ហេតុអ្វី​យន្ដហោះ​ប៊ូអីង​បាត់​ខ្លួន ​ហោះ​ទៅ​ធ្លាក់​នៅ​ជិត​កោះ​អូស្ត្រាលី?

ប្រសិនបើវត្ថុ ដែលផ្កាយរណបអូស្ត្រាលីទើបនឹងរកឃើញទាំងនេះ អាចជាបំណែករបស់យន្ដហោះប៊ូអីង ៧៧៧ នៃ​ជើងហោះហើរ (MH370) នោះ មានសំណួរជាច្រើន ដែលចោទសួរឡើងថា ហេតុអ្វីបានជាយន្ដហោះ​ បានហោះ​ទៅ​ដល់លំហសមុទ្រ ជាប់នឹងប្រទេសអូស្ត្រាលី? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកការពន្យល់របស់អ្នកជំនាញ​មួយចំនួន ដែលប្រព័ន្ធផ្សព្វផ្សាយនៅអ៊ឺរ៉ុប ចេញផ្សាយយ៉ាងព្រោងព្រាត នៅថ្ងៃនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើវត្ថុ ដែលផ្កាយរណបអូស្ត្រាលីទើបនឹងរកឃើញទាំងនេះ អាចជាបំណែករបស់យន្ដហោះប៊ូអីង ៧៧៧ នៃ​ជើងហោះហើរ (MH370) នោះ មានសំណួរជាច្រើន ដែលចោទសួរឡើងថា ហេតុអ្វីបានជាយន្ដហោះ​ បានហោះ​ទៅ​ដល់លំហសមុទ្រ ជាប់នឹងប្រទេសអូស្ត្រាលី? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកការពន្យល់របស់អ្នកជំនាញ​មួយចំនួន ដែលប្រព័ន្ធផ្សព្វផ្សាយនៅអ៊ឺរ៉ុប ចេញផ្សាយយ៉ាងព្រោងព្រាត នៅថ្ងៃនេះ។


ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ។ (រូបថត Reuters)

បាត់យន្ដហោះ - របកគំឃើញថ្មីបានបន្ថែមខ្លួន ទៅក្នុងការរុករកយន្ដហោះប៊ូអ៊ីង ៧៧៧ ដែលបានបាត់ខ្លួន​ តាំងពី​ជាង១២ថ្ងៃមកហើយ។ យន្ដហោះនៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែលបានភ្ជាប់​រដ្ឋធានី​ កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅរដ្ឋធានីប៉េកាំងប្រទេសចិន។ របកគំហើញនេះត្រូវបានប្រកាស​ដោយ​នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី ថាផ្កាយរណបរបស់ប្រទេសលោក បានថតឆ្លុះឃើញមានវត្ថុសង្ស័យពីរយ៉ាង​សំខាន់ នៅលើលំហមហាសមុទ្រឥណ្ឌាដែលមានចម្ងាយពីឆ្នេររបស់ខ្លួន ប្រមាណជា២៥០០គីឡូម៉ែត្រ។

របបគំហើញនេះ ត្រូវបានវាយតម្លៃពីអ្នកស៊ើបអង្កេត នៃភាគីពាក់ព័ន្ធ ក្នុងនោះមានប្រទេសម៉ាឡេស៊ី និងប្រទេស​ចិន​ផង ថាអាចទទួលយកបាន និងគួរឲ្យទុកចិត្ត។ ប្រសិនបើវត្ថុ ដែលត្រូវបានឆ្លុះមើលឃើញទាំងនោះ ជាបំណែកពិត​ប្រាកដ នៃយន្ដហោះប៊ូអ៊ីងនោះ វាអាចជាចំងល់របស់អ្នកផងចោទសួរថា ហេតុអ្វីក៏យន្ដហោះដែលបាត់ខ្លួន​នៅឈូង​សមុទ្រថៃ បែរជាទៅធ្លាក់ខ្លួននៅទីនោះ?

តើវត្ថុនោះ រកឃើញនៅឯណា?

