការបោះជំហានមួយ ដែលសំខាន់ក្នុងផ្សះផ្សារជាតិ និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពរឹងមាំ។

រីឯអ្នកនាំពាក្យក្រសួងការបរទេសបារាំង ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដែរ ចំពោះការលើកលែងទោសនេះ ដោយ​មានខ្លឹមសារថា៖ «ប្រទេសបារាំងសូមស្វាគមន៍ជាវិជ្ជមាន ចំពោះការប្រោសព្រះរាជទាន លើកលែងទោសលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលជាគណបក្សឆាំងសំខាន់នៅកម្ពុជា»។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការសម្រេច​ចិត្តនេះ វាជាឥរិយាបថវិជ្ជមាន ដែលអនុញ្ញាតឲ្យការបោះឆ្នោតខាងមុខនេះ អាចប្រព្រឹត្តទៅ ដោយស្ងប់ស្ងាត់ មានតម្លាភាព និងអាចជឿជាក់បាន។

ជាមួយគ្នានេះដែរ លោក យូស៊ីហ៊ីរ៉ូ (Yoshihiro) អនុប្រធានបេសកកម្មទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃម្សិលម៉ិញ​បានសម្តែង​ការស្វាគមន៍ដូចគ្នានេះ ដោយផ្តោត សារៈសំខាន់លើការផ្សះផ្សារជាតិក្នុងប្រទេសកម្ពុជា។ លោកយូស៊ីហីរ៉ូ បានគូស​បញ្ជាក់ថា៖ «ប្រទេសជប៉ុនសង្ឃឹមថា បានឃើញការបោះឆ្នោតជាតិនៅកម្ពុជានឹង ប្រព្រឹត្តទៅដោយសេរីនិងត្រឹមត្រូវ ដោយ​រលូននិងដោយសន្តិភាព»។

ដោយឡែក សហរដ្ឋអាមេរិកតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន ក៏បានបង្ហាញនូវការសាទរផងដែរ។ លោកស្រី ជែន សាគី (Jen Psaki)អ្នកនាំពាក្យក្រសួងការទេស បានថ្លែងប្រាប់អ្នកកាសែតនៅក្រុងវ៉ាស៊ីនតោនថា៖ «យើង​សុំស្វាគមន៍ការសម្រេចចិត្តទទួលយក សំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនសុំឲ្យមានការលើកលែងទោស ពី​ព្រះមហាក្សត្រដល់មេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៉ី ដើម្បីឲ្យលោកបានវិលទៅកាន់ប្រទេសកម្ពុជា ដោយ​គ្មាន​ការចាប់ដាក់ពន្ធនាគារ»។ អ្នកនាំពាក្យរូបនេះ ក៏បានទាមទារ ឲ្យមានការធានាសុវត្ថិភាពរបស់មេបក្សប្រឆាំងរូបនេះដែរ ពេលដែលលោកត្រលប់ចូលកម្ពុជា។

សូមរម្លឹកថាថ្មីៗនេះ លោក ហោ ណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានប្រតិកម្ម ថាការលើកលែងទោសលោក សម រង្ស៊ី មិនមែនជាសម្ពាធរបស់ប្រទេសណាមួយមកលើកម្ពុជានោះទេ។ លោកបន្ថែមថា នេះគឺជា​គោលនយោបាយ​បង្រួបបង្រួមជាតិរបស់គណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច ធ្លាប់បានធ្វើកន្លងមក។

ប៉ុន្តែទោះយ៉ាងណាក្តីក៏គេមើលឃើញជាទូទៅថា ការលើកលែងទោសនេះគឺធ្វើឡើង ក្រោយការព្រមានពីសហរដ្ឋអាមេរិច និងសហគមន៍អន្តរជាតិថានឹងកាត់ជំនួយដល់កម្ពុជា ប្រសិបើដំណើរការបោះឆ្នោតមិនអាចប្រព្រឹត្តទៅ ដោយសេរី និង​យុត្តិធម៌ ពិសេសការចូលរួមពីមេដឹកនាំបក្សប្រឆាំង។

លោកសម រង្សី នឹងមកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ខណៈដែលលោកយឹម សុវណ្ណអ្នកនាំពាក្យគណបក្ស​សង្រោះជាតិ អះអាងថា នឹងមានអ្នកគាំទ្រច្រើនជាងបួនម៉ឺននាក់ ចាំទទួលលោក សម រង្ស៊ី នៅព្រលានយន្តហោះ​អន្តរជាតិ​ក្រុងភ្នំពេញ។

ការវិលត្រលប់របស់លោកសម រង្សី វាជាដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់លោក។ ប៉ុន្តែបញ្ហាមិនទាន់បញ្ចប់ត្រឹម​នេះនោះ​ទេ ពីព្រោះថាឈ្មោះមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត និងបញ្ជីបេក្ខជន​តំណាង​រាស្រ្ត ខណៈដែលបញ្ជីទាំងនោះ ត្រូវបានបិទបញ្ចាប់ជាស្ថាពរ។

ចំពោះករណីលោកសម រង្ស៊ីនេះ លោក ទេព នីថា អគ្គលេខាធិការ (គ.ជ.ប. ) ធ្លាប់បានថ្លែងថា ជាទូទៅតាមច្បាប់​បោះ​ឆ្នោតជាធរមាន គឺពុំមានកន្លែងណា បញ្ចូលឈ្មោះលោក សម រង្ស៊ី បាននៅពេលនេះទេ ពីព្រោះថា ច្បាប់បោះឆ្នោត បើ​កាលណាលុបចេញពីបញ្ជីបោះឆ្នោតហើយ គឺរហូតទៅដល់ការចុះឈ្មោះថ្មី ទើបអាចចុះ។ ហើយការបោះឆ្នោតឆ្នាំ២០១៣ នេះ គ.ជ.ប. ចុះឈ្មោះបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។ បញ្ជីបោះឆ្នោត ត្រូវបាន (គ.ជ.ប.) ផ្តល់សុពលភាពរួចហើយ។ ហើយបញ្ជីបោះឆ្នោតនេះ តាមច្បាប់បោះឆ្នោត មិនអាចកែប្រែបានទេ។

តែលោក គង់ គាំ ជាទីប្រឹក្សាជាន់ខ្ពស់ របស់គណបក្សសង្រោះជាតិបានពន្យល់ថា៖ «ការកាត់ទោសលោកសម រង្ស៊ី វាជា​រឿងនយោបាយ ការលើកលែងទោសក៏ជារឿងនយោបាយ ដូចច្នេះការអនុញាតឲ្យលោកសម រង្ស៊ី មានឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត គួរដោះស្រាយតាមយន្តការនយោបាយ»៕

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...