មូលហេតុ និងផលប៉ះពាល់ នៃអំពើពុករលួយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ បញ្ហាអំពើពុករលួយកើតឡើងស្ទើរគ្រប់ប្រទេស តាមសណ្ឋានតូច និងធំ។ សង្គមមួយ ឬប្រទេសណាមួយ ដែលកើតមាននូវអំពើពុករលួយ រមែងជួបនឹងមានភាពជា«អវិជ្ជមាន» ច្រើន។ រីឯប្រជាពលរដ្ឋនៃសង្គមនោះ ក៏នឹងត្រូវទទួលរងនូវផលប៉ះពាល់ផងដែរទោះតិចឬច្រើនក្តី ក្នុងកាលៈទេសៈណាមួយ ដែលនឹងប្រឈមមុខលើបញ្ហានៃអំពើពុករលួយនេះ។
អ្នកដែលស្អប់អំពើពុករលួយ៖ «នៅកម្ពុជា ទឹកប្រាក់អាចទិញអ្វីបានទាំងអស់»។
ក្នុងរបាយការណ៍វាស់វែងអំពីអំពើពុករលួយជាសកល (GCB) ប្រចាំឆ្នាំ២០១៣ ដែលរៀបចំឡើងដោយអង្គការតម្លាភាព កម្ពុជា (Transparency international) ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារឡឺរ៉យ៉ាល់នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣ បានបង្ហាញថានៅកម្ពុជាមានស្ថាប័នបួនធំៗ ដែលបានប្រព្រឹត្តិអំពើពុករលួយខ្លាំងជាងគេ ក្នុងនោះរួមមាន ស្ថាប័នតុលាការ, ស្ថាប័ននគរបាល, ស្ថាប័នសាធារណៈ និងគណបក្សនយោបាយ។ ដូច្នេះអំពើពុករលួយ ជាមេរោគសកល ដែលបំផ្លាញប្រព័ន្ធ«សុចរិតភាពសង្គម» និងជាហេតុធ្វើឲ្យ«ជម្ងឺសង្គម»ដទៃទៀត បំផ្លាញនូវការអភិវឌ្ឍន៍ជាតិ។
តើអំពើពុករលួយជាអ្វី? តើមូលហេតុអ្វីបានជាកើតមាននូវអំពើពុករលួយទាំងនោះ? កើតមានដោយរបៀបណា? នឹងត្រូវទប់ស្គាត់ដោយពីធីណាខ្លះ។
ជាការឆ្លើយតមទៅនឹងបញ្ហាខាងលើ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានបង្ហាញនូវបញ្ហា និងមូលហេតុមួយចំនូន នៃអំពើពុករលួយដូចខាងក្រោម៖
១-អំពើពុករលួយជាអ្វី?
រូបភាពនៃអំពើពុករលួយ នៃបណ្តាប្រទេសនានានៅលើពិភពលោក មានភាពខុសៗគ្នា ដែលជាហេតុធ្វើឱ្យមានការកំណត់ន័យនៃអំពើពុករលួយ សមស្របដោយអាស្រ័យទៅលើ«ហេតុផល»។ តាមទស្សនៈអង្គការតម្លាភាពអន្តរជាតិ «អំពើពុករលួយ ជាការរំលោភបំពានអំណាច ដែលទទួលបានពីពលរដ្ឋ ដើម្បីផលប្រយោជឯកជន»។ បើតាមទស្សនៈធនាគាពិភពលោក«អំពើពុករលួយ ជាការប្រើប្រាស់មុខ ដំណែងសាធារណៈដើម្បីផលប្រយោជផ្ទាល់ខ្លួន»។
និយមន័យជាទូទៅនៃអំពើពុករលួយ អាចចាត់ទុកថា «មានអំពើពុករលួយ កាលណាធ្វើអ្វីមួយទទួលផលមកវិញមិនសមស្រប ទៅនឹងអំពើដែលបានខ្លួនបានធ្វើ»។
២-ប្រភេទនៃអំពើពុករលួយ?
