បទយកការណ៏៖ រលក​មហាជន​ថ្ងៃ​ទី​១៩​ខែ​កក្កដា ដើម្បី​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា

វត្តមានដ៏ហួសពីការស្មានរបស់ប្រជាពលរដ្ឋ និងអ្នកគាំទ្រលោក សម រង្សី ដែលត្រូវគេប៉ាន់ប្រមាណ ថាមានចំនួន​រាប់សិប​ម៉ឺននាក់ បានបង្កឲ្យមានការចាប់អារម្មណ៍ជាទូទៅមួយ រហូតមានពាក្យនិយាយថា ជាងើបឡើងជាប្រវត្តិសាស្ត្រមួយ របស់​ប្រជាជនកម្ពុជា ក្នុងការទាមទារឲ្យមានការផ្លាសប្ដូរ សម្រាប់អនាគតរបស់ពួកគេ។ ទន្ទឹមនឹងការទទួលស្វាគមន៍​មេដឹកនាំ​គណបក្សប្រឆាំង ដែលទើបនឹងត្រូវបានព្រះមហាក្សត្រលើកលែងទោសនោះ ពួកគេបាននាំគ្នា​ស្រែកហ៊ោរកញ្រៀវ​ដោយ​ភាពមោទនៈ ក្នុងក្ដីសង្ឃឹមថា ពួកគេនឹងឈ្នះឆ្នោតនាពេលខាងមុខ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: July 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ «ប្តូរ! ប្តូរ! ... ខ្មែរឈ្នះ! ខ្មែឈ្នះ! ...» ជាសម្លេងស្រែករបស់អ្នកគាំទ្ររាប់សិបម៉ឺននាក់ ក្នុងពេលវត្តមានត្រឡប់​ចូល​កម្ពុជាវិញ របស់លោកសម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ហើយបានធ្វើដំណើរមកដល់ទីលានប្រជាធិបតេយ្យ​ កាល​ពីវេលាម៉ោងជិត២រសៀល ថ្ងៃទី១៩ ខែកក្កដានេះ។


ពួកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រាប់សិបម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info)

វត្តមានដ៏ហួសពីការស្មានរបស់ប្រជាពលរដ្ឋ និងអ្នកគាំទ្រលោក សម រង្សី ដែលត្រូវគេប៉ាន់ប្រមាណ ថាមានចំនួន​រាប់សិប​ម៉ឺននាក់ បានបង្កឲ្យមានការចាប់អារម្មណ៍ជាទូទៅមួយ រហូតមានពាក្យនិយាយថា ជាងើបឡើងជាប្រវត្តិសាស្ត្រមួយ របស់​ប្រជាជនកម្ពុជា ក្នុងការទាមទារឲ្យមានការផ្លាស់ប្ដូរ សម្រាប់អនាគតរបស់ពួកគេ។ ទន្ទឹមនឹងការទទួលស្វាគមន៍​មេដឹកនាំ​គណបក្សប្រឆាំង ដែលទើបនឹងត្រូវបានព្រះមហាក្សត្រលើកលែងទោសនោះ ពួកគេបាននាំគ្នា​ស្រែកហ៊ោរកញ្រៀវ​ដោយ​ភាពមោទនៈ ក្នុងក្ដីសង្ឃឹមថា ពួកគេនឹងឈ្នះឆ្នោតនាពេលខាងមុខ។

បងប្រុស លី អាង អាយុ៤០ឆ្នាំ ក្នុងសម្លៀកបំពាក់ជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ បានបង្ហាញនូវការពេញចិត្តពេញថ្លើម នូវ​ការ​វិលត្រឡប់ចូលកម្ពុជាវិញ របស់លោក សម រង្សី ថា «ខ្ញុំគាំទ្រគាត់ណាស់ ព្រោះគាត់ពិតជាអ្នកស្នេហាជាតិ​មួយពិត​ប្រាកដ​មែន។ គាត់ហ៊ានប្តូរអ្វីៗទាំងអស់ ដើម្បីតែជាតិ និងពលរដ្ឋ។ ខ្ញុំមកចូលរួមគាំទ្រ ដោយទទួលបានព័ត៌មាន​តាម​វិទ្យុ​ផ្សាយ មិនមានការជម្រុញ ឬបង្ខំពីអ្នកណាម្នាក់ ឬទទួលអ្វីជាថ្នូរឡើយ។»

