តំណាងរាស្ត្រឱ្យអ្នកតវ៉ានឹងការចាប់ខ្លួន ធ្វើតាមនិតិវិធីតុលាការ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៤ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 15, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈពេលដែលស្រ្តី៧នាក់ ដែលតវ៉ាសុំឱ្យអាជ្ញាធរជួយដោះស្រាយ បញ្ហាទឹកលិចផ្ទះ រួមទាំងព្រះសង្ឃ សកម្មជនដីធ្លី និងគណបក្សប្រឆាំងមួយចំនួនទៀត ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រុមអ្នកតវ៉ា ជាពិសេសអ្នករងគ្រោះពីជម្លោះដីធ្លីបាន ចេញតវ៉ាជាបន្តបន្ទាប់។ នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ក្រុមអ្នកតវ៉ាច្រើនរយនាក់ បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា ដើម្បីដាក់ញត្តិ ឱ្យរដ្ឋសភាជួយដោះស្រាយ និងដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ។
ថ្លែងទៅកាន់អ្នកតវ៉ាទាំងនោះ ដែលមកដាក់ញត្តិនៅមុខរដ្ឋសភាជាតិ នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ លោកស្រី ឡោ ខេង សមាជិកនៃគណៈកម្មាការទី១នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងឡើងថា លោកស្រីចង់ឱ្យប្រជាពលរដ្ឋស្ងប់ចិត្តសិន ហើយទុកពេលឱ្យគណៈកម្មាការទី១នៃរដ្ឋសភា ធ្វើការទៅលើរឿងនេះ។
«តុលាការលោក"នេះ"ហើយ»
លោកស្រីបន្តថា៖ «ទោះបីជាព្រះសង្ឃក៏ដោយ ប្រជាពលរដ្ឋក៏ដោយ ប្រសិនបើតុលាការលោក"នេះ"ហើយ យើងត្រូវធ្វើតាមនិតិវិធីរបស់តុលាការសិន ឥលូវយើងអាចប្តឹងទៅសាលាឧទ្ធរណ៍សិន ហើយរដ្ឋសភានឹងធ្វើតាមនិតិវិធីរបស់រដ្ឋសភា ដើម្បីជួយសម្រុះសម្រួលបងប្អូន»។
រីឯបញ្ហារបស់ប្រជាសហគមន៍បឹងកក់ ដែលកំពុងជួបបញ្ហាលិចទឹក ដោយលូទឹកទឹកស្អុយវិញ ត្រូវបានតំណាងរាស្រ្តរូបនេះបញ្ជាក់ថា រដ្ឋសភាបានប្រជុំសម្រេចរួចរាល់ហើយថា ថ្ងៃណាដែលរដ្ឋសភា នឹងហៅអភិបាលរាជធានីភ្នំពេញ តាមរយៈលោក ស ខេង ដើម្បីប្រមូលបញ្ហាដែលបានកើតឡើង នៅទីក្រុងភ្នំពេញទាំងអស់ យកមកពិភាក្សាគ្នា ដោះស្រាយបញ្ហាឱ្យប្រជាពលរដ្ឋ។
លោក ចាន់ ពុទ្ធិស័ក្ក សកម្មជនដីធ្លីនៅតំបន់បឹងកក់ និងជាអតីតអ្នកជាប់ពន្ធនាគាររឿងទាមទារប្រាក់ខែកម្មករ បានលើកឡើង វាជារឿងមួយដែលមិនសមហេតុផលឡើយ ខណៈដែលប្រជាពលរដ្ឋមកតវ៉ា ឱ្យដោះស្រាយបញ្ហាទឹកលិច ប៉ុន្តែបែរជាត្រូវបានអាជ្ញាធរចាប់ខ្លួនទៅវិញ។ លោកបានអះអាងទៀតថា នេះជាការទទួលខុសត្រូវទាំងស្រុង របស់អាជ្ញាធរសាលារាជធានីភ្នំពេញ។
សូមរំលឹកជូនថា នៅក្នុងព្រឹ្តត្តិការណ៍ចុងក្រោយនេះ ពលរដ្ឋ១៥នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានស្ត្រីសកម្មជនមកពីសហគមន៍បឹងកក់ ព្រះសង្ឃ និងមន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា នោះផង។ ក្រុមពលរដ្ឋនិងព្រះសង្ឃទាំងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងដាក់ពន្ធនាគារក្នុងម្នាក់ៗ/អង្គ ចំនួនមួយឆ្នាំ និងពិន័យជាប្រាក់២លានរៀល ពីបទ«បង្កឧបសគ្គដល់ចរាចរណ៍» និងបទ«រំខានដល់ការងារមន្ត្រីរាជការសាធារណៈ»។
ដោយឡែក លោក មាជ សុវណ្ណារ៉ា ដែលមានតួនាទី ជាប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ត្រូវចាប់ខ្លួន ពីបទផ្ដើមគំនិតឲ្យមានហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្មខុសច្បាប់ នៅក្នុងព្រឹត្តិការណ៍វាយតប់គ្នា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។ មន្ត្រីគណបក្សប្រឆាំងរូបនេះ អាចជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ បើតុលាការរកឃើញថា លោកពិតជាមានទោសមែននោះ៕