«ឲ្យ​កូន​សុំ​ទោស ម៉ាក់, កូន​បាន​បាញ់​កាំភ្លើង ចំ​ប្អូន​ប្រុស»

កុមារអាយុ៥ឆ្នាំមួយរូប បានរកឃើញកាំភ្លើងមួយដើម នៅក្នុងផ្ទះជីតារបស់ខ្លួន ក្នុងរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក ហើយបានយកមកកាន់បាញ់ ដោយចៃដន្យចំ... ប្អូនប្រុសបង្កើតរបស់វា ដែលគ្នាទើបតែមានអាយុ៩ខែ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៤ មករា ២០១៥
  • កែប្រែចុងក្រោយ: January 25, 2015
  • ប្រធានបទ: ស្លុតចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍​ដ៏​រន្ធត់ បាន​កើត​ឡើង​ទៅ​លើ​គ្រួសារ​មួយ កាល​ពី​ដើម​សប្ដាហ៍​នេះ ក្នុង​ក្រុង អែលម៉ូ (Elmo) ទីក្រុង​ដ៏​តូច​មួយ​ស្ថិត​នៅ​ខាង​ជើង​រដ្ឋ មីស៊ូរី ដែល​បាន​ធ្វើ​ឲ្យ​នាង អេឡិចស៊ីស វៀឌើហូលដ៍ (Alexis Wiederholt) ម្ដាយ​វ័យ​ក្មេង​របស់​គ្រួសារ​នេះ យំ​មិន​ចេញ។ ហេតុការណ៍​នោះ បាន​ចាប់​ផ្ដើម​ដំបូង នៅ​ពេល​ដែល​ម្ដាយ​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​ឮ​សូរ​សម្លេង​ផ្ទុះ​ដ៏​ចម្លែក​មួយ បាន​លាន់​ចេញ​ពី​បន្ទប់​គេង ក្នុង​ផ្ទះ​របស់​ឪពុក​នាង។ រំពេច​នោះ កូន​ច្បង​អាយុ​៥ឆ្នាំ​របស់​នាង បាន​រត់​សំដៅ​មក​រក​ម្ដាយ​ខ្លួន ហើយ​បាន​បន្លឺ​ពាក្យ​ដ៏​តក់​ស្លុត​ថា៖ «ឲ្យ​កូន​សុំ​ទោស ម៉ាក់។ កូន​បាន​បាញ់​កាំភ្លើង ចំ គ័រប៊ិន»។

បន្ទាប់ពីឮប្រយោគដ៏ត្រជាក់ជាងទឹកកក របស់​កូន​ច្បង​ខ្លួន នាង អេឡិចស៊ីស បានរត់ទាំងអស់​ព្រលឹង​ទៅ​មើល​ក្នុងបន្ទប់... នាងបានប្រទះឃើញទារក​អាយុ​៩ខែ​របស់​នាង ដេកស្លាប់ស្ដូកស្ដឹងទៅហើយ។ នាងបាន​ថ្លែងប្រាប់បណ្ដាញទូរទស្សន៍ NBC News ទាំង​ទឹក​ភ្នែក ក្នុង​ពេល​ក្រោយ​មក​ថា៖ «ខ្ញុំបានចូលទៅក្នុង ឃើញ​កូនតូចរបស់ខ្ញុំបាត់បង់ជីវិត នៅ​ទី​នោះ​ក្នុង​ថ្លុក​ឈាម។ ខ្ញុំ​ទើប​នឹង​បី​ពរ​វា ប្រមាណជា៥នាទីមុននេះសោះ។»។

