MH370៖ ការរុករកនឹងបញ្ចប់ជាថ្មី នៅចុងខែឧសភានេះ
- ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 24, 2018
- ប្រធានបទ: បាត់យន្ដហោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមទំនងមើលទៅ... អាថ៌កំបាំងនៃការបាត់ខ្លួន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ របស់យន្ដហោះ ប៊ូអីង (Boeing 777) ដែលមានជើងហោះហើរ លេខ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) អាចនឹងបន្តកើតមាន វែងឆ្ងាយទៅមុខទៀត។ ហើយក្ដីសង្ឃឹម នៃក្រុមគ្រួសារជនរងគ្រោះ ទាំង២៣៩នាក់ នឹងត្រូវរួញតូច ជាថ្មីទៀត។
ក្ដីសង្ឃឹមរួញតូច ព្រោះរដ្ឋមន្ត្រីគមនាគមថ្មី នៃប្រទេសម៉ាឡេស៊ី ទើបនឹងប្រកាសក្នុងថ្ងៃពុធនេះ ថា ការរុករុកជាថ្មី ធ្វើឡើងដោយក្រុមហ៊ុន «Ocean Infinity» នឹងត្រូវបិទបញ្ចប់ នៅចុងខែឧសភាខាងមុខ។
លោករដ្ឋមន្ត្រី «Anthony Loke» ដែលទើបចូលកាន់តំណែង កាលពីថ្ងៃទី៩ ខែឧសភា បានអះអាងទៅកាន់ក្រុមអ្នកយកព័ត៌មានថា បើតាមការព្រមព្រៀង ជាមួយក្រុមហ៊ុនខាងលើ ការរុករកយន្ដហោះបាត់ខ្លួន ជាលើកទីពីរនេះ ត្រូវបិទបញ្ចប់ តាំងពីចុងខែមេសាមកម្លេះ តែក្រុមហ៊ុន នៅតែបន្តធ្វើ មកក្នុងខែឧសភានេះទៀត។ លោកថា៖ «ការបន្តរុករក នឹងត្រូវធ្វើរហូត ដល់ថ្ងៃទី២៩ ខែឧសភា ដែលជាថ្ងៃចុងក្រោយ»។
» រាល់អត្ថបទ ដែលទាក់ទងនឹងការបាត់ខ្លួន របស់យន្ដហោះ «MH370»៖ ចុចលើទីនេះ
យន្ដហោះប៊ូអ៊ីង ដែលភ្ជាប់ជើងហោះហើរ ពីរដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានី ប៉េកាំង ប្រទេសចិន កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ជាមួយនឹងនឹងអ្នកដំណើរ និងបុគ្គលិកបម្រើការ ២៣៩នាក់។ ការរុករកលើកទីមួយ ដែលធ្វើឡើង ដោយអាជ្ញាធរច្រើនប្រទេស និងដែលដឹកនាំ ដោយប្រទេសអូស្ត្រាលី បានប្រកាសបញ្ចប់ តាំងពីចុងខែមករា ឆ្នាំទៅម៉ិញ។ ការរុករកលើកទីមួយ ដែលធ្វើឡើង ទៅលើផ្ទៃមហាសមុទ្រឥណ្ឌាខាងត្បូង ប្រមាណជា ១២០ ០០០គីឡូម៉ែត្រការ៉េ មិនទទួលបានលទ្ធផលអ្វីឡើយ។
ដោយមានការទាមទារ និងការដាក់សំពាធ ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ រដ្ឋាភិបាលមុន របស់ប្រទេសម៉ាឡេស៊ី បានសម្រេចធ្វើការរុករក ជាលើកទីពីរ ដោយប្រគល់កិច្ចការនេះ ទៅឲ្យក្រុមហ៊ុនឯកជនមួយ ឈ្មោះ «Ocean Infinity» ដែលមានជំនាញ ខាងការស្រាវជ្រាវនៅបាតសមុទ្រ។ ក្រុមហ៊ុននេះ នឹងមិនទទួលបានប្រាក់បំណាច់ទេ ប្រសិនជាតួយន្ដហោះ ឬប្រអប់ខ្មៅរបស់យន្ដហោះ មិនត្រូវបានរកឃើញ ជាមុនទេនោះ។
ការរុករកជាថ្មី ត្រូវបានធ្វើឡើង នៅលើផ្ទៃមហាសមុទ្រ ប្រមាណជា ២៥ ០០០គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងជើង នៃតំបន់រុករកលើកទីមួយ ដែលដឹកនាំធ្វើ ដោយប្រទេសអូស្ត្រាលី។ នាវាស្រាវជ្រាវ «Seabed Constructor» របស់ក្រុមហ៊ុន «Ocean Infinity» មានបំពាក់ដោយ មនុស្សយន្ដជ្រមុជទឹក ចំនួន៨គ្រឿង ដែលត្រូវបានដាក់អូស តាមពីក្រោយស្លាបឆ្វេងស្ដាំ នៃនាវា។ មនុស្សយន្ដទាំងនេះ មានសមត្ថភាពបាញ់ប្រព័ន្ធ រលកសម្លេង «Sonar» - មានបំពាក់ដោយកាម៉េរ៉ាចាប់រូបភាព និងអាចជ្រមុជចូលសមុទ្រ រហូតដល់ជម្រៅ ៦០០០ម៉ែត្រ។
រហូតមកដល់ថ្ងៃនេះ បំណែកចំនួនជាង២០ ត្រូវបានរកឃើញ អណ្ដែតទៅកាន់តំបន់ឆ្នេរមួយចំនួន នៃបណ្ដាប្រទេស ក្នុងទ្វីបអាហ្វ្រិកខាងកើត (មហាសមុទ្រឥណ្ឌាខាងលិច)។ បំណែកទាំងនោះភាគច្រើន ត្រូវបានវាយតម្លៃថា ពិតជាផ្នែកបាក់បែក របស់យន្ដហោះបាត់ខ្លួន៕