ជីវិតមនុស្សសត្វ រងគ្រោះនឹង«ទំនប់»វារីអគ្គីសនីដនសាហុង របស់ឡាវ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងប្រជាសហគមន៍នៃតំបន់ទាំងបួន តាមដងទន្លេមេគង្គ បានសម្ដែងក្ដីព្រួយបារម្ភរបស់ពួកគេ ចំពោះគម្រោងទំនប់វារីអគ្គីសនី «ដនសាហុង» នៅក្នុងប្រទេសឡាវ ហើយបានសំណូមពរទៅកាន់រាជរដ្ឋាភិបាលថា បើអាចជៀសបាន កុំឲ្យមានការសាងសង់នូវទំនប់វារីអគ្គីសនីដងសាហុងនេះ ឬអាចធ្វើអគ្គីសនី ដោយថាមពលព្រះអាទិត្យវិញ។ ពិសេសស្នើឲ្យមានការរក្សានូវវប្បធម៌ធម្មជាតិដ៏កម្រ ដែលសឹងតែគ្មានពីលើលោក នោះគឺជីវិត«សត្វផ្សោត» និងត្រី«កម្រ»ជាច្រើនប្រភេទទៀត ដែលជិតនឹងផុតពូជទៅហើយនោះ។
ទិដ្ឋភាពនៃតំបន់ដនសាហុង ដែលស្ថិតនៅត្រើយមួយចំហៀងពីព្រំដែនកម្ពុជា។ (រូបថត niimuray)
វិបត្តិសង្គម - ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការព្រួយបារម្មណ៍ចំពោះគម្រោងទំនប់វារីអគ្គីសនី «ដនសាហុង» នៅមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ-កូរ៉េ នាព្រឹកថ្ងៃទី២០ ខែមីនានេះ តំណាងពលរដ្ឋមកពីសហគមន៍ចំនួនបួន តាមដងទន្លេមេគង្គ បង្ហាញពីក្តីកង្វល់របស់ពួកគេ ដែលបណ្ដាលមកពីគម្រោងសាងសង់ ទំនប់វ៉ារីអគ្គីសនីដនសាហុង ក្នុងប្រទេសឡាវ។ សហគមន៍ទាំងបួននោះ រួមមានសហគមន៍មេគង្គ ទន្លេបី ទន្លេសាប និងសហគមន៍ជួរភ្នំក្រវាញ។
លោក ហ៊ឹង ពៅ តំណាងសហគមន៍នេសាទ ភូមិក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួនថា បើប្រជាពលរដ្ឋមិនអាចប្រកបរបរខាងនេសាទ និងទេសចរណ៍បានទេ នោះពលរដ្ឋនឹងត្រូវ«ចប់»។ «ទេសចរណ៍រំពឹងលើសត្វផ្សោត បើទឹកមិនស្អាត ជាមូលហេតុឲ្យសត្វផ្សោត ក៏ដូចជាត្រីកំរផ្សេងៗទៀតប្រឈមនឹងការស្លាប់ផុតពូជ។ ពេលនោះទាំងទេសចរណ៍ខ្មែរ និងបរទេសក៏នឹងកាត់បន្ថយ ឬគ្មាន ហើយប្រជាពលរដ្ឋក៏មិនអាចមាន របរចិញ្ចឹមជីវិតតទៅទៀតដែរ។»
តំណាងសហគមន៍ភូមិកោះស្នែងលោកស្រី បូរ ខឹមតង បានអះអាងថា ប្រជាពលរដ្ឋសហគមន៍អ្នកស្រី ពឹងផ្អែកលើដីល្បប់ ដែលហូរចាក់មកដើម្បីដំណាំកសិកម្មតាមធម្មជាតិ ដែលជាក្ដីរំពឹងនៃជីវភាពរាល់ថ្ងៃ។ តែបើមានទំនប់នោះ ការហូរចាក់មកលែងតាមបែមធម្មជាតិទៀតហើយ អាចជាការហូរមកដោយគំហ៊ុក ពេលនោះដំណាំកសិកម្មរបស់ពលរដ្ឋ ក៏អាចនឹងត្រូវខូចខាត ប៉ះពាល់ដល់ជីវិត មនុស្ស និងសត្វ ដែលអាស្រ័យផលពីទឹកនោះ។
អ្នកស្រី បូរ ខឹមតង បញ្ជាក់ថា «មួយខែមុននេះ ទឹកធ្លាក់មកយ៉ាងល្អក់ ប៉ះពាល់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចជាតិ ជីវិតសត្វមនុស្ស ធម្មជាតិដូចជាជម្រកត្រីជាដើម។»
