វៀតណាម៖ អតីតមេគិញ ត្រូវបានជ្រើសតាំងជាប្រធានាធិបតី
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មេសា ២០១៦
- កែប្រែចុងក្រោយ: April 03, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមពិតទៅ ការជ្រើសតែងតាំង និងការស្បថចូលកាន់តំណែង នៅចំពោះរដ្ឋសភា របស់ប្រទេសកុម្មុយនីសមួយនេះ ធ្វើឡើងដើម្បីឲ្យបាន គ្រាន់តែជា«ទម្រង់»ប៉ុណ្ណោះ ព្រោះ«សមមិត្ត» ត្រាំង ដៃគ័ង (Tran Daï Quang) អាយុ៥៩ឆ្នាំ គឺជាបេក្ខជនតែម្នាក់គត់ ដែលត្រូវបានស្នើសុំឡើង ដោយគណបក្សកុម្មុយនីស កាលពីមហាសន្នីបាទ ក្នុងខែមករាកន្លងមក។ លោក ដៃគ័ង ត្រូវចូលមកជំនួស តំណែងជាងបួនឆ្នាំ របស់លោក ទ្រឿង តឹងសាង (Truong Tan Sang) ដែលបានផុតអណត្តិទៅ កាលពីថ្ងៃទី៣១ ខែមីនាថ្មីៗនេះ។
រីឯតំណែងនេះទៀតសោធ ក៏មិនមានសិទ្ធិសម្រេចអ្វីដែរ ដោយហេតុថា ប្រធានាធិបតី ត្រូវអបដោយមនុស្សខ្លាំងពីរនាក់ទៀត ដើម្បីសម្រេចជោគវាសនា នៃការដឹកនាំប្រទេស។ បុរសខ្លាំងទាំងពីរនាក់ទៀតនោះ គឺ នាយករដ្ឋមន្ត្រី និងប្រធានបក្សកុម្មុយនីសវៀតណាម។
នៅក្នុងអតីតកាល លោក ត្រាំង ដៃគ័ង ជាឧត្ដមសេនីយ៍នគរបាលមួយរូប នៅក្រសួងមហាផ្ទៃ ទទួលបន្ទុកខាង សុវត្ថិភាពសាធារណៈ និង«ចារកម្ម»។ ការជ្រើសរើស តែងតាំងលោក ដៃគ័ង ត្រូវបានអនុម័តឲ្យក្លាយជាប្រធានាធិបតីទី៩ ដោយ ៤៦០សម្លេង ពីក្នុងចំណោម ៤៦៥សម្លេង នៃរដ្ឋសភាវៀតណាមទាំងមូល៕