ព័ត៌មានគ្រាប់បែក បានបង្ខំឲ្យយន្ដហោះពីរចុះចតជាបន្ទាន់
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៥ មករា ២០១៥
- កែប្រែចុងក្រោយ: January 25, 2015
- ប្រធានបទ: ភេវរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះចម្បាំងធុញប្រដេញជាច្រើនគ្រឿង របស់បញ្ជាការដ្ឋានការពារអាកាស នៃតំបន់អាមេរិកខាងជើង (NORAD) បានហោះទៅអមយន្ដហោះដឹកអ្នកដំណើរទាំងពីរគ្រឿង កាលពីរសៀលថ្ងៃសៅរ៍ម្សិលម៉ិញ និងបានបង្ខំឲ្យធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះអន្តរជាតិ នៃទីក្រុងអាត្លង់តា បន្ទាប់ពីការគម្រាមមួយអាចយកជាការបាន ត្រូវបានបង្ហោះផ្សាយនៅលើបណ្ដាញសង្គមទ្វីសធើរ ស្ដីពីវត្តមានគ្រាប់បែកនៅក្នុងយន្ដហោះ។
យន្ដហោះទាំងពីរគ្រឿង ដែលភ្ជាប់ជើងហោះហើរក្នុងស្រុក បានចុះចតដោយសុវត្ថិភាព នៅព្រលានយន្ដហោះអន្តរជាតិ ហាតហ្វៀល ចាក់សុន នៃទីក្រុងអាត្លង់តា ភាគខាងកើតសហរដ្ឋអាមេរិក។ យន្ដហោះទីមួយ នៃជើងហោះហើរលេខ ១១៥៦ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលតា (Delta) ហោះចេញពីក្រុង ផ័រឡេន (Portland) នៅក្នុងរដ្ឋ អូរ៉េហ្គន (Oregon) និងយន្ដហោះទីពីរ នៃជើងហោះហើរលេខ ២៤៩២ របស់ក្រុមហ៊ុនអាកាសចរណ៍ សោធវ៉េស (Southwest) ហោះចេញពីក្រុង ម៉ៃវ៉ូគេ (Milwaukee) នៅក្នុងរដ្ឋ វីស្កុនស៊ីន (Wisconsin)។
អ្នកដំណើរនៅក្នុងយន្ដហោះទាំងពីរត្រូវបានជម្លៀសខ្លួនចេញ ហើយក្រុមភ្នាក់ងារឯកទេស ខាងរាវរកមីន និងជាតិផ្ទុះ ដោយមានជំនួយពីឆ្កែផង បានធ្វើការងារត្រួតពិនិត្យរបស់ខ្លួន នៅគ្រប់កន្លុកកន្លៀតទាំងអស់ នៃយន្ដហោះ។
ក្រុមហ៊ុនអាកាសចរណ៍ សោធវ៉េស បានចេញសេចក្ដីប្រកាសព័ត៌មាន នៅរសៀលថ្ងៃដដែលថា៖ «ក្នុងមូលហេតុនៃបញ្ហាទាក់ទងនឹងសុវត្ថិភាព យន្ដហោះនៃជើងហោះហើរ ២៤៩២ ត្រូវបាននាំទៅកាន់ទីកន្លែងមួយ ដែលទាំងអតិថិជន និងយន្ដហោះនឹងត្រូវបានត្រួតពិនិត្យយ៉ាងម្មត់ចត់។ អាទិភាពរបស់យើង គឺសុខសុវត្ថិភាពរបស់អ្នកដំណើរ និងបណ្ដាជនទាំងឡាយ។ យើងមិនអាចធ្វើអត្ថាធិប្បាយអ្វីបន្ថែមបានឡើយ ដោយយោងទៅលើចរិកនៃព្រឹត្តិការណ៍នេះ។»
លុះមកដល់យប់ ថ្ងៃសៅរ៍ដដែល សារព័ត៌មាន New York Times បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យ ឲ្យការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់អាមេរិក ហៅកាត់ថា FBI មករាយការណ៍ថា ក្នុងអំឡុងពេលរុករកនេះ គ្មានគ្រាប់បែកណាមួយ ត្រូវបានគេរកឃើញ នៅក្នុងយន្ដហោះទាំងពីរទេ៕