បើតាមរូបភាពដែលផ្ដល់ដោយប្រព័ន្ធផ្កាយរណបអូស្ត្រាលី វត្ថុទាំងនោះស្ថិតនៅទីយ៉ាងកណ្ដោចកណ្ដែងមួយ នៅ​ផ្នែកខាងត្បូងនៃលំហមហាសមុទ្រឥណ្ឌា មានចំងាយ២៥០០គីឡូម៉ែត្រ ពីឆ្នេរនៃប្រទេសអូស្ត្រាលី។

បើតាមបណ្ដាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន ដោយបានស្រង់សម្ដីអ្នកវិទ្យាសាស្ត្រ មកផ្សាយថា ទីនោះជាតំបន់​ដែលមាន​«មហាទឹកគួច» ហើយបានជាប់ឈ្មោះជាតំបន់ទឹកគួចដ៏ធំមួយ ក្នុងចំណោមតំបន់ទឹកគួចទាំងប្រាំ ក្នុង​ពិភពលោក។  គេកម្រនឹងឃើញ ការបម្លាស់ប្ដូរទីរបស់វានាចរណ៍ត្រូវបានធ្វើកាត់តាមទីនោះណាស់ ហើយក៏មិនសូវជាមាន​របស់​របរកាកសំណល់ ត្រូវបានគេប្រទះឃើញនៅទីនោះ ដែលខុសពីឈ្មោះដែលក្រុមអ្នកនាវាចរណ៍ បានហៅទីនោះថា​ជា«កោះសម្រាម»នោះដែរ។

ហេតុអ្វីបានជាវត្ថុដែលថតឃើញដោយផ្កាយរណប ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស៊ើបអង្កេត?

នៅក្នុងចំណោមវត្ថុទាំងពីរដែលបានថតជាប់នោះ មានវត្ថុមួយមានប្រវែងរហូតដល់ទៅ២៤ម៉ែត្រ ដែល​ប្រហាក់​ប្រហែលនឹងស្លាបមួយរបស់យន្ដហោះ ដែលមានប្រវែង២៧ម៉ែត្រ។ វត្ថុមួយទៀតមានលក្ខណៈតូចជាង តែប្រវែង​របស់វាមិនត្រូវបានបញ្ជាក់នោះទេ។

អ្នកទទួលខុសត្រូវអូស្ត្រាលីមួយរូប លោក ចន យ៉ាំង (John Young) បានពន្យល់ថា វត្ថុទាំងនេះត្រូវបានមើល​ដោយ​ផ្កាយរណប ថាបាននៅក្រោមទឹកនិងបានអណ្ដែតឡើងមកលើ ប៉ុន្តែវាស្ថិតក្នុងភាពសង្ស័យនៅឡើយ នៅពេល​ដែល​គេមិនទាន់បានធ្វើការវិភាគដោយផ្ទាល់ទៅលើវត្ថុទាំងនោះ។ នាវារបស់ប្រទេសណ័រវេសមួយគ្រឿង បានទៅដល់​ទីនោះនៅវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ទី២០ ខែមីនានេះ ខណៈយន្ដហោះយោធាអូស្ត្រាលីមួយគ្រឿងទៀត ក៏ត្រូវបាន​ធ្វើ​ដំណើរចេញទៅធ្វើការរុករក និងបីគ្រឿងទៀតនឹងធ្វើដំណើរទៅតាមក្រោយនោះដែរ។

ហេតុអ្វីក៏យន្ដហោះបែរជាត្រូវបានរកឃើញ នៅឆ្ងាយយ៉ាងនេះ ពីកន្លែងចេញដំណើរដំបូងរបស់វា?

