អេឡិច ដាវីដសុន៖ ស៊ូ«ស្លាប់ខ្លូន»នៅកម្ពុជា ដើម្បីការពារ«ព្រៃ»អារ៉ែង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ត្រីនាគ ក្រពើភ្នំ រ៉ែមាស ជាមួយនឹងសត្វកម្រផ្សេងៗទៀត ចំនួន៣១ប្រភេទនឹងផុតពូជនៅកម្ពុជា និងភាពឈានទៅរកការបាត់បងតំបន់ព្រៃឈើចុងក្រោយរបស់កម្ពុជា ក្នុងតំបន់អារ៉ែង បើសិនជាមានការផ្តល់ការវិនិយោគ ជាទំនប់វារីអគ្គីសនី ទៅឲ្យក្រុមហ៊ុនណាមួយដោយរដ្ឋាភិបាលនោះ។ ស្ថាបនិកអង្គការចលនាមាតាធម្មជាតិលោក អេឡិច ដាវីដសុន (Alex Gonzalez Davidson) ជាជាតិអាឡឺម៉ង់ បានពន្យល់ជាភាសាខ្មែរយ៉ាងស្ទាត់ជំនាញថា ក្រុមហ៊ុនដែលបានទទួលគំរោងអភិវឌ្ឈន៍ពីរដ្ឋាភិបាលនោះ មិនដែលជួបជជែកពិភាក្សាជាមួយប្រជាពលរដ្ឋ ឬអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធម្តងណាឡើយ។
ស្ទឹង អារ៉ែង នៅខេត្តកោះកុង។ (រូបថត MONOROOM.info/ kessor)
ធម្មជាតិ និងការអភិវឌ្ឍន៍ - ក្នុងសន្និសិទសារព័ត៌មានមួយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ នាភោជនីយដ្ឋានម្លប់បៃតង លោកអេឡិច ដែលស្រលាញ់ធម្មជាតិ ចូលរួមគាំទ្រ និងការពារព្រៃតំបន់អារ៉ែង បានបញ្ជាក់ថា តំបន់ព្រៃធម្មជាតិចុងក្រោយនៅកម្ពុជាតែមួយ ដែលមាននៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កំពុងគម្រាមកំហែងពីសំណាក់ក្រុមហ៊ុនចិន ក្នុងបំណងមកធ្វើវិនិយោគក្នុងតំបន់នោះ។ «បើក្រុមហ៊ុន ស៊ីណូហាយដ្រូ (Sinohydro) នៅតែបន្តគម្រោងសាងសង់ទំនប់វារីអគ្គីសនី មានន័យថា ព្រៃឈើដែល សំខាន់បំផុតនៅកម្ពុជា ត្រូវបានបំផ្លាញ។» លោកបានបញ្ជាក់ពីហេតុផលមួយចំនួន ដែលបានកើតឡើងក្រោមគំនិតនៃការកសាង ទំនប់វារ៉អគ្គីសនី ក្នុងខេត្តនានាមួយចំនួនដូចជា ទំនប់វារីអគ្គីសនីសេសាន ទំនប់វារីអគ្គីសនី តាតៃ ទំនប់វារីអគ្គីសនីឬស្សីជ្រុំជាដើម មិនមែនតែកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិវឌ្ឍន៍នៅក្នុងគម្រោងប៉ុណ្ណោះទេ តែនៅជុំវិញនោះ ក៏ត្រូវបានកាប់បំផ្លាញជាមួយគ្នាតែម្តងដូចគ្នា។
ស៊ូប្តូរជីវិត ការពាអារ៉ែង
