ហ្វេសប៊ុក ប្រកាស​ធ្វើ​សង្គ្រាម​ប្រឆាំង​«ព័ត៌មាន​បំផ្លើស»

បណ្ដាសង្គមដែលធំជាងគេ នៅលើពិភពលោក បានប្រកាសថាខ្លួននឹងធ្វើការបោសសម្អាត នូវរាល់អត្ថបទណាក៏ដោយ ដែលមានលក្ខណៈជាការបំផ្លើស និងបោកបន្លំអ្នកប្រើប្រាស់។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 24, 2015
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បណ្ដា​ជន​បាន​និយាយ​ប្រាប់​យើង ថា​ពួក​គេ​មិន​ចង់​ឃើញ​រឿង​រ៉ាវ ដែល​មាន​លក្ខណៈ​បោក​ប្រាស​ទាំង​ស្រុង និង​មាន​លក្ខណៈ​ជា​ការ​បន្លំ​នោះ​ឡើយ» នេះ​ជា​ឃ្លា​មួយ ដែល​មាន​សរសេរ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន។

សេចក្ដី​ប្រកាស​ដដែល​បាន​អះ​អាង​ទៀត​ថា ហ្វេសប៊ុក នឹង​កាត់​បន្ថយ​ការ​ចែក​រំលែក នូវ​រាល់​ការ​ផ្សព្វផ្សាយ​ទាំង​​ឡាយ​ណា ដែល​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន បានរាយការណ៍​ថា​ជា​រឿង​មិន​ពិត ហើយ​ហ្វេសប៊ុក​នឹង​ពង្រឹង​ការ​ជូន​ដំណឹង ទៅ​លើ​ការ​ផ្សព្វផ្សាយ​ទាំង​នោះ ដើម្បី​ប្រាប់​ដល់​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត។

នៅក្នុងចំណោមឧទាហរណ៍មួយចំនួន ដែលហ្វេសប៊ុកបានលើកយកមកបង្ហាញនោះ មានដូចជាសារមាន​លក្ខណៈ​ជា spam (បែបយ៉ាង «សូមចុចនៅលើទីនេះ ដើម្បីទទួលបានផលិតផលកាហ្វេពិសេស សម្រាប់​មួយ​ជីវិត​របស់អ្នក») ឬអត្ថបទផ្សេងទៀត ដែលមានលក្ខណៈជាព័ត៌មានភូតកុហក (បែបយ៉ាង «បុរសម្នាក់​បាន​ឃើញ សត្វដាយណូស៊័រ ខណៈពេលដែលបុរសនេះបានដើរកំសាន្ដ ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក» ឬ​«យន្ដហោះ​ម៉ាឡេស៊ី MH370 ត្រូវបានរកឃើញ ពីម្សិលម៉ិញហើយ ដោយភ្ជាប់ជាមួយរូបថត កាត់តមួយ​សន្លឹក​ផង» )។

សារឬអត្ថបទបែបនេះ តែងទទួលបានការចែករំលែក ឬការបញ្ចេញយោបល់ជាច្រើនលើសលប់ ព្រោះជា​ចម្ងល់នឹងរឿងប្លែកៗ ឬរឿងដែលមានលក្ខណៈជាអាថ៌កំបាំង ថា«មែនឬមិនមែន»ជាដើម។ ប៉ុន្តែនៅពេល​បន្ដិចក្រោយមក អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ បានលប់ចោលការផ្សព្វផ្សាយ ឬការចែករំលែក​នេះ​ទៅវិញ ដោយហេតុថា ពួកគេត្រូវបានបោកប្រាស់ ពីក្រុមមនុស្សដែលចង់បានលាភសង្ការៈ ហើយនៅពី​ក្រោយ​ព័ត៌មានបោកបញ្ឆោតទាំងនេះ។

ដើម្បីកាត់បន្ថយព័ត៌មានបោកប្រាស នៅលើបណ្ដាញរបស់ខ្លួន ហ្វេសប៊ុកបានប្រើប្រាស់វិធីពីរសមញ្ញៗ៖ «ការ​រាយការណ៍ពីអ្នកប្រើប្រាស់ មានចំនួនកាន់តែច្រើន ការផ្សព្វផ្សាយនោះ នឹងត្រូវបានមើល​ឃើញកាត់​តែ​តិច​ទៅៗ នៅលើបច្ចុប្បន្នភាពនៃទំព័រដើមរបស់ហ្វេសប៊ុក» ហើយ«បើការរាយការណ៍ជាច្រើន បានមក​ដល់​ចំនួន​កំណត់​មួយ​ នោះម្ចាស់ដើមដែលបានបង្កើវាឡើង នឹងចាំបាច់ត្រូវតែ​លប់ការផ្សព្វផ្សាយ​នេះ​ចោល»។

សេចក្ដីប្រកាសរបស់ ហ្វេសប៊ុក បានសរសេរទៀតថា៖ «យើងនឹងមិនលប់អត្ថបទ ឬសារ ដែលត្រូវបាន​រាយការណ៍ថាកុហកនោះ ចេញចោលពីបណ្ដាញរបស់យើងទេ ហើយយើងក៏មិនធ្វើការត្រួតពិនិត្យទៅលើ ទិដ្ឋភាពរបស់អត្ថបទ ឬសារ ដើម្បីស្វែងយល់ពីភាពពិតប្រាកដរបស់វា ឬយ៉ាងណានោះឡើយ»។ ប៉ុន្តែ​ផ្ទុយ​មកវិញ សារឬអត្ថបទដែលមានលក្ខណៈ ជាការលេងសើចសប្បាយ ឬចំអក ដែលមានលក្ខណៈជា​ការ​បញ្ចេញ​មតិ នឹងមិនរងផលប៉ះពាល់ ពី​យុទ្ធនាការ​ថ្មីរបស់ហ្វេសប៊ុកនេះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...