ភ្នាក់ងារ FBI ពិនិត្យកំព្យូទ័ររបស់មេបញ្ជាការបើកបរយន្ដហោះបាត់ខ្លួន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី បានស្នើសុំជំនួយពីសំណាក់អេហ្វប៊ីអាយ (FBI) ដើម្បីធ្វើការពិនិត្យវិភាគ ទៅលើទិន្នន័យក្នុងកំព្យូទ័រ ដែលត្រូវបានរៀបផ្គុំឡើង ជាឧបករណ៍ហ្វឹកហាត់បើកបរ របស់មេបញ្ជាការកាន់ចង្កូតយន្ដហោះ ប៊ូអ៊ីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីជាង១០ថ្ងៃមកហើយ។
ឧបករណ៍ហ្វឹកហាត់របស់ លោក ហ្សាហារី អាមេដ សាដ៍ មេបញ្ជាការបើកបរយន្ដហោះ។ (រូបថត ហ្វេសប៊ុក)
បាត់យន្ដហោះ - មន្ត្រីអ្នកទទួលខុសត្រូវមួយរូបរបស់អាមេរិក ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ឲ្យដឹង នៅថ្ងៃពុធទី១៩ ខែមីនានេះថា រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី បានស្នើសុំឲ្យភ្នាក់ងារ នៃការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់អាមេរិក ហៅកាត់ថា អេហ្វប៊ីអាយ ធ្វើការពិនិត្យអង្កេត ទៅលើសំនុំឯកសារព័ត៌មាន ដែលត្រូវបានលប់ចេញពីអង្គផ្ទុកក្នុងកំព្យូទ័រ ដែលផ្គុំរៀបចំធ្វើជាឧបករណ៍ហ្វឹកហាត់បើកបរ របស់លោក ហ្សាហារី អាមេដ សាដ៍ (Zaharie Ah-mad Shad) មេបញ្ជាការបើកបរយន្ដហោះប៊ូអីង។
អាជ្ញាធរម៉ាឡេស៊ី សង្ឃឹមថាអ្នកជំនាញអាមេរិក នឹងអាចរកឃើញត្រឡប់មកវិញ នូវទិន្នន័យដែលត្រូវបានលប់ចោលទាំងនោះ ដើម្បីដឹងថាជាអ្វីឲ្យពិតប្រាកដ។
ឧបករណ៍ហ្វឹកហាត់របស់ លោក ហ្សាហារី អាមេដ សាដ៍ មេបញ្ជាការបើកបរយន្ដហោះ ជាប្រព័ន្ធកំព្យូទ័រមួយដែលលោក បានតម្លើងវានៅក្នុងផ្ទះរបស់លោក ដើម្បីធ្វើការសាកល្បងការហោះហើរនានា ជាពិសេសការហោះហើរដែលអ្នកស៊ើបអង្កេតរកឃើញថា លោកបានហ្វឹកហាត់សាកល្បងចុះចតយន្ដហោះប្រភេទប៊ូអ៊ីង ៧៧៧ នេះ នៅលើចម្ងាយផ្លូវតែ១០០០ម៉ែត្រ ជៀសជាងចម្ងាយផ្លូវចុះចត ដែលត្រូវធ្វើជាធម្មតា រហូតដល់១៥០០ម៉ែត្រយ៉ាងតិច។ នៅក្នុងកំព្យូទ័រនោះ ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី បានរកឃើញទៀតថា ផ្នែកមួយនៃទិន្នន័យនៅក្នុងអង្គផ្ទុក ត្រូវបានលប់ចេញកាលពីដើមខែកុម្ភះ។
លោក ហ្សាហារី អាមេដ សាដ៍ អាយុ៥៣ឆ្នាំ បានបញ្ជាបើកយន្ដហោះនេះ ចេញពីរដ្ឋធានីកូឡាឡំពួរ តែបានបាត់ខ្លួនពីកញ្ចាក់ប្រព័ន្ធចាប់រលកអាកាស ហើយត្រូវបានអ្នកស៊ើបអង្កេតរកឃើញថា យន្ដហោះត្រូវបានប្ដូរទិស ជាមួយនឹងបំណងដ៏ច្បាស់លាស់មួយ ចេញពីផ្លូវដើមរបស់វា។
កាលពីព្រឹកថ្ងៃពុធដដែល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក អេរិក ហូដ័រ បានថ្លែងឡើងថា «សហរដ្ឋអាមេរិក បានផ្ដល់នូវគ្រប់មធ្យោបាយ ដែលខ្លួនមាន ទៅអាជ្ញាធរម៉ាឡេស៊ី ប៉ុន្តែនៅពេលនេះ ខ្ញុំមិនទាន់ជឿជាក់ថា យើងអាចលើកបង្ហាញ ពីសេចក្ដីសន្និដ្ឋានអ្វីមួយបានទេ»។
លោកបានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន ថាមានពិតមែន ពីទំនាក់ទំនងរវាងអេហ្វប៊ីអាយ និងអ្នកស៊ើបអង្កេតម៉ាឡេស៊ី។ លោកបានពន្យល់ទៀតថា «យើងកំពុងតែចង់រកឲ្យឃើញ ថាតើមានរឿងហេតុអ្វី។ យើងបានជជែកគ្នា នៅលើអ្វីមួយដែលយើងអាចជួយបាន ហើយយើងក៏បានផ្ដល់នូវលទ្ធភាព និងអ្នកជំនាញរបស់យើង។»
រីឯអ្នកនាំពាក្យសេតវិមាន លោក ជេ កាណី (Jay Carney) ឯណោះវិញ បានលើកឡើង ពី«ទំនាក់ទំនងល្អនៃកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរម៉ាឡេស៊ី ដែលបាននឹងកំពុងបាញ់ឆ្ពោះទិសដៅរបស់ខ្លួន ក្នុងការស៊ើបអង្កេត និងការរុករកយន្ដហោះបាត់ខ្លួន»។
លោក កាណី បានបន្ថែមឲ្យដឹងទៀតថា មន្ទីរប៉ង់តាហ្គោន ការិយាល័យសុវត្តិភាពអាកាសចរណ៍ (FAA) និងសុវត្តិភាពដឹកជញ្ជូន ព្រមទាំងអេហ្វប៊ីអាយផង បានផ្ដល់ជំនួយការរបស់ខ្លួន ទៅតាមលទ្ធភាព និងទៅតាមការស្នើសុំរបស់អាជ្ញាធរម៉ាឡេស៊ី៕
------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៩ មីនា ២០១៤