ជាមួយគ្នានេះដែរអ៊ំស្រី ជា សុខលី អាយុជាង៦០ឆ្នាំ មកពីតំបន់បឹងទំពុនក្នុងរាជធានីភ្នំពេញ ដៃកាន់ទង់គណបក្ស​សង្គ្រោះ​ជាតិ បានបន្ថែមថា អុំស្រីជាជនរងរងគ្រោះម្នាក់ នៅតំបន់បឹងកក់ តាំងពីជាងប្រាំពីរឆ្នាំមកហើយ។ អ៊ំស្រីត្រូវបានគេ​បណ្តេញចេញ ផ្ទះសម្បែងត្រូវបានគេឈូសកំទេចចោល ហើយមកដល់ពេលនេះ នៅពុំទាន់មានដំំណោះស្រាយ​ណាមួយ​ជាក់លាក់នៅឡើយ។ អ៊ំស្រីកំពុងស្នាក់នៅជាមួយកូន ក្នុងពេលសព្វថ្ងៃនេះ ហើយបានប្រកាសថា «ខ្ញុំនឹងបោះឆ្នោត​ឲ្យ​គណបក្សសង្គ្រោះជាតិ ដើម្បីទទួលយកនូវគោលនយោបាយថ្មីទាំងប្រាំពីរចំណុច ដែលខ្ញុំស្រលាញ់។ ប្តូរចាស់យកថ្មី ដើម្បីជិវិតកូនចៅបានថ្លៃថ្លា។»

ចំពោះយុវជន ប្រាក់ សំណាង អាយុ២៥ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ ក្នុងឯកសណ្ឋានអាវពណ៌ខៀវក្រម៉ៅ ដែល​មាន​សញ្ញាលេខប្រាំពីនៅពីមុខ និងខាងក្រោយខ្នង មានសរសេរ «យុវជនស្ម័គ្រចិត្តគណបក្សសង្គ្រោះជាតិ» បានបង្ហាញថា ប្អូនប្រុសមានជំរើសតែមួយគត់ គឺគាំទ្រលោក សម រង្ស៊ី។ ប្អូនបានលើកមកបកស្រាយ នូវបញ្ហាមួយ ដែលប្អូន​ស្អប់ខ្ពើម​ជាទីបំផុតនោះ គឺអំពើពុករលួយ បក្សពួកនិយម។ ប្អូនបាននិយាយថា «ខ្ញុំជានិស្សិតច្បាប់ម្នាក់ បានប្រលង​ចូល​ក្រសួង​រដ្ឋ​មួយ តែជាលទ្ធផលត្រូវបរាជ័យ។ អ្វីដែលឈឺចាប់នោះ ត្រង់ថា អ្នកអង្គុយលេខរៀងលើខ្ញុំមួយលេខ មិនទាំងមក​ប្រលង​សរសេរផង ស្រាប់តែមានឈ្មោះក្នុងបញ្ជី អ្នកដែលត្រូវមកសម្ភាសន៍។ ទីបញ្ចប់ ឈ្មោះនោះ ក៏បានជាប់ក្នុងលំដាប់​លេខ​រៀងទីពីរទៀត។» នេះជាលទ្ធផលដែលចេញ ពីអំពើពុករលួយស៊ីរូងផ្ទៃក្នុង នៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។

ប្អូនប្រុសរូបនេះបន្តរថា អ្វីដែលសំខាន់ជាងនេះ គឺបក្សកាន់អំណាចសព្វថ្ងៃ បានប្រើអំណាចលើសលប់ គ្រប់ទីកន្លែង ថែម​ទាំងរំលោភទៅលើច្បាប់ជាតិទៀត ព្រោះតែការចង់បានមុខមាត់ លុយកាក់ សាច់ញាតិខ្លួនឯងបានសប្បាយ ជាមួយនឹង​សម្ភារៈនិយម ដោយមិនគិតពីសុខទុក្ខរបស់រាស្រ្ត មិនគិតពីភាពហិនហោចនៃសម្បត្តិធម្មជាតិ និងប្រើអំពើព្រៃផ្សៃ​ដោះ​ស្រាយបញ្ហាជូនរាស្រ្ត ដែលរងទុក្ខនូវអំពើដែលខ្លួនឯងជាអ្នកបង្កើតទៅវិញ។

