ភេរវកម្មនៅ​ថៃ៖ ជន​សង្ស័យ​១៥នាក់ ត្រូវ​យោធា​ចាប់​ដាក់​គុក

ពីក្នុងចំណោមមនុស្ស១៧នាក់ ដែលត្រូវបានឃាត់ខ្លួន មានមនុស្សតែ២នាក់ប៉ុណ្ណោះ ដែលត្រូវ​បាន​ដោះលែង​មក​វិញ នៅ​ក្នុង​សំនុំរឿង​ភេរវកម្ម​ច្រើន​កន្លែង កាលពីថ្ងៃទី១១ ទី១២ ខែសីហា សប្ដាហ៍មុន។ នៅក្នុងភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ចំនួន​១១គ្រាប់ ជា​បន្ត​បន្ទាប់ នៅក្នុងខេត្តភាគខាងត្បូង នៃប្រទេសថៃនោះ មានមនុស្ស៤នាក់​បាន​ស្លាប់ និង​ច្រើន​សិប​នាក់​បាន​រង​របួស ក្នុងនោះមានជនបរទេស ជាច្រើននាក់ផង។
ភេរវកម្មនៅ​ថៃ៖ ជន​សង្ស័យ​១៥នាក់ ត្រូវ​យោធា​ចាប់​ដាក់​គុក
អ្នករបួសជាអ្នកទេសចរណ៍បរទេសម្នាក់ កំពុងត្រូវបានកងទ័ពជួយសង្គ្រោះ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 18, 2016
  • ប្រធានបទ: ភេរវកម្ម-ថៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការស៊ើបអង្កេត បានបន្តធ្វើទៅមុខ នៅក្នុងប្រទេសថៃ ជុំវិញសំនុំរឿងភេរវកម្មដ៏រង្គាល ដែលបានកើតឡើង កាល​ពី​​ថ្ងៃ​ទី១១ - ទី១២ ខែសីហា សប្ដាហ៍មុន។ របបដឹកនាំយោធា ដែលបានឡើងកាន់អំណាច តាម​រយៈ​រដ្ឋ​ប្រហារ បានប្រកាសថា ខ្លួនបានចាប់ឃុំមនុស្សចំនួន១៥នាក់ រាប់មកទល់នឹងថ្ងៃនេះ។ មនុស្សទាំងនោះ បាន​រង​ការ​ចោទ​ប្រកាន់ ថាបានចូលរួម នៅក្នុងការវាយប្រហារភេរវកម្មនេះ ដែលធ្វើឡើងសំដៅទេសចរណ៍ នៅ​តាម​មាត់​សមុទ្រ នៃខេត្តមួយចំនួន ភាគខាងត្បូងប្រទេសថៃ។

អ្នកនាំពាក្យ​ឲ្យរបបដឹកនាំយោធា លោកស័ក្ដិប្រាំ ប៊ូរិន ថោងប្រាប៉ៃ (Burin Tongprapai) បានថ្លែងឲ្យដឹងថា៖ «អាជ្ញាធរ​បានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន១៧នាក់ តែបានដោះលែងវិញ ចំនួន២នាក់»។

លោក ថោងប្រាប៉ៃ មិនបានបញ្ជាក់ថា ជនទាំង១៧នាក់នេះ ត្រូវបានឃាត់ និងឃុំខ្លួនតាំងពីពេលណាមកទេ។ ប៉ុន្តែជាមួយច្បាប់អាជ្ញាសិក ដែលរបបដឹកនាំនេះ បានដាក់ឲ្យប្រើប្រាស់ បានចែងថា របបដឹកនាំមាន​សិទ្ធ​ឃុំ​មនុស្ស រហូតដល់រយៈពេល៧ថ្ងៃ មុននឹងជនទាំងនោះ ត្រូវបានបញ្ជូនជាបន្ត ទៅឲ្យនគរបាល។ ក្នុង​ករណី​នេះ ជន​សង្ស័យ​ទាំង​១៥នាក់ អាចនឹងត្រូវប្រគល់ទៅឲ្យនគរបាល នៅថ្ងៃសុក្រស្អែក ដោយសារដំណឹង​លេចឮ​ជា​ច្រើន បាន​បង្ហើប​ឲ្យ​ដឹងថា របបដឹកនាំបានឃុំខ្លួន​​ជនសង្ស័យ​ខាងលើ តាំងពីចុងសប្ដាហ៍មុន។

ក្នុងរយៈពេលតែពីរថ្ងៃ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា សប្ដាហ៍មុន គ្រាប់បែកចំនួន១១គ្រាប់ បានផ្ទុះឡើង​ជា​បន្ត​បន្ទាប់ ក្នុងខេត្តភាគខាងត្បូង នៃប្រទេសថៃ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងមនុស្សរាប់សិប​នាក់​ទៀត រង​របួស។ នៅក្នុងចំណោម​អ្នករបួសទាំងនោះ មានជនទេសចរណ៍បរទេស ចំនួន១០នាក់។ អ្នកស៊ើប​អង្កេត បាន​អះអាង​ថា អំពើភេរវកម្មទាំងនេះ ជាទង្វើវិទ្ធង្សនារបស់ជនក្នុងស្រុក និងបានបដិសេធករណីនេះ ថា​មិន​ជាប់​ពាក់​ព័ន្ធ នឹងបណ្ដាញភេរវកម្ម​អន្តរជាតិ​ទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...