យន្ដហោះអ៊ែរប៊ូសកូរ៉េ បុកបង្គោលពេលចុះចត របួស២៧នាក់
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មេសា ២០១៤
- កែប្រែចុងក្រោយ: April 15, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមការអង្កេតជាលើកទីមួយបានឲ្យដឹងថា ដោយសារស្ថានភាពឧត្តុនិយម មិនអំណោយផល យន្ដហោះបានហោះទៅប៉ះ ជាមួយនឹងបង្គោល អង់តែនទាក់ទងមួយ លើកូនភ្នំស្ថិតនៅក្បែរនោះ មុននឹងបាត់បង់លំនឹងរបស់ខ្លួន នៅច្រើនរយម៉ែត្រក្រោយ ហើយបានវិលត្រឡប់តួយន្ដហោះ ប្រមាណជា៩០ឌឺក្រ។ ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង៨និង៥នាទី ម៉ោងក្នុងស្រុក យប់ថ្ងៃទីទី១៤ ខែមេសា នៅព្រលានយន្ដហោះ នៃក្រុង ហីរ៉ូស៊ីម៉ា ស្ថិតនៅភាគខាងលិច នៃប្រទេសជប៉ុន។ ប្រភពផ្លូវការ ពីប្រទេសជប៉ុនបានឲ្យដឹងថា អ្នកដំណើរ នៅលើយន្ដហោះប្រមាណជា ២៧នាក់ ក្នុងចំណោម៨១នាក់ ដែលស្ថិតនៅលើយន្ដហោះ បានរងរបួស។
តាមរូបភាពដែលបានផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ នៃប្រទេសជប៉ុន គេបានឃើញ បង្គោលអង់តែន ដែលមានកំពស់៦ម៉ែត្រពីដី បានរបើករបាញ ដួលទៅនឹងដី ខណៈស្លាបខាងឆ្វេង របស់យន្ដហោះអ៊ែរប៊ូស ដែលភ្ជាប់ជើងហោះហើរលេខ OZ162 បង្ហាញពីការខូតខាត បណ្ដាលមកពីការប៉ះទង្គិចអ្វីមួយ។ ក្នុងរយៈពេលនោះ ព្រលានយន្ដហោះនៃក្រុង ហីរ៉ូស៊ីម៉ា ត្រូវបានបិទ ហើយជើងហោះហើេរមួយចំនួនធំ ត្រូវបានលប់ចោល។
អ្នកដំណើរទាំងអស់ បានសម្ដែង នូវការភ័យភិតរបស់ពួកគេ នៅក្នុងអំឡុងពេលមានគ្រោះថ្នាក់។ ស្ត្រីម្នាក់ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅនឹងកន្លែងថា៖ «មានផ្សែងបានហុយចេញមក ហើយប្រដាប់ដកដង្ហើម ជាមួយខ្យល់អុកស៊ីសែន បានធ្លាក់ចុះ។ បុគ្គលិកបម្រើការលើយន្ដហោះ ក៏គ្នាមានការតក់ស្លុតដែរ។ ខ្ញុំគិតថា យើងនឹងត្រូវស្លាប់ទាំងអស់គ្នាហើយ។»
អ្នកដំណើរ៧៣នាក់ និងបុគ្គលិកបម្រើការ ទាំង៨នាក់ ត្រូវបានជម្លៀសខ្លួនចេញតាមពោងសង្គ្រោះ ដែលបានបំពាក់ នៅសងខាងយន្ដហោះ។ មិនមានជនរងគ្រោះដល់ជីវិតទេ ប៉ុន្តែអ្នកដំណើរ២៥នាក់ និងបុគ្គលិក២នាក់ បានរងរបួស។ នេះបើតាមការប្រកាស របស់រដ្ឋាភិបាលជប៉ុន។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ អេសៀណាអ៊ែរឡាញ វិញ បានបង្ហាញតុល្យភាពរបស់ខ្លួនថា មានអ្នករបួសតែ១៨នាក់ប៉ុណ្ណោះ ក្នុងនោះ ១៤នាក់ ជាជនជាតិជប៉ុន ២នាក់ ជាជនជាតិកូរ៉េ និង២នាក់ទៀត ជាជនជាតិចិន។
បើតាមព័ត៌មានដែលចេញផ្សាយ តាមសារព័ត៌មានក្នុងស្រុកនានា បាននិយាយថា យន្ដហោះបានហោះ នូវកំពស់មួយទាបពេក នៅពេលជិតមកដល់ព្រលានយន្ដហោះ។ ប៉ុន្តែសេចក្ដីអះអាងនេះ មិនត្រូវបានក្រសួងដឹកជញ្ជូនជប៉ុន ថ្លែងបញ្ជាក់នោះទេ ប៉ុន្តែបានសន្យាថា នឹងបើកការស៊ើបអង្កេតមួយច្បាស់លាស់ ដើម្បីបំភ្លឺពីគ្រោះថ្នាក់។ ខាងក្រុមហ៊ុនអាកាសចរណ៍វិញ បានថ្លែងសុំការ«អភ័យទោស» និងបានសន្យា ថានឹងសហការជាមួយអាជ្ញាធរជប៉ុន ដើម្បីរកឲ្យឃើញពីមូលហេតុនៃគ្រោះថ្នាក់៕