រកឃើញ​រណ្ដៅ​កប់​សព​រួម ដែល​មាន​សព​៤២នាក់ នៅ ប៉ាល់មៀរ អតីត​មូលដ្ឋាន ISIS

កងទ័ពរបស់ប្រទេសស៊ីរី ដែលទើបនឹងវាយដណ្ដើម មកកាន់កាប់វិញ នូវក្រុងបូរាណ ប៉ាល់មៀរ (Palmyre) ពី​កណ្ដាប់​ដៃ​ក្រុម រដ្ឋអ៊ីស្លាម បាន​អះអាង​ឲ្យដឹង ពីការរកឃើញ នូវរណ្ដៅ​កប​សាកសព​រួម​ដ៏ធំមួយ ដែល​មាន​សព​នៅ​ក្នុង​នោះ ចំនួន៤២នាក់។ ជាសាកសព ដែលត្រូវ​បាន​ប្រហារ​ជីវិត ដោយ​អង្គការ​ភេរវនិយម នៅ​ក្នុង​អំឡុង​ពេល​នៃ​ការកាន់​កាប់​ទីក្រុងបូរាណ អស់​រយៈពេល​ជិត​មួយឆ្នាំ។
រកឃើញ​រណ្ដៅ​កប់​សព​រួម ដែល​មាន​សព​៤២នាក់ នៅ ប៉ាល់មៀរ អតីត​មូលដ្ឋាន ISIS
កងទ័បរបស់ប្រទេសស៊ីរី បានឡើងទៅលើប្រាសាទបូរាណមួយ ដែលរងការបាក់បែកខ្ទេចខ្ទីអស់។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០២ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 03, 2016
  • ប្រធានបទ: ភេរវនិយម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការរកឃើញ ដ៏សែនតក់ស្លុតមួយទៀត បន្ថែមទៅលើឧក្រិដ្ឋកម្មរាប់មិនអស់ របស់បណ្ដាជនស្ម័គ្រប្រយុទ្ធ របស់​ព្រះអាឡាហ៍ (Djihad)។ រណ្ដៅកប់សពចំនួន៤២នាក់ រួមមានទាំងស៊ីវិល និងទាហាន ដែលត្រូវ​បាន​ប្រហារ​ជីវិត ដោយក្រុមសមាជិក របស់អង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) ត្រូវបានរកឃើញ នៅថ្ងៃសុក្រ នៅកណ្ដាលក្រុងបូរាណ ប៉ាល់មៀរ (Palmyre) ដែលកងទ័ពស៊ីរី ទើបនឹងវាយដណ្ដើម មកកាន់កាប់វិញ កាលពីចុងខែមីនាកន្លងមក។

ប្រភពមួយដែលស្និតនឹងកងទ័ព បានថ្លែងប្រាប់ឲ្យដឹងថា៖ «កងទ័ពបានរកឃើញ កាលពីព្រឹកម្សិលម៉ិញ (ព្រឹក​ថ្ងៃសុក្រ) នូវរណ្ដៅកប់សពដ៏ធំមួយ ដែលមានសាកសព និងគ្រោងឆ្អឹងមនុស្ស ចំនួន៤២នាក់ ក្នុងនោះ ២៤​នាក់​ជាប្រជាជនសមញ្ញ (៣នាក់ជាកុមារ) និង១៨នាក់ជាទាហាន»។

ជនរងគ្រោះទាំងនេះ ត្រូវបានសម្លាប់ ដោយកាត់«ក» និងដោយបាញ់សម្លាប់ ពីសំណាក់​សកម្មជន​ស្ម័គ្រ​ប្រយុទ្ធ​ដើម្បីព្រះអាឡាហ៍ ដែលចូលមកកាន់កាប់ទីក្រុងបូរាណនេះ ក្នុងអំឡុងពេល១០ខែមុន។ ប្រភព​ដដែល​បាននិយាយទៀតថា សាកសពទាំងអស់ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យយោធា នៅក្នុងក្រុង ហូម៍ (Homs) ដើម្បីធ្វើការកំណត់ពីអត្តសញ្ញាណ។ ប៉ុន្តែសាកសពមួយចំនួន ត្រូវបានស្គាល់​ពី​អត្តសញ្ញាណ​រួច​ហើយ។

ដោយមានជំនួយ ពីកងសេនាជនតំបន់ និងការវាយសន្ធាប់តាមផ្លូវអាកាស របស់ប្រទេសរ៉ូស្ស៊ីផង កងទ័ព​របស់​ប្រទេសស៊ីរី បានត្រឡប់ចូល មកកាន់កាប់ក្រុងបូរាណមួយនេះវិញ នៅថ្ងៃទី២៨ ខែមីនាកន្លងមក។ ក្រុម​យុទ្ធជន​របស់អង្គការភេរវនិយម បានរងការខូចខាតយ៉ាងខ្លាំង មានទាំងស្លាប់ និងរបួស ខណៈ​អ្នក​ដែល​នៅ​រស់ បានដកថយចេញពីក្រុងបូរាណ ទៅកាន់មូលដ្ឋានសំខាន់របស់ពួកគេ ចំនួនបីកន្លែង នៅភាគខាងកើត និង​ភាគ​ខាង​ជើង នៃ​ប្រទេសស៊ីរ។

លោក «Rami Abdel Rahmane» នាយកក្រុមអ្នកឃ្លាំមើល ផ្នែកសិទ្ធិមនុស្សប្រចាំនៅប្រទេសស៊ីរី (OSDH) បាន​អះអាងថា៖ «ក្រុមរដ្ឋអ៊ីស្លាម បានប្រហារជីវិតមនុស្ស មិនតិចជាង២៨០នាក់ឡើយ នៅក្នុងអំឡុងពេល នៃ​ការ​កាប់កាប់​ក្រុងនេះ របស់ពួកគេ»។

បើទោះជាសង្គ្រាម ដែលបានផ្ទុះឡើង នៅប៉ុន្មានឆ្នាំចុងក្រោយ បានសម្លាប់មនុស្សជាង ២៧០ ពាន់នាក់ នៅ​ក្នុងប្រទេសស៊ីរីនេះក៏ដោយ តែការរកឃើញ ពីរណ្ដៅកប់សពរួម ដែលមានលក្ខណៈធំរបៀបនេះ បាន​កើត​មាន​ឡើង យ៉ាង​កម្រ​បំផុត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...