ហ៊ុន សែន៖ សង្គម​ស៊ីវិល​«គ្មាន​សិទ្ធិ» ជ្រៀត​ជ្រែក​ការ​បង្កើត​ច្បាប់

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថាជាគោលការណ៍ច្បាប់ គ្រប់អង្គការសង្គមស៊ីវិលទាំងអស់​គ្មាន​សិទ្ធិលូកលាន់ ឬជ្រៀតជ្រែកទៅលើការបង្កើតច្បាប់ ដោយរដ្ឋាភិបាល និងរដ្ឋសភានោះទេ។ ការលើកឡើង​របស់​លោកហ៊ុន សែន គឺបានកើតឡើងបន្ទាប់ពី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរិះគន់ការបង្កើត​ច្បាប់​របស់រដ្ឋាភិបាល និងរដ្ឋសភា ហើយទទូចឲ្យពន្យាពេលការបង្កើតច្បាប់ រហូតដល់វិបត្តិនយោបាយ​ក្រោយការ​បោះឆ្នោតសកលឆ្នាំ២០១៣ ត្រូវបានដោះស្រាយរួច។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាជាគោលការណ៍ច្បាប់ គ្រប់អង្គការសង្គមស៊ីវិលទាំងអស់​គ្មាន​សិទ្ធិលូកលាន់ ឬជ្រៀតជ្រែកទៅលើការបង្កើតច្បាប់ ដោយរដ្ឋាភិបាល និងរដ្ឋសភានោះទេ។ ការលើកឡើង​របស់​លោកហ៊ុន សែន គឺបានកើតឡើងបន្ទាប់ពី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរិះគន់ការបង្កើត​ច្បាប់​របស់រដ្ឋាភិបាល និងរដ្ឋសភា ហើយទទូចឲ្យពន្យាពេលការបង្កើតច្បាប់ រហូតដល់វិបត្តិនយោបាយ​ក្រោយការ​បោះឆ្នោតសកលឆ្នាំ២០១៣ ត្រូវបានដោះស្រាយរួច។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ច្បាប់ - «ច្បាប់នោះលើកលែងតែអត់កូរ៉ុមប្រជុំ តែមានកូរ៉ុមប្រជុំ មានសំឡេងអនុម័តគ្រប់គ្រាន់ គេធ្វើហើយ​កុំឆ្ងល់​ពេក។ ខ្ញុំក៏សូមផ្តាំត្រឡប់ទៅវិញថា យើងបានស្តាប់ច្រើនហើយ។ ហើយបញ្ញត្តិច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺមិនអនុញ្ញាត ឲ្យយើងប្រគល់ទៅឲ្យអ្នកណា ក្រៅតែពីអ្នកធ្វើសេចក្តីព្រាងច្បាប់ ហើយបញ្ជូនមកគណៈរដ្ឋ មន្រ្តី និងរដ្ឋសភាដើម្បីអនុម័តនោះទេ។» នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ក្នុងឱកាសចែកសញ្ញាប័ត្រដល់និស្សិត សកលវិទ្យាល័យអាស៊ីអឺរ៉ុប។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ គណៈរដ្ឋមន្រ្តីកម្ពុជា បានអនុម័តទៅលើ សេចក្តីព្រាងច្បាប់ចំនួនបី គឺ៖ ទីមួយ​-​សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំអង្គតុលាការ។ ទីពីរ- សេចក្តីព្រាង ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ​នៃឧត្តម​ក្រុមប្រឹក្សានៃអង្គចៅក្រម និងទីបី- សេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។ ការបង្កើត​ច្បាប់​នេះ ត្រូវបានគេមើលឃើញថា បង្កើតឡើងក្នុងពេលដែលគណបក្សសង្រ្គោះជាតិ នៅបន្ត​ធ្វើពហិការមិន​ចូលប្រជុំ​រដ្ឋសភានៅឡើយ ហើយថែមទាំងចោទប្រកាន់រដ្ឋសភា និងរដ្ឋាភិបាលអាណត្តិទី៥ ថាបានបង្កើតឡើងដោយ​ខុស​ច្បាប់ និងរំលោភរដ្ឋធម្មនុញ្ញ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ បានលើកឡើងថា ការបង្កើតច្បាប់ថ្មី នៅក្នុងកាលៈទេសៈបច្ចុប្បន្ន គឺជាការប្រថុយប្រថាន ព្រោះមិនមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ និងមិនបាន​ឆ្លុះបញ្ចាំងឆន្ទៈរួម របស់ប្រជាពលរដ្ឋ ដូច្នេះស្ថាប័នរដ្ឋសភាកម្ពុជា គប្បីផ្អាកការអនុម័តច្បាប់ថ្មីៗមួយរយៈសិន ដើម្បី​រង់ចាំការដោះស្រាយភាពជាប់គាំងផ្នែកនយោបាយត្រូវបានបញ្ចប់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំអកឲ្យក្រុមអង្គការសង្គមស៊ីវិលថា គម្បីមានការអៀនខ្មាសខ្លះផង ព្រោះ​អំណាចរបស់របស់រដ្ឋាភិបាល មិនមែនជាអំណាច ដែលរដ្ឋាភិបាល ឬក្រសួងយុត្តិធម៌ ដែលជាអ្នកធ្វើសេចក្តី​ព្រាង​ច្បាប់ ត្រូវបញ្ជូនសេចក្តីព្រាងច្បាប់ ទៅឲ្យក្រុមអង្គការសង្គមស៊ីវិល មុនបញ្ជូនទៅឲ្យគណៈរដ្ឋមន្រ្តី ឬមុនបញ្ជូន​ទៅ​រដ្ឋសភានោះទេ។ លោកហ៊ុន សែន អះអាងថា ការពិតអង្គការសង្គមស៊ីវិលចង់ឲ្យរដ្ឋាភិបាលទៅពិភាក្សាជាមួយខ្លួន ដើម្បីឲ្យអង្គការរបស់ខ្លួន មានហេតុផលទៅ«សុំលុយ»ពីប្រទេសម្ចាស់ជំនួយ យកមកធ្វើសិក្ខាសាលា។

តែសម្រាប់លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា៖ «ច្បាប់​ទាំងអស់​នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសិទ្ធិមនុស្សកម្ពុជា។ ជាការពិបាកណាស់ក្នុងការប្រមើលមើល ថាច្បាប់ថ្មីៗទាំងនេះ នឹងត្រូវបានពិនិត្យពិច័យបានយ៉ាងត្រឹមត្រូវដែរ ឬយ៉ាងណា បើពុំមានវត្តមានគណបក្សប្រឆាំងណាមួយ នៅ​ក្នុង​រដ្ឋសភា និងពុំមានសមាជិកសភាពេញលេញ៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...