ជាមួយនឹងភាពសោកស្តាយលោក អេឡិច ដាវីដសុន ក៏បញ្ជាក់ថាសកម្មភាព នៃការការពារព្រៃឈើនៅកម្ពុជារបស់លោក និងបណ្តាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃមួយចំនួន ដែលបានដឹងពីបញ្ហាប្រឈម នៃការបាត់បង់ព្រៃ ជាមួយនឹងលំហទិកលិចរាប់ម៉ឺនហិកតា នោះថាមិនមែនជាការ«ប្រឆាំងទៅនឹងការអភិវឌ្ឍន៍ ប្រទេសខ្មែរទេ។ (...) តែជាការការពារ និងប្រឆាំងទៅលើគម្រោងខ្មោច ដែលគេព្យាយាមធ្វើដើម្បីប្រយោគន៍បុគ្គលមួយចំនួន មិនមែនប្រយោជន៍ជាតិទេ។ (...) (វា) ប៉ះពាល់ទៅលើសត្វ និងរុក្ខជាតិច្រើនជាងគេ។ យើងប្តេជ្ញាចិត្ត អត់ឲ្យសាងសង់ជាដាច់ខាត។ (...) ស៊ូប្តូរជីវិត ការពាអារ៉ែង។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចសុំប្រតិកម្ម ពីខាងភាគីក្រុមហ៊ុនហ៊ីណូហាយដ្រូ បាននៅឡើយក្នុងថ្ងៃនេះ។ តែតាមការអះអាង របស់លោក អេឡិច ដាវីដសុន បានបញ្ជាក់ថា ក្រុមហ៊ុននេះក៏កំពុងរំលោភទៅលើគោលការណ៍របស់ខ្លួន ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឈន៍ទំនប់វារីអគ្គិសនីនេះដែរ។ លោកបានអាន នូវគោលការណ៍ដែលបានបកប្រែក្រៅផ្លូវការពីភាសាចិនមកភាសាខ្មែរ មានន័យថា «តំបន់ឧទ្យាជាតិ ឬតំបន់ព្រៃការពារនិងជម្រកសត្វកម្រ»។
សម្រាប់លោក អេឡិច ដាវីដសុន ផ្ទាល់ លោកបានយល់ចំពោះគម្រោងនោះថា គ្រាន់តែជាគម្រោងខ្មោចមួយរបស់ក្រុមហ៊ុម ឬបុគ្គលឯកជនដែលពាក់ព័ន្ធមួយចំនួន។ គោលបំណងសំខាន់របស់ពួកគេ គឺ មើលឃើញនូវធនធានធម្មជាតិដ៏កម្រដូចជា រ៉ែនានានិងព្រៃឈើចុងក្រោយរបស់កម្ពុជាជាដើម។
សូមបញ្ជាក់ថា ក្នុងសន្និសិទសារព័ត៌មាននោះ រួមមានការចូលរួមពីចលនាមាតាធម្មជាតិ ប្រជាសហគមន៍អារ៉ែង បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម សហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា និងក្រុមយុវជនបហានគរ។ ក្រុមការងារទាំងអស់ខាងលើនេះ ក៏បានទទួលស្គាល់ និងឯកភាព នឹងការហៅគម្រោងរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូ ថាជា«គម្រោងខ្មោច»ដែរ ព្រោះដោយសារតែក្រុមហ៊ុននេះ មិនបានធ្វើដោយខ្លួនឯងទេ។ តែបែរជាជួលបន្តទៅឲ្យក្រុមហ៊ុនតូចៗដទៃទៀត ជាអ្នកចូលមកធ្វើសម្មភាព តាមយរៈការបះបោរប្រជាពលរដ្ឋក្នុងតំបន់ ដូចជាជនជាតិដើម«ជង» ឲ្យចាកចេញពីភូមិកំណើតរបស់ខ្លួន ជាមួយនិងការបញ្ជូនគ្រឿងចក្រ ចូលកាប់ព្រៃឈើក្នុងតំបន់នោះជាបន្តបន្ទាប់។ លោក អេលិចសុន បានបន្ថែមថា៖ «ពេលណាយើងស្ងាត់ (មិនមានកំលាំងចាំល្បាតមើលការនាំគ្រឿងចក្ររបស់ក្រុមហ៊ុនចូល) គេនាំគ្រឿងចក្រចូល។ ពេលណាយើងចាំការពារ គេធ្វើព្រងើយ (គ្មានសកម្មភាព)។ ក្រុមហ៊ុននេះធ្វើការបែបលបលួច មិនពេញមុខមាត់ឡើយ។»