អ្នកជំនាញខាងផ្នែកអាកាសចរណ៍មួយរូប បានថ្លែងបញ្ជាក់ថា មិនមានអ្វីគួរឲ្យភ្ជាក់ផ្អើលខ្លាំងនោះទេ។ អ្នកជំនាញ​រូប​នោះ បានពន្យល់ថា «យន្ដហោះអាចនឹងត្រូវបានចរន្ដទឹកសមុទ្រទាញយកទៅ ហើយអាចអណ្ដែតបានរយៈចំងាយ រហូតដល់ ២០០០គីឡូម៉ែត្រ ក្នុងយៈពេល១៣ថ្ងៃ»។

តើយើងអាចរកឃើញ ពីទីកន្លែងដែលយន្ដហោះ បានធ្លាក់ពិតប្រាកដ ដែរឬទេ?

ប្រាកដជាអាច។ អ្នកជំនាញដដែលបានពន្យល់ទៀតថា «បើគេគណនាពីល្បឿនចរន្ដទឹក ទិសដៅនៃចរន្ដទឹកសមុទ្រ និងទំងន់របស់យន្ដហោះ គេនឹងអាចដឹងពីទីកន្លែងដើម ដែលយន្ដហោះធ្លាក់។ ពីទីកន្លែងនេះ យើងក៏នឹងអាចដឹង​ពី​មូលហេតុ ដែលយន្ដហោះធ្លាក់នេះដែរ។» គួរបញ្ជាក់ដែរថា បើតួយន្ដហោះត្រូវបានរកឃើញនោះ ប្រអប់ខ្មៅ​ក៏​ត្រូវ​គេ​ត្រូវយកមកស្រាវជ្រាវវិភាគដែរ ដែលធ្វើឲ្យគេនឹងអាចយល់កាន់តែច្បាស់ អំពីមូលហេតុយន្ដហោះធ្លាក់។

តើអ្វីទៅដែលអាចចាត់ទុកថា ជាមូលហេតុធំបំផុតដែលឈានទៅដល់គ្រោះថ្នាក់នេះ ?

អ្នកជំនាញម្នាក់ទៀត ដែលមានជំនាញខាងសុវត្ថិភាពយន្ដហោះ បានបញ្ជាក់ថា នេះជាការចាប់ពង្រត់​មិនជោគជ័យ​មួយ។ «បើគិតមើលពីវិលត្រឡប់ក្រោយវិញរបស់យន្ដហោះ គេអាចយល់ថាយន្ដហោះ ត្រូវបានបញ្ជាឲ្យវិល​ទៅ​រដ្ឋធានីកូឡាឡំពួរវិញ។ ប៉ុន្តែទំនងជាមានរឿងអ្វីមួយ បានកើតឡើងនៅក្នុងបន្ទប់បើកបរ ដែលធ្វើឲ្យអ្នកចេះ​កាន់​ចង្កូត ទាំងអ្នកចាប់ពង្រត់ និងអ្នកបើកបរ ស្លាប់អស់ បន្សល់ទុកឲ្យយន្ដហោះ ហោះតែលតោលគ្មានទិសដៅ។ នេះ​បើយើងពិនិត្យទៅមើលចំណុច ដែលស្រាវជ្រាវឃើញចុងក្រោយបំផុត។»

ប៉ុន្តែអ្នកជំនាញម្នាក់មុន បានគិតផ្ទុយមកវិញថា អាចមានអគ្គិភ័យ ឬការផ្ទុុះយន្ដហោះ។ លោកបានបកស្រាយថា បើ​បន្ទប់អេឡិចត្រូនិកត្រូវបានឆេះ វាប្រាកដហើយដែលប្រព័ន្ធទំនាក់ទំនងមកផែនដី ត្រូវបានកាត់ផ្ដាច់។ យន្ដហោះ លែងអាចបញ្ជាបាន ហើយអ្នកបើកបរអាចនឹងបាត់បងភាពម្ចាស់ការ មិនដឹងត្រូវធ្វើដូចម្ដេច នៅក្នុងបន្ទប់​បើកបរ​របស់ខ្លួន។ «សម្រាប់ខ្ញុំ ការសង្ស័យដែលថា យន្ដហោះត្រូវបានចាប់ពង្រត់ វាហាក់ដូចជាចៃដន្យ​ជ្រុល​បន្តិច»៕

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២០ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...