ឯលោក សា ខូយ តំណាងសហគមន៍នេសាទ ចេត្តក្រចេះ បានពន្យល់ពីផលប៉ះពាល់ និងក្តីកង្វល់នៃពលរដ្ឋបច្ចុប្បន្ន ដែលរស់អាស្រ័យលើទេសចរណ៍ធម្មជាតិ សត្វផ្សោត។ បើគ្មានសត្វផ្សោត គ្មានទេសចរណ៍ គ្មានចំណូលពលរដ្ឋ គ្មានជីវិតរស់នៅ។ លោកបានបន្ថែមថា កសិករធ្វើស្រែអាស្រ័យលើទឹក បើគ្មានទឹក គ្មានស្រែ គ្មានជីវចម្រុះ គ្មានជីវិតសត្វ។
តំណាងសហគមន៍នេសាទរូបនេះ បានថ្លែងថា «សូមធ្វើការអភិវឌ្ឍន័ទៅតាមថាមពលព្រះអាទិត្យ រក្សានូវវប្បធម៌ធម្មជាតិ នៃជម្រកសត្វត្រីដ៏កម្ររបស់កម្ពុជា ពិសេសសត្ចផ្សោត។ (...) គ្មានចរាចរទឹកតាមធម្មជាតិទេ ប្រជាពលរដ្ឋរស់នៅក្រោមខ្សែទឹក និងត្រូវស្លាប់ វប្បធម៌ធម្មជាតិសត្វផ្សោត និងត្រូវបាត់បង់។»
រដ្ឋលេខាធិការក្រសួងបរិដ្ឋាន លោក ទា ជុប បានគាំទ្រនៅលើការរកឃើញពីផលប៉ះពាល់នេះ ហើយស្នើឲ្យមានការដោះស្រាយ ទៅលើបញ្ហានៃផលប៉ះពាល់ទាំងនោះ។ លោកបន្តថា ត្រូវមានការពង្រីកវិសាលភាពនៃការសិក្សានូវផលប៉ះពាល់ចំបងៗ មកដាក់ជជែកគ្នាដើម្បីស្វែងរកយុទ្ធវិធីថា តើត្រូវដោះស្រាយយ៉ាងណា? និងត្រូវធ្វើការជួបពិភាក្សាគ្នា ដើម្បីធ្វើការដោះស្រាយនូវបញ្ហានៃផលប៉ះពាល់ ជាមួយភាគីឡាវ។
តាមការស្រាវជ្រាវរបស់ក្រុមការងារ នៃវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានរកឃើញផលប៉ះពាល់យ៉ាងធំសម្បើម ពីគម្រោងបង្កើតទំនប់វារីអគ្គីសនីដនសាហុង ប្រទេសឡាវ។ លោក តឹក សុវណ្ណារ៉ា ជានាយកប្រតិបត្តិរបស់អង្គការនេះ បាននិយាយថា ផលប៉ះពាល់ទាំងនោះរួមមាន ជីវចម្រុះ សត្វផ្សោតមេគង្គ លំហូទឹក ពិសេសបាត់បង់នូវប្រភព និងការចរាចរណ៍ត្រី។ មកទល់នឹងបច្ចុប្បន្ននេះ គេនៅមិនទាន់ឃើញភាគីឡាវ បង្ហាញពីឆន្ទៈដើម្បីចូលរួមពិគ្រោះយោបល់ជាមួយភាគីកម្ពុជា ឬប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គឡើយ។
ទំនប់វារីអគ្គីសនី ដនសាហុង ដែលមានថាមពល២៦០ម៉េហ្គាវ៉ាត់ និងស្ថិតនៅចម្ងាយមិនដល់ពីរគីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ។ នេះជាគម្រោងមួយ ក្នុងចំណោមគម្រោងទំនប់វារីអគ្គីសនីទាំង១២ ដែលនឹងគ្រោងសាងសង់នៅតាមបណ្ដេយទន្លេមេគង្គ។ បច្ចុប្បន្ននេះ គម្រោងទាំងនោះកំពុងស្ថិតក្នុងការចាប់ផ្តើមសិក្សា និងដាក់សំណើរសម្រាប់ការសាងសង់ បន្ទាប់ពីទំនប់វារីអគ្គីសនី«សាយ៉ាបូរី»។ លោក តឹក វណ្ណារ៉ា បានថ្លែងឲ្យដឹងទៀតថា «បើទំនប់ត្រូវបានសាងសង់ វានឹងរាំងខ្ទប់ព្រែកហូសាហុង ដែលជាព្រែកដ៏ធំមួយ នៅលើតួទន្លេមេ នៃទន្លេមេគង្គ នៅក្នុងតំបន់ស៊ីផាន់ដានប្រទេសឡាវ»៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២០ មីនា ២០១៤