ស្ថាបនិកអង្គការចលនាមាតាធម្មជាតិលោក អេឡិច ដាវីដសុន។ (រូបថត MONOROOM.info/ O. Vary)
មានទំហំដី២ម៉ឺន៦០០ហិកតា និងការរស់នៅរបស់ជនជាតិ«ជង» ជាង១៥០នាក់ បានអះអាងដោយមានភស្តុតាងច្បាស់លាស់ថា គម្រោងវារីអគ្គីសនីនៅតំបន់អារ៉ែងនោះ អាចផ្ដល់អគ្គីសនីបានយ៉ាងច្រើន១០៨មេហ្គាវ៉ាត់ប៉ុណ្ណោះ។ ប៉ុន្តែបើនិយាយពីផលប៉ះពាល់វិញ ផ្ទៃដីជាង២ម៉ឺនហិចតាត្រូវលិចលង់ ជនជាតិភាគតិចច្រើនជាង៣០០គ្រួសារត្រូវរងគ្រោះ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនទាន់ទទួឡបានការបញ្ជាក់ណាមួយច្បាស់លាស់ ពីខាងមន្រ្តីរដ្ឋាភិបាល ដែលពាក់ព័ន្ធក្នុងរឿងនេះនៅឡើយ។ តែក្នុងដើមឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់បានបញ្ជាក់ថាគម្រោង នៃការសាងសង់ទំនប់វារិអគ្គីសនីអារ៉ែងនេះ អាចនឹងប៉ះពាល់ដល់ឃុំចំនួនបីដូចជាឃុំជំនាប់ ឃុំប្រឡាយ និងមួយភាគនៃឃុំថ្មដូនពៅ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានប្រជាពលរដ្ឋប្រមាណជិត៦០០គ្រួសារ។
ក្នុងពេលកន្លងមកថ្មីៗនេះ មន្រ្តីម្នាក់នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង គ្រោងនឹងចំណាយថវិការក្នុងការសាងសង់ ចំនួនជាងបួនរយលានដុល្លា លើគម្រោមទាំងមូលរូមទាំងហេដ្ឋារចនាសម័ន្ធទូទៅ។ បច្ចុប្បន្នគម្រោងនេះ កំពុងតែសិក្សាដោយក្រុមហ៊ុន ហ៊ីណូហាយដ្រូ នេះ នូវផលប៉ះពាល់នានា ពិសេសធម្មជាតិ ព្រៃឈើ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ មន្រ្តីរូបនោះបន្តថា បច្ចុប្បន្នគម្រោងនេះ មិនទាន់មានការឯកភាព ឬចុះហត្ថលេខាដោយរដ្ឋាភិបាលកម្ពុជានៅឡើយនោះទេ។
ក្រុមការងារនៃស្ទឹងអារ៉ែងនេះ បានលើកឡើងថា ចាប់ពីដើមឆ្នាំ២០១៤ បន្តបន្ទាប់ ក្រុមការងារបានដាក់ញាតិទៅកាន់ក្រសួងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត និងដាក់ទៅទីស្តីការគណរដ្ឋមន្រ្តី រដ្ឋសភាជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែគ្មានចម្លើយតបនោះឡើយ។ កាលពីចុងឆ្នាំ២០១៣ អង្គការសម្ព័ន្ធទន្លេកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រការពារធនធានធម្មជាតិ ដងភ្នំក្រវាញភាគកណ្ដាល ទៅរដ្ឋាភិបាលកម្ពុជាផងដែរ៕
--------------------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៨ មេសា ២០១៤