អ្នកម្ដាយវ័យក្មេងរូបនេះ បាននាំកូនរបស់ខ្លួនមកលេងផ្ទះលោក វីលៀម ផ័ធើរ (William Porter) ឪពុក​របស់​នាង ហើយនាងមិនបានដឹងថា ឪពុកនាងមានរក្សាទុកនូវកាំភ្លើងមានគ្រាប់ នៅក្នុងផ្ទះដូច្នេះទេ។ ឬបើទុក​ជា​ដឹងថាមានកាំភ្លើង ​ក៏នាងមិនបានចាប់អារម្មណ៍ថា កាំភ្លើងនេះអាចត្រូវបានកូនរបស់នាងយកមកកាន់លេង យ៉ាងស្រួល​អញ្ចឹងដែរ។

បើតាមអ្នកស៊ើបអង្កេតបានឲ្យដឹងថា កុមារជាកូនច្បងបានរកឃើញកាំភ្លើងរ៉ឺវ៉ុលវ៉ែ របស់ជីតាខ្លួន ហើយ​បាន​បាញ់ទាំងមិនដឹងអី សំដៅប្អូនប្រុសរបស់វាចំកណ្ដាលក្បាល។ រីឯជីតារបស់កុមារ លោក វីលៀម បាន​ពន្យល់​ថា លោកបានរក្សាកាំភ្លើងនេះទុកក្នុងផ្ទះ ក្នុងហេតុផលការពារសុវត្ថិភាព និងដើម្បីទុករៀនបាញ់។ លោក​បាន​អះ​អាង​ទៀតថា លោកបានទុកវានៅក្នុងប្រអប់មួយបិទជិត ជាមួយនឹងកាំភ្លើងបាញ់សត្វផ្សេង​ទៀត។ នគរបាល​នៅ​មិន​ទាន់រកឃើញថា តើកុមារអាចធ្វើយ៉ាងណា ដើម្បីបើកប្រអប់បិទជិតនោះបាន? ​​បើ​​​តាម​លោក វីលៀម បាន​បក​ស្រាយបន្ថែមថា កុមារទំនងជាយកអ្វីមួយមកឆ្កឹះ ទាល់តែប្រអប់នោះ​របើក។

នាយនគរបាលតំបន់ លោក ដារ៉េន វ៉ាយ (Darren White) មិនបានលើកយកករណីរក្សាទុក នូវអាវុធមាន​គ្រាប់នៅក្នុងផ្ទះ មកនិយាយទេ។ ហើយណាមួយ មានអាវុធនៅផ្ទះ មិនមែនជារឿងខុសច្បាប់ទេ នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែលោកនាយបានរំលឹកថា៖ «មនុស្សជាច្រើនដែលបានរក្សាកាំភ្លើងទុកក្នុងផ្ទះ ដើម្បីជាការ​ការពារខ្លួន គួរត្រូវពិចារណាឲ្យបានដិតដល់ឡើងវិញ។ បើមានវត្តមានកុមារនៅក្បែរហើយ មិនត្រូវទុក​កាំភ្លើង​ដែលមានគ្រាន់ នៅកន្លែងតែពាសនោះទេ។»

ក្រុមអ្នកស៊ើបអង្កេត នៅមិនទាន់បានសាកសួរកុមារនៅឡើយ។ បើតាមម្ដាយរបស់កុមារវិញ បានឲ្យដឹងថា កុមារមិនបានដឹងពីអ្វីទៅ ដែលជាការស្លាប់របស់ប្អូនវានោះទេ។ នាងបាននិយាយថា៖ «ឪពុករបស់វា បាន​សាកល្បងនិយាយជាមួយវា តែវានៅមិនយល់អ្វីទាំងអស់»។ ចំពោះមូលហេតុដែលជំរុញឲ្យកុមារ តម្រង់​កាំភ្លើង​បាញ់ប្អូនខ្លួនឯង ក៏នៅមិនទាន់មាននរណាម្នាក់ ពន្យល់ឲ្យច្បាស់ដែរ។ នាង អេឡិចស៊ីស បាន​​និយាយ​ថា៖ «កាយវិការនេះ ទំនងមកពីកុមារចង់ធ្វើតាម រូបភាពក្នុងកម្មវិធីមួយនៅតាមទូរទស្សន៍»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...