កម្ពុជា៖ ស្ថាប័នចំនួន៤ មានអំពើពុករលួយ«ខ្លាំងជាងគេ»
ក្នុងឆ្នាំ២០១៣នេះ នៅកម្ពុជាមានស្ថាប័នចំនួនបួន ដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរជាងគេ។ អំពើពុករលួយនៅស្ថាប័នទាំងបួននេះ បាននឹងកំពុងរារាំងប្រជាពលរដ្ឋកម្ពុជា ពីការទទួលបានយុត្តិធម៌ និងសេវាសាធារណៈសមស្រប។
ពិធីធ្វើសន្និសិទ្ធសារពត៌មាន របស់អង្គការតម្លាភាពអន្តរជាតិ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ (រូបថត MONOROOM.info/ U.Bory)
យោងតាមរបាយការណ៍សម្រាប់វាស់វែងអំពើពុករលួយជាសកល របស់អង្គការតម្លាភាពអន្តរជាតិប្រចាំឆ្នាំ២០១៣ ដែលចេញផ្សាយ ក្នុងពិធីធ្វើសន្និសិតសារពត៌មាន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាព្រឹកនេះបានបង្ហាញថា ស្ថាប័នប៉ូលីស ស្ថាប័នតុលាការ មន្រ្តីសាធារណៈ និងគណបក្សនយោបាយ កំពុងប្រឈមនឹងបញ្ហាអំពើពុករលួយធ្ងន់ធ្ងរជាងគេ។ លទ្ធផលនេះ គឺផ្អែកលើការស្ទាបស្ទង់មតិប្រជាពលរដ្ឋកម្ពុជា អំពីបញ្ហាអំពើពុករលួយ។
លោក ព្រាប កុល ជាប្រធានអង្គការតម្លាភាពកម្ពុជាបានថ្លែងនៅក្នុងពិធីនោះថា របាយការណ៍នេះ មានលក្ខណៈវិទ្យាសាស្រ្ត ដែលទទួលបានមកពីការសិក្សាស្រាវជ្រាវរបស់ស្ថាប័នឯករាជ្យ មានឯកទេសក្នុងការស្រាវជ្រាវអំពើពុករលួយ ឈ្នោះ អ៊ីនឌូឆៃណារីស៊ើច(Indo China Research)។
ចំពោះស្ថាប័នទាំងបួនដែលមានករណីអំពើពុករលួយខ្លាំងក្លាជាងគេនេះ លោក ព្រាប កុល បញ្ជាក់ថា៖ «ស្ថាប័នទាំងបួននេះ មានតួនាទីសំខាន់ណាស់ ពីព្រោះវាបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ដូច្នេះការប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាចរបស់ស្ថាប័នទាំងនេះ វានឹងធ្វើឲ្យប្រជាពលរដ្ឋខាតប្រយោជន៍ច្រើន។ លើសពីនេះទៅទៀត វាធ្វើឲ្យប្រជាពលរដ្ឋ ក្លាយទៅជាជនរងគ្រោះពីស្ថាប័ននេះទៅវិញ។» លោកបន្ថែមថា អំពើពុករលួយបានកើតមានឡើង នៅក្នុងវិស័យដ៏ទៃទៀតជាច្រើន ដូចជាក្នុងវិស័យសុខាភិបាល អប់រំ តែស្ថាប័នទាំងបួនខាងលើនេះ មានភាពធ្ងន់ធ្ងរជាងគេ។
ជាការឆ្លើយតបទៅនឹងការចេញផ្សាយរបាយការណ៍នេះ លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មតបថា៖ «អ្វីដែលពួកគេចេញផ្សាយនេះ គឺជានិន្នាការរបស់អង្គការមួយ និងជាការទាក់ទាញឲ្យគេចាប់អារម្មណ៍មកលើអង្គការរបស់ខ្លួនតែប៉ុន្នោះ»។ លោកបន្តថា អ្វីដែលពួកគេលើកឡើង គឺជាកិច្ចការដែលរដ្ឋាភិបាលកំពុងតែធ្វើ និងកំពុងពង្រឹងប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
បើទោះជាអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានបង្កើតច្រើនឆ្នាំហើយក្តី និងបានអនុវត្តដោយចាប់ជនល្មើសបញ្ជូនទៅកាន់តុលាការជាបន្តបន្ទាប់នោះក៏ដោយ ក៏រដ្ឋាភិបាលនៅតែទទួលរងនូវការរិះគន់ដដែល ពីសំណាក់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល បក្សប្រឆាំងនិងម្ចាស់ជំនួយ។ ពួកគេលើកឡើងថា ការប្រឆាំងអំពើពុករលួយដោយស្ថាប័នរបស់រដ្ឋាភិបាល គ្មានប្រសិទ្ធិភាព ខណៈដែលសមាជិករដ្ឋាភិបាល មន្រ្តីមានតំណែងខ្ពស់ៗ ក្នុងជួររាជការ មានប្រាក់បៀវត្យចន្លោះ តែពីមួយលានទៅពីរលានរៀលប៉ុណ្ណោះ ប៉ុន្តែពួកគេមិនមានការស្ទាក់ស្ទើរ ក្នុងការសម្ញែងរថយន្តទំនើបៗ និងផ្ទះវីឡាតម្លៃរាប់សិបម៉ឺនដុល្លារនោះទេ។
កញ្ញា ហេង រចនា ជាសិស្សវិទ្យាល័យច្បារអំពៅ ដែលបានចូលរួមក្នុងពិធីនេះ បានលើកឡើងថា៖ «ប្រសិនបើគ្មានអំពើពុករលួយ សង្គមជាតិនឹងមានការអភិវឌ្ឍន៍បានលឿនជាងនេះ និងទទួលបាននូវភាពយុត្តិធម៌»។ កញ្ញាបន្ថែមថា បើចង់លុបបំបាត់អំពើពុករលួយ គឺត្រូវចាប់បផ្តើមពីខ្លួនយើង និងអ្នកនៅជុំវិញយើង។
លោក រ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលអង្គការតម្លាភាពកម្ពុជា បានមានប្រសាន៍ថា៖ «យើងទទូចសូមឲ្យរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដោះស្រាយអំពើពុករលួយនៅក្នុងស្ថាប័នទាំងបួន ដែលបានបង្ហាញខាងលើដើម្បីពង្រឹងការទទួលបានយុត្តិធម៌ និងសេវាសាធារណៈសមស្របរបស់ប្រជាពលរដ្ឋកម្ពុជា ដោយមិនចាំបាច់មានការសូកប៉ាន់»។
បញ្ហាអំពើពុករលួយ ត្រូវបានគេមើលឃើញថា ជាបញ្ហារសើបនៅក្នុងសង្គមកម្ពុជា ជាពិសេសនៅក្នុងសេវាសាធារណៈរបស់រដ្ឋ។ អំពើពុករលួយនេះ ក៏ជាប្រធានបទយ៉ាងរស់រវើកផងដែរ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីទាក់ទាញអ្នកគាំទ្ររបស់គណបក្សប្រឆាំង៕
----------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