ផ្កាយរណបអូស្ត្រាលី រកឃើញ«វត្ថុពីរ» ទំនងជារបស់យន្ដហោះបាត់ខ្លួន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ថាផ្កាយរណបរបស់ប្រទេសអូស្ត្រាលី បានឆ្លុះឃើញវត្ថុសំខាន់ពីរ ដែលទំនងជាមានការជាប់ទាក់ទងនឹង យន្ដហោះប៊ូអីង ៧៧៧ នៃជើងហោះហើរ MH370 ដែលបានបាត់ខ្លួនតាំងពី១២ថ្ងៃមកហើយ។
រូបភាពបង្ហាញពីប្រព័ន្ធផ្ដាយរណប ដែលថតរូបពីលើអាកាស។ (រូបថត ឯកសារ)
បាត់យន្ដហោះ - លោក តូនី អាប៊ុត (Tony Abbott) នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានថ្លែងនៅពីមុខរដ្ឋសភាថា អាជ្ញាធរផ្នែកសុវត្ថិភាពនាវាចរណ៍ (AMSA) បានទទួលដំណឹងថ្មី និងគួរឲ្យជឿជាក់បាន ដោយយោងទៅលើទិន្នន័យ ផ្ដល់ដោយប្រព័ន្ធផ្កាយរណបរបស់ប្រទេស ថាវត្ថុទាំងនេះអាចនឹងជាប់ទាក់ទងទៅនឹងការរុករកយន្ដហោះ ដែលដឹកមនុស្ស២៣៩នាក់ ចេញពីរដ្ឋធានីកូឡាឡំពួរ ទៅកាន់រដ្ឋធានីប៉េកាំង។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «បន្ទាប់ពីបានសិក្សាវិភាគ ទៅលើរូបភាពនៃប្រព័ន្ធផ្កាយរណបនោះរួច វត្ថុទាំងពីរ ដែលទំនងជាជាប់ទាក់ទងនឹងការរុករកយន្ដហោះនោះ ត្រូវបានកំណត់អត្តសញ្ញាណ»។
យន្ដហោះមួយគ្រឿង ត្រូវបានបញ្ជូនឲ្យធ្វើដំណើរទៅកាន់តំបន់នោះភ្លាម ដើម្បីអង្កេតមើលឲ្យច្បាស់ ពីវត្ថុដែលទើបនឹងរកឃើញនេះ ខណៈយន្ដហោះចំនួនបីគ្រឿងទៀត នឹងបញ្ជូនទៅតាមក្រោយ។ លោកនាយករដ្ឋមន្ត្រី មិនបានលំអិតឲ្យបានច្បាស់ ពីទីកន្លែងដែលវត្ថុទាំងនោះ ស្ថិតនៅនោះទេ ប៉ុន្តែកន្លងមកប្រទេសអូស្ត្រាលី បាននាំមុខក្នុងស្វែងរកយន្ដហោះទាំងនេះ នៅក្នុងផ្នែកខាងត្បូងនៃមហាសមុទ្រឥណ្ឌា។
អាជ្ញាធរផ្នែកសុវត្ថិភាពនាវាចរណ៍ នៃប្រទេសអូស្ត្រាលី នឹងត្រូវធ្វើសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២០ ខែមីនានេះ នៅរដ្ឋធានី កង់ប៊េរ៉ា (Canberra) ដើម្បីបញ្ជាក់បន្ថែមពីការរកឃើញនេះ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានអះអាងថា លោកបានជូនដំណឹងទៅអាជ្ញាធរនៃប្រទេសម៉ាឡេស៊ីរួចហើយ ពីអ្វីដែលទើបនឹងរកឃើញនេះ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកវិញ ជាមួយអត្ថបទរបស់ខ្លួន នៅពេលមានព័ត៌មានបន្ថែម៕
------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២០ មីនា ២០១៤