ពង្រាងច្បាប់ធានាឯករាជ្យភាពរបស់តុលាការ នឹងទៅដល់គណៈរដ្ឋមន្ត្រីនៅដើមសប្តាហ៍ក្រោយ
ឆ្លើយតបទៅនឹងការផ្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណត្តិទី៥ ដែលអះអាងថាកែទម្រង់ស៊ីជម្រៅនោះ សេចក្តីព្រាងច្បាប់បីសំខាន់ៗពាក់ព័ន្ធ នឹងប្រព័ន្ធយុត្តិធម៌ នឹងត្រូវទៅដល់ដៃគណៈរដ្ឋមន្រ្តីនៅដើមសប្តាហ៍ក្រោយនេះ មុននឹងបញ្ជូនបន្តទៅកាន់រដ្ឋសភា។
ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary
ប្រព័ន្ធយុត្តិធម៌ - នាយក ខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ លោក សម ប្រជាមានិត បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ មីនា នេះថា តាមគម្រោងសេចក្តីព្រាងច្បាប់៣ គឺ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គតុលាការ និងអយ្យការ និងច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងត្រូវបញ្ជូនទៅដល់គណៈរដ្ឋមន្រ្តី ដើម្បីត្រួតពិនិត្យនៅដើមសប្តាហ៍ក្រោយនេះ។
លោក សម ប្រជាមានិត បញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានធ្វើឡើងដោយក្រុមបច្ចេកទេសច្បាប់ របស់ក្រសួងយុត្តិធម៌ និងសហការជាមួយក្រសួងផ្សេងទៀត រាប់ចាប់ពីអង្គភាប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាអ្នកច្បាប់ សរុប៣១ស្ថាប័ន(...)។ ក្រោយការត្រួតពិនិត្យ និងពិភាក្សាល្អិតល្អន់ ច្បាប់ទាំងនេះនឹងបញ្ជូនទៅគណៈរដ្ឋមន្រ្តី នៅដើមសប្តាហ៍ក្រោយ ហើយត្រូវបញ្ជូនបន្តទៅរដ្ឋសភា និងព្រឹទ្ធសភា ជាបន្តបន្ទាប់ តាមនីតិវីធីច្បាប់។»
តែនៅពេលសួរថា តើច្បាប់ទាំងនេះ ដែលធានាឯករាជ្យភាពដល់ស្ថាប័នតុលាការ នឹងមានដំណាក់កាលណាមួយ ផ្តល់ឱកាសដល់គណបក្សជំទាស់ និងអង្គការសង្គមស៊ីវិល ចូលរួមត្រួតពិនិត្យ ជជែកដេញដោល និងផ្តល់មតិ ក្នុងន័យស្ថាបនាដោយតម្លាភាព? លោក សម ប្រជាមានិត នាយខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ បានឆ្លើយបញ្ជាក់ថា៖ «ទាក់ទងករណីនេះ គឺជារឿងបច្ចេកទេសរបស់ក្រុមការងារតាក់តែងច្បាប់ ខ្ញុំអត់មាននៅក្នុងក្រុមការងារបច្ចេកទេសទេ គ្រាន់តែខ្ញុំបានដឹងថាទៅដល់ណា»។
ក្នុងក្របខ័ណ្ឌការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាគោលនយោបាយ កែទម្រង់ស៊ីជម្រៅលើវិស័យផ្សេងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងមក មិនត្រឹមតែអះអាងទេ តែថែមទាំងទទូចដល់ដៃគូពាក់ព័ន្ធ រាប់ចាប់ពីគណបក្សជំទាស់ ម្ចាស់ជំនួយ អង្គការសង្គមស៊ីវិល គម្បីចូលរួមចំណែក ក្នុងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រដ្ឋាភិបាលអាណត្តិទី៥នេះ ឲ្យមានប្រសិទ្ធភាព។
យ៉ាងណាក្តីក៏មជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍សង្គម និងអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា នៅតែមានមន្ទិលសង្ស័យចំពោះប្រសិទ្ធភាព នៃគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដដែល ព្រោះបញ្ហាដែលរដ្ឋាភិបាលបានសន្យាថា កែទម្រង់ច្រើនអាណត្តិមកហើយនោះ នៅតែបន្តកើតមានរហូតដល់បច្ចុប្បន្ន៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ មីនា ២០១៤