អំពើពុករលួយ អយុត្តិធម៌សង្គម និងបញ្ហាគ្រប់បែយ៉ាង ដែលប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសម្បុក​ឃ្មុំ លោកម៉ម សូណង់ដូ ធ្លាប់បានបរិហារដូចគ្នា និងជារឿយៗ ប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មានវត្តមាន នៅលើឆាកដែលបានត្រៀមទុកជាស្រេច នាទីលានប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ បានចាត់ទុកថ្ងៃនេះ ថាជាថ្ងៃកំណើត នៃលទ្ធិប្រជាធិបតេយ្យ«ពិត»នៅកម្ពុជា។ បុរសចំណាស់រូបនេះ បានប្រកាសថា «ខ្ញុំបានជាប់គុកបីដង​ដោយភាពអយុត្តិធម៌ ដូច្នេះត្រូវតែមានភាពផ្លាស់ប្តូរ។ ខ្ញុំសូមអំពាវនាវសុំឲ្យប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្ស​សង្គ្រោះ​ជាតិ ដើម្បីផ្លាស់ប្តូរនូវរបបគ្រប់គ្រងមួយនេះ។»

នៅមុខនេះបន្តិច លោក សម រង្សី ដែលឈរនៅក្បែរនោះ ក៏បាននិយាយស្វាគមទៅកាន់ប្រជាពលរដ្ឋ និងអ្នកគាំទ្រ​លោក​ទាំងអស់ដែរថា ទោសទណ្ឌ ដែលតុលាការបានកាត់ ឲ្យលោកជាប់ពន្ធនាគារ១២ឆ្នាំនោះ ជាការលាបពណ៌មួយ។ លោក សម រង្ស៊ី បានប្រកាសថា «គេលាបពណ៌ខ្ញុំ ឥឡូវគេលាងពណ៌ខ្ញុំស្អាតហើយ ខ្ញុំលែងប្រលាក់ពណ៌ទៀតហើយ តុលាការ​អយុត្តិធម៌ពូកែលាបពណ៌ណាស់ ពីខ្មៅទៅស ពីសទៅស្មៅ។»

ដើម្បីជាក្ដីសង្ឃឹមទៅដល់ក្រុមអ្នកគាំទ្រ និងធានាដល់ការផ្លាស់ប្ដូ សម្រាប់មាតុប្រទេសរបស់លោកនោះ ប្រធានគណបក្ស​ប្រឆាំងដ៏ល្បីឈ្មោះរូបនេះ បានថ្លែងបញ្ជាក់ជាថ្មីទៀតថា សុំកុំឲ្យមានការព្រួយបារម្មណ៍អ្វីឡើយ ចំពោះសាមគ្គីភាពរវាង​គណបក្សសម រង្សី និងគណបក្សសិទ្ធិមនុស្ស ដែលបានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិនេះឡើងនោះ។ លោកបាន​សន្យាថា ការចាប់ដៃគ្នារវាងរូបលោកផ្ទាល់ និងលោក កឹម សុខា នឹងមិនអាចមាននណាម្នាក់ មកបំបែកបំបាក់បានឡើយ។ «ខ្ញុំមកដល់ហើយបងប្អូន ខ្ញុំមកជាមួយបងប្អូន ខ្ញុំចាប់ដៃបងប្អូន ខ្ញុំកៀកស្មាបងប្អូន ខ្ញុំតស៊ូជាមួយបងប្អូន ដើម្បីសង្គ្រោះ​ជាតិយើង នៅឆ្នាំ២០១៣នេះ» នេះជាសម្ដីរបស់លោក សម រង្ស៊ី។

ចំណែកឯអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានធានាទៅដល់រូបភាពសាមគ្គីភាពនេះ ដោយធ្វើ​ដំណើរទៅហែហមលោក សម រង្សី តាំងពីទីក្រុងបាងកកប្រទេសថៃមកនោះ បានស្រែកជ័យឃោសឲ្យទៅ​ប្រធានរបស់​លោកក្នុងឱកាសនោះដែរ យ៉ាងដូច្នេះថា «ជយោ! ប្រជាពលរដ្ឋខ្មែរ ជយោ!ព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ឯកឧត្តមសម រង្សី»។ លោកបានបន្តរដោយទំនុកចិត្តថា ក្នុងអាណត្តិទីប្រាំនេះ​គណបក្សសង្គ្រោះជាតិ ត្រូវតែឈ្នះជាដាច់ខាត ព្រោះ​ចំនួន​នៃការគាំទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃប្រវត្តិសាស្ត្រនេះ ជាការបញ្ជាក់ពីក្តីសង្ឃឹមរបស់ជាតិខ្មែរទាំងមូល។ អនុប្រធាន​គណបក្សរូបនេះ បានប្រកាសខ្លាំងៗថា «ខ្ញុំជឿថា អំណាចផ្តាច់ការមិន​អាច​បន្តរទៀតនៅកម្ពុជាយើង បានជាដាច់ខាត»៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...