យន្ដហោះមួយបាត់ដំណឹងជាមួយអ្នកជិះ ៥៤នាក់ នៅឥណ្ឌូនេស៊ី
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 16, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ទ្រីហ្គាណាអ៊ែរ ដែលមានមនុស្សជិះ ៥៤នាក់ នៅជាមួយ បានបាត់ដំណឹងសូន្យឈឹង ពីកញ្ចក់ត្រួតពិនិត្យរលកអាកាស នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហានេះ នៅខណៈពេលយន្ដហោះ បានហោះពីលើខេត្តប៉ាពូអាស៊ី ភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី។ យន្ដហោះប្រភេទ ATR 42 បានបាត់ដំណឹង ពីប្រព័ន្ធតាមដានអាកាស នៅវេលាម៉ោងប្រមាណជា ១៥ បន្ទាប់ពីបានហោះចេញ ពីព្រលានយន្ដហោះ សេនតានី (Sentani) ដែលស្ថិតក្នុងក្រុងធំមួយ នៃខេត្ត ចាយ៉ាពូរ៉ា (Jayapura)។ នេះបើតាមការឲ្យដឹង របស់ផ្នែកអ្នកជួយសង្គ្រោះ នៅបណ្ដាញសង្គមទ្វីសធើរ។
ហោះឆ្ពោះទៅកាន់ក្រុង អូកសីប៊ិល (Oksibil) យន្ដហោះដែលប្រើប្រាស់កង្ហាមួយនេះ មានដឹកអ្នកដំណើរ ៤៤នាក់ ជាមនុស្សធំ ៥នាក់ ជាកុមារ និង៥នាក់ទៀត ជាក្រុមបុគ្គលិបម្រើលើយន្ដហោះ។ បន្ទាប់ពីបានងើបខ្លួន ពីព្រលានយន្ដហោះ យន្ដហោះបានហោះ ក្នុងរយៈពេលជាង៣០នាទី មុននឹងបាត់ដំណឹងឈឹង។
ដំណឹងចុងក្រោយ ដែលទើបនឹងធ្លាក់មកដល់មុននេះ (ខណៈអត្ថបទនេះ កំពុងសរសេរ) បានឲ្យដឹងថា អ្នកស្រុកនៃខេត្ត ប៉ាពូអាស៊ី បានអះអាងថា ពួកគេបានរកឃើញតួយន្ដហោះ នៅក្នុងតំបន់ព្រៃភ្នំដ៏ក្រាសឃ្មឹក នៃតំបន់នេះ។ នាយកផ្នែកអាកាសចរណ៍ស៊ីវិល របស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងថា ក្រុមការងាររបស់លោក កំពុងធ្វើការត្រួតពិនិត្យ ពីដំណឹងនេះ ថាតើអាចយកជាការបាន ឬយ៉ាងណា។
ស្ថានភាពឧត្តុនិយម... អាក្រក់
អ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានអះអាងថា យន្ដហោះបានបាត់ការទាក់ទង ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យ ផ្លូវអាកាស។ អ្នកនាំពាក្យបានថ្លែងទៀតថា៖ «យើងមិនទាន់ដឹងថា តើមានរឿងអ្វីកើតឡើង ចំពោះយន្ដហោះនេះ នៅឡើយ។ យើងកំពុងទាក់ទង និងធ្វើការជាមួយអាជ្ញាធរ នៅក្នុងតំបន់ ពីករណីនេះ។»
ប៉ុន្តែមន្ត្រីអ្នកនាំពាក្យដដែល បានបញ្ជាក់បន្ថែមថា៖ «ស្ថានភាពឧត្តុនិយមមានលក្ខណៈអាក្រក់ខ្លាំងណាស់ នៅទីនោះ។ ជានិច្ចជកាល ទីនោះមិនសូវមានពន្លឺទេ ហើយសម្បូរទៅដោយពពក។ ស្ថានភាពនេះ ក៏បង្កភាពលំបាក ដោយការរុករកដែរ ជាពិសេស វាស្ថិតនៅក្នុងតំបន់ភ្នំទៅទៀត។»
ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលគ្រោះថ្នាក់យន្ដហោះ បានកើតឡើងជាញឹកញាប់ ធ្វើឲ្យមន្ទិលពីសុវត្ថិភាព ផ្លូវអាកាសរបស់ប្រទេសនេះ ថាមិនមានលក្ខណៈគ្រប់គ្រាន់។ កាលពីខែធ្នូទៅម៉ិញ យន្ដហោះមួយគ្រឿងនៃក្រុមហ៊ុន អ៊ែរអេសៀ ដែលចេញដំណើរពីក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) ឆ្ពោះទៅប្រទេសសិង្ហបូរី បានធ្លាក់នៅលើសមុទ្រ ហ្សាវ៉ា បង្កឲ្យអ្នកដំណើរ១៦២នាក់ បានស្លាប់បាត់បង់ជីវិត៕