កែម ឡី៖ បក្សសង្គ្រោះជាតិកំពុងចូលអន្ទាក់ បក្សកាន់អំណាច
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 05, 2014
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកឃ្លាំមើលស្ថានការនយោបាយ និងអ្នកវិភាគឯករាជ្យ លោក កែម ឡី បានថ្លែងថា ការបង្កើតឱ្យមានក្រុមមតិភាគតិច នៅក្នុងសភា ជាល្បែងរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំ ហើយគណបក្សសង្រ្គោះជាតិ កំពុងតែដើរចូលអន្ទាក់ របស់គណក្សកាន់អំណាចមួយនេះ ដោយខ្លួនឯង។
លោកបានពន្យល់ថា បើទោះបីជាប្រធានក្រុមមតិភាគតិច ដែលមានឋានៈស្មើនាយករដ្ឋមន្រ្តីក៏ដោយ ប៉ុន្តែគ្មានសិទ្ធសម្រេចអ្វីទាំងអស់។ អ្នកវិភាគបញ្ហាសង្គមរូបនេះ បានបញ្ជាក់ទៀតថា៖ «ជារួម នៅក្នុងប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សេចក្តីសម្រេចទាំងឡាយ ត្រូវនៅលើរដ្ឋសភា មតិ៥០បូក ឬមតិភាគច្រើនដាច់ខាត អញ្ចឹងបើមានប្រធានក្រុមអ្នកតំណាងរាស្រ្ត ឬប្រធានក្រុមមតិភាគតិចអីក៏ដោយ ក៏មិនមានប្រយោជន៍អ្វីដែរ ព្រោះយើងត្រូវការសម្រេចក្នុងសភាពេញអង្គ ៥០បូក១»។
ការលើកឡើងរបស់អ្នកវិភាគសង្គមខាងលើនេះ ក៏ស្របជាមួយ នឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤នេះថា ប្រធានក្រុមតំណាងរាស្រ្ត ឬប្រធានក្រុមមតិភាគតិច បើទោះបីជាមានឋានៈស្នើនាយករដ្ឋមន្រ្តីក៏ពិតមែន ប៉ុន្តែមិនអាចមកចាត់ចែងកិច្ចការជំនួស នាយករដ្ឋមន្រ្តី ដូចជាការបញ្ជាទ័ព ឬការងាររដ្ឋបាលបាននោះទេ។
ការបង្កើតឱ្យមានក្រុមមតិភាគតិច គឺជារឿងឥតប្រយោជន៍
លោកកែមឡីបានអះអាងទៀតថា ការបង្កើតមានក្រុមមតិភាគ គឺជារឿងឥតប្រយោជន៍ និងខាតពេលវេលា។ លោកថា ការធ្វើនេះ ដើម្បីតែបែងចែកអំណាចគ្នា ដូចបទពិសោធក្នុងអាណត្តិកន្លងមក និងដើម្បីសម្របសម្រួលនយោបាយ មិនមែនមែនសម្របសម្រួល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋឡើយ។ ឧទាហរណ៍ ដូចជាការធ្វើជានាយករដ្ឋមន្ត្រី ឬ សហនាយករដ្ឋមន្រ្តី តាមរយៈការបោះឆ្នោតជាកញ្ចប់ គឺគ្មានច្បាប់សម្រេចអង្អុលបង្ហាញនោះទេ។
ចំណែកលោក សម រង្ស៊ី នៅលើទំព័ហ្វេសប៊ុករបស់លោក បានសរសេរថា ការស្នើឱ្យមានការរៀបចំរូបមន្តមួយ ដែលប្រធានគណបក្សក្រៅរដ្ឋាភិបាល ដែលធំជាងគេក្នុងរដ្ឋសភា មានឈ្មោះហៅថាប្រធានក្រុមមតិភាគតិច (Minority Leader ដូចគេហៅនៅសហរដ្ឋអាមេរិក) គឺជាមរតកនយោបាយសម្រាប់ខ្មែរជំនាន់ក្រោយ និងជាជំហានមួយដើម្បីទៅរកលទ្ធិប្រជាធិបតេយ្យ។ លោក សម រង្ស៊ី ពន្យល់នៅលើទំព័រនោះទៀតថា ប្រធានក្រុមមតិភាគតិចនេះ មានឋានៈស្មើនាយករដ្ឋមន្រ្តី ហើយធ្វើជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកតម្កើងវប្បធម៌សន្ទនា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាប្រទេសជាតិ។
ប្រធានគណបក្សជំទាស់រូបនេះ បានសរសេរបន្តថា៖ «អ្វីៗដែលយើងខិតខំសម្រេចពេលនេះ គឺដើម្បីអនាគតវែងឆ្ងាយនៃប្រទេសកម្ពុជា ដើម្បីគណបក្សផ្សេងៗទៀត និងអ្នកដឹកនាំដទៃទៀត ដែលនឹងមកបំពេញតួនាទីរបស់ខ្លួន ក្នុងរយៈពេលរាប់សិបឆ្នាំទៅមុខទៀត។ យើងកំពុងពង្រឹងរបបប្រជាធិបតេយ្យ តាមរយៈ ការបង្កើត ឬការពង្រឹងស្ថាប័នជាតិមួយចំនួន (institution building) ឲ្យដំណើរការ ស្របទៅនឹងគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ (consolidation of the democratic process)។»៕