ប្រហារជីវិតមេសាសនា៖ អារ៉ាប៊ីសាអ៊ូឌីត ផ្ដាច់ចំណងទូតពី អៀរ៉ង់
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៤ មករា ២០១៦
- កែប្រែចុងក្រោយ: January 04, 2016
- ប្រធានបទ: អ៊ីស្លាម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋមន្ត្រីការបរទេស របស់ប្រទេស អារ៉ាប៊ី សាអ៊ូឌីត លោក អាឌែល អាល់-ហ្សូបេអៀ (Adel al-Jubeir) បានប្រកាសជាផ្លូវការ កាលពីយប់ថ្ងៃអាទិត្យ ផ្ដាច់រាល់ចំណងការទូត របស់ប្រទេសផងខ្លួន ជាមួយនឹងប្រទេស អៀរ៉ង់ បន្ទាប់ពីការវាយប្រហារមួយ សំដៅស្ថានទូតនៃប្រទេស អារ៉ាប៊ី សាអ៊ូឌីត ប្រចាំនៅរដ្ឋធានី តេអៀរ៉ង់ ត្រូវបានធ្វើឡើង ដោយក្រុមអ្នកមិនពេញចិត្ត នឹងការប្រហារជីវិត លើមេដឹកនាំសាសនាអ៊ីស្លាម និកាយ ស៊ីអីត មួយរូប។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នារាជធានី រីយ៉ាដ (Ryad នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត) លោករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានសម្រេចចិត្តផ្ដាច់ នូវរាល់ទំនាក់ទំនងការទូត របសខ្លួន ជាមួយនឹងប្រទេស អៀរ៉ង់ ហើយទាមទារឲ្យមាន នូវការចាកចេញពីទឹកដី អារ៉ាប៊ី សាអ៊ូឌីត ក្នុងរយៈពេល៤៨ម៉ោង ខាងមុខ នូវមន្ត្រីតំណាងការទូត របស់ប្រទេស អៀរ៉ង់ ទាំងអស់។
ការជ្រៀតជ្រែក បែប«អវិជ្ជមាន» និងយ៉ាង«គគ្លើន»...
បន្ថែមពីលើនេះ លោក អាឌែល អាល់-ហ្សូបេអៀ បានធ្វើការបរិហារ ពីការជ្រៀតជ្រែក បែប«អវិជ្ជមាន» និងយ៉ាង«គគ្លើន» ពីសំណាក់ប្រទេស អៀរ៉ង់ នៅក្នុងសំនុំរឿង នៃពិភពអារ៉ាប់ ដែលបង្កឲ្យមានជារឿយៗ នូវជម្លោះ និងការបំផ្លិចបំផ្លាញ។ ការវាយប្រហារ របស់ក្រុមបាតុករ ធ្វើទៅលើអាគារស្ថានទូត អារ៉ាប៊ីសាអ៊ូឌីត ប្រចាំនៅរដ្ឋធានី តេអៀរ៉ង់ និងទៅលើការិយាល័យតំណាងអារ៉ាប៊ីសាអ៊ូឌីត នៅតាមខេត្តក្រុងមួយចំនួន នៃប្រទេសអៀរ៉ង់ បានបង្ហាញ«កាន់តែច្បាស់» ពីការរំលោភលើកច្បាប់អន្តរជាតិ មិនអាចប្រកែកបាន។ លោករដ្ឋមន្ត្រី បានចោទប្រកាន់ប្រទេសអៀរ៉ង់ទៀតថា អាជ្ញាធររបស់ប្រទេសនេះ មិនបានធ្វើអ្វីទាល់តែសោះ ដើម្បីទប់ស្កាត់អំពើ «ជ្រុលនិយម» របស់ក្រុមបាតុករ។
បាតដៃអាទិទេព នឹងធ្វើការសងសឹក...
ការប្រហារជីវិតជនទាំង៤៧នាក់ ក្នុងនោះមានមេដឹកនាំសាសនាអ៊ីស្លាម និកាយស៊ីអ៊ីតមួយរូប កាលពីថ្ងៃសៅរ៍ ដោយអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត បានបញ្ឆេះឲ្យមានភាពតានតឹងកើតឡើងសារជាថ្មី នៅក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសអៀរ៉ង់។ មួយភាគ នៃអាគារស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំរដ្ឋធានី តេអៀរ៉ង់ ត្រូវបានវាយបំផ្លាញ ដោយក្រុមបាតុករ។ សាក្សីដែលនៅក្នុងហេតុការណ៍ បានអះអាងថា ក្រុមបាតុករបានគុបដបប្រេង ដែលមានបញ្ឆេះដុតភ្លើង ចូលទៅក្នុងស្ថានទូត បានបង្កឲ្យមានអគ្គិភ័យឆាបឆេះ ផ្នែកខាងក្នុងនៃអាគារ។
អគ្គមគ្គុទេស និងជាប្រមុខសាសនាដ៏កំពូល នៅក្នុងប្រទេស អៀរ៉ង់ លោក អាលី កាមេណី (Ali Khamenei) បានថ្លែងព្រមានប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទាក់ទងនឹងការប្រហារជីវិតនោះថា៖ «គ្មានអ្វីសង្ស័យទេ ឈាមនៃអ្នកប្រយុទ្ធ (Nimr) ដែលត្រូវបានបង្ហូរដោយអយុត្តិធម៌ នឹងទទួលបានផ្លៃផ្ការបស់វា ហើយបាតដៃអាទិទេព នឹងធ្វើការសងសឹក ប្រឆាំងមេដឹកនាំ អារ៉ាប៊ីសាអូឌីត»។
យ៉ាងណាក៏ដោយ អាជ្ញាធរនៃប្រទេស អៀរ៉ង់ បានចាប់ខ្លួនបាតុករ បានប្រមាណជា៤០នាក់ នៅក្នុងរដ្ឋធានី តេអៀរ៉ង់ និងបួននាក់ទៀត នៅក្នុងខេត្ត ម៉ារឆាដ (Machhad ភាគឦសាននៃប្រទេស)៕