ដែលអាចចាត់ទុកថាជាអំពើពុករលួយមានប្រាំចំណុចសំខាន់ៗ ដូចជាការស៊ីសំណូក ការគំរាមកំហែងដោយប្រើអំណាច ការកេងបន្លំ ការប្រកាន់នក្ខពួក និងការឧបត្ថម្ភក្រៅផ្លូវការ ដើម្បីទទួលបានការគាំទ្រអ្វីមួយ។ អំពើពុករលួយជាការកត់សម្គាល់មានបីសណ្ឋាន គឺ ពុករលួយ«ដើម្បីរស់» ពុករលួយ«ដើម្បីជាអ្នកមាន» និងពុករលួយ«ដើម្បីសន្សំសុខ»។
៣-មូលហេតុកើតមានអំពើពុករលួយ
មានមូលហេតុជាច្រើន ដែលបង្កឱ្យមានអំពើពុករលួយ ប៉ុន្ដែអ្វីដែលសំខាន់ និងដែលតែងតែជួបប្រទះនោះរួមមានដូចជា អាត្មានិយម និងការកិតខ្លី ដោយមិនបានពិចារណាបានគ្រប់ជ្រុងជ្រោយ។ អំពើពុករលួយច្រើនស្តែងឡើងមានតាមរយៈ សម្ភារៈនិយម (ការឲ្យតម្លៃទៅលើសម្ភារៈជ្រុល) ការលោភលន់។ ការអប់រំខុស និងយល់ឃើញខុស ខ្វះការយល់ដឹង អំពីផលប៉ះពាល់នៃអំពើពុករលួយ។ មានមនុស្សតិចដែលស្អប់អំពើពុករលួយ ឬមនុស្សភាគច្រើនសុខចិត្តអត់ធ្មត់នឹងអំពើពុករលួយ។ ខ្វះការស្រលាញ់កិត្តិយស និងភាពផ្លៃថ្នូរជាមនុស្ស និងការមិនឲ្យតម្លៃលើសុចរិតភាព។បណ្ដាលមកពី ការកើតមាននូវមហិច្ឆិតាដ៏លើសលប់ ការមិនគោរពច្បាប់ជាដើម។
៤-ផលប៉ះនៃអំពើពុករលួយ
ផលប៉ះនៃអំពើពុករលួយបានជះឥទ្ធិពលជាអវិជ្ជមានលើវិស័យនានាជាច្រើន នៅក្នុងសង្គមនៃការអនុវត្តន៍ការងារប្រចាំថ្ងៃរួមមានដូចជា៖ វិស័យអប់រំ គុណភាពនៃការអប់រំមានកំរិតទាប មានការសូកប៉ាន់ និងលួចចំលងយ៉ាងអាណាធិបតេយ្យ។ វិស័យការងារ ដែលបានបង្កើតជាបក្សពួកនិយម ខ្សែរយៈឬបណ្តាញ ហើយផ្តល់ឱកាសការងារមិនស្មើភាពគ្នារវាងអ្នកមាន និងអ្នកក្រ។ វិស័យសុខាភិបាល ក៏បានធ្វើឲ្យគុណភាពនៃសេវាសុខភាពមានកំតិតទាប ឯប្រជាពលរដ្ឋត្រូវបង់ប្រាក់ក្រៅផ្លូវការ…។
វិស័យបរិស្ថាន មានអនុញ្ញាតិឲ្យកាប់ព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ និងបញ្ហាបរិស្ថាននានាត្រូវបានធ្លាក់ចុះ។ វិស័យយុត្តិធម៌ តុលាការ ចៅក្រម និងព្រះរាជអាជ្ញាកាត់សេចក្តី ដោយលំអៀង ដែលជាមូលហេតុធ្វើឲ្យប្រព័ន្ធយុត្តិធម៌ចុះអន់ខ្សោយ។ វិស័យសន្តិសុខ ក៏បានបង្កើតឲ្យមានឧក្រិដ្ឋកម្ម និងអសន្តិសុខសង្គម។ អំពើពុករលួយនៃហេដ្ឋារចនាសម្ព័ន ដែលបណ្តាលឲ្យគុណភាពនៃសំណង់ អាគារ ស្ពាន ផ្លូវ ថ្នល់ មានកំរិតទាប បាក់បែក និងឆាប់ខូចនិងអាចប៉ះពាល់ដល់ជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាដើម។ វិស័យសេដកិច្ច ធ្វើឲ្យការប្រើប្រាស់ប្រាក់ចំណូលជាតិ ដោយមិនសមស្រប។
អ្នកក្រមិនទទួលបានផលចំណេញពីការរីកចំរើនសេដ្ឋកិច្ច បានសមរម្យ។ វិស័យសេវាសាធារណៈ រាល់ការប្រើប្រាស់ធនធាន និងការផ្តល់សេវាសាធារណៈមិនសូវមានប្រសិទ្ធិភាព ឯប្រជាពលរដ្ឋក្រីក្រមិនមានលទ្ធភាពស្មើគ្នា ក្នុងការទទួលបានសេវាទាំងនេះ។
៥-ការទប់ស្កាត់អំពើពុករលួយ
អំពើពុករលួយត្រូវបានទប់ស្កាត់តាមរយៈការពង្រឹងសមត្ថភាព ជំនាញ ចំណេះដឹង និងការយល់ដឹង។ ការប្រើប្រាស់នូវជំនាញច្បាស់លាស់ យល់ដឹងអំពីបញ្ហាសង្គមបានច្រើន និងមានការតាមដានព័ត៌មាន(វិទ្យុ ទូរទស្សន៍ កាសែត ឬតាមការជជែកពិភាគ្សា)។ ស្វែងយល់ពីតួនាទីរាជរដ្ឋាភិបាល ពីវិស័យឯកជន និងសង្គមស៊ីវិល។
មានការបញ្ចេញមតិ និងសម្លេងតាមរយៈសារព័ត៌មាន ឬវេទិការផ្សេងៗ ហ៊ានរាយការអំពីអំពើពុករលួយ ជួយផ្សព្វផ្សាយបន្ត និងចូលរួមបង្កើតកម្មវិធី ឬគម្រោងសម្រាប់សហគមន៍។
ធ្វើការតស៊ូមតិ ដើម្បីតាមដានការអនុម័តច្បាប់ ការអនុវត្តច្បាប់ និងគោលនយោបាយដែលជម្រុញឲ្យមានតម្លាភាព និងគណនេយ្យភាពកាន់តែប្រសើរឡើង។ ចូលបំរើការជា មន្ត្រីត្រូវតែមានមនសិការ ឧត្តមគតិ សុចរិតភាព អព្យាក្រិត្យភាព និងជម្រុញឲ្យមានការកាត់បន្ថយការិយាធិបតេយ្យ។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