ប្រសូត​បុត្រី​នៅ​លើ​អាកាស កណ្ដាល​មហា​សមុទ្រ​អាត្លង់ទិក

ស្ត្រីជាតិហ្សកដានីមួយរូប អាយុ៣៣ឆ្នាំ បានផ្ដល់កំណើតបានកូនស្រី ខណៈពេលដែលនាងស្ថិតនៅលើយន្ដហោះ ដែល​ហោះ​ភ្ជាប់ប្រទេសហ្សកដានី មកកាន់ទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ សំណាងល្អ នៅលើយន្ដហោះ មាន​គ្រូ​ពេទ្យ​ពីរ​រូប​នៅ​ជិះ​ជា​មួយ​ដែរ។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី២៣​ មករា ២០១៥
  • កែប្រែចុងក្រោយ: January 25, 2015
  • ប្រធានបទ: រំភើប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើ​តាម​អាជ្ញាធរ​គ្រប់​គ្រង​ព្រលាន​យន្ដហោះ​នៃ​ទី​ក្រុង​ញ៉ូយក បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្ដាយ​ជាតិ​ហ្សកដានី បាន​ធ្វើ​ដំណើរ​នៅ​លើ​យន្ដហោះ​ប៊ូអីង (Boeing) របស់​ក្រុមហ៊ុន​ភូមិន្ទ​ហ្សកដានី ដែល​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ RJ261។ នៅ​ពេល​ចុះ​ចត​នៅ​ទីក្រុង​ញ៉ូយក យន្ដហោះ​បាន​បន្ថែម​អ្នក​ដំណើរ​តូច​មួយ​នាក់​ទៀត នោះ​គឺ​កូន​ស្រី​ដែល​ទើប​នឹង​ចាប់​កំណើត​នេះ​ឯង។

អ្នក​នាំ​ពាក្យ​របស់​អាជ្ញាធរ​ព្រលាន​យន្ដហោះ លោក ចូ ផេនតាជេឡូ (Joe Pentangelo) បាន​ថ្លែង​ពន្យល់​ថា ទារិកា​បាន​កើត​នៅ​ថ្ងៃ​អង្គារ រវាង​ពី​ម៉ោង១៧ និង៣០នាទី ម៉ោង​នៅ​ទីក្រុង​ញ៉ូយក ខណៈ​ពេល​ដែល​យន្ដហោះ​កំពុង​ហោះ​រំលង​មហា​សមុទ្រ​អាត្លង់ទិក។ លោក​បាន​និយាយ​ថា៖ «បើ​តាម​អ្វី​ដែល​ជា​របាយ​ការណ៍​របស់​គ្រូ​ពេទ្យ មាន​វត្តមាន​នៅ​លើ​យន្ដហោះ ការ​ប្រសូត្រ​បាន​ដំណើរ​ការ​ទៅ យ៉ាង​ឆាប់​រហ័ស»។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទហ្សកដានីវិញ បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា នៅ​ពេលដែលទទួលដំណឹងថា មានស្ត្រីឈឺពោះចង់ឆ្លងទន្លេ មេបញ្ជាការបើកបរយន្ដហោះ មានបំណងចង់​ធ្វើ​ការចុះចតជាបន្ទាន់ នៅលើកោះមួយនៃប្រទេសកាណដា។ ប៉ុន្តែដំណឹងបានផ្លាស់ប្ដូរជាសេចក្ដី​សប្បាយ​រីក​រាយវិញ បន្ទាប់ពីបានដឹងថា ការប្រសូតបានប្រព្រឹត្តិទៅដោយគ្មានបញ្ហាអ្វី។

ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានដឹងពីការពរពោះរបស់ស្ត្រីវ័យក្មេង ថាទើបតែមានរយៈពេល ៣១សប្ដាហ៍​ប៉ុណ្ណោះ។ ប៉ុន្តែទារិការ ទំនងជាបានប្រសូតចេញមក មុនកាលកំណត់។ សេចក្ដីប្រកាសព័ត៌មានបាន​សរសេរ​ទៀតថា៖ «ការប្រសូតបានធ្វើទៅយ៉ាងរហ័ស ដោយរលូន ព្រោះមានជំនួយ​ពីគ្រូពេទ្យឯកទេសមួយរូប ជំនួយ​ការពេទ្យម្នាក់ទៀត ដែលអ្នកទាំងពីរបានជិះយន្ដហោះជាមួយគ្នាដែរ និង​ជំនួយពីសំណាក់បុគ្គលិកបម្រើការ នៅលើយន្ដហោះ»។

បន្ទាប់ពីហោះហើរ ក្នុងរយៈពេល១១ម៉ោងនិង៣០នាទី យន្ដហោះបានចុះចតនៅព្រលានយន្ដហោះ JFK នៃទីក្រុងញ៉ូយក ហើយទាំងម្ដាយនិងទារិកា ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ។ ដំណឹងចុង​ក្រោយ​បានអះអាងថា អ្នកទាំងពីរ នៅមានសុខភាពល្អជាធម្មតា។ ប៉ុន្តែអ្វីដែលពិបាកនឹងធ្វើការបញ្ជាក់នោះ គឺ​សញ្ជាតិរបស់ទារិកា។ សម្រាប់សហរដ្ឋអាមេរិក គ្រប់ពលរដ្ឋដែលកើតនៅលើទឹកដីខ្លួន នឹងទទួល​បាន​សញ្ជាតិ​អាមេរិកាំង ជាលក្ខណៈស្វ័យប្រវត្តិ។ តែចំពោះទារិកា ដែលកើតនៅលើលំហសមុទ្រអន្តរជាតិ​ម្នាក់​នេះ នៅ​មិន​ទាន់​ដឹង​ថា តើនាងតូចនឹងមានសញ្ជាតិអ្វីនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...