«រូប​ស្រី​អាក្រាត​ល្វែង​លើ​នៅ​អង្គរ ជា​សិល្បៈ» បើ​តាម​អ្នក​ជំនាញ

ព្រលែងល្វែងខាងលើ បង្ហាញដើមទ្រូងរបស់ខ្លួន មិនមានន័យសុទ្ធតែអាសអាភាសទាំងស្រុងនោះទេ។ ហើយចំពោះបរិបទ នៅប្រាង្គប្រាសាទនានា ក្នុងតំបន់អង្គរ ម្ចាស់រូបថតទំនងជាពន្យល់ ពីសិល្បៈទាក់ទងនឹង«ស្នេហាប្រាសាទ»ច្រើនជាង។ នេះបើតាមការពន្យល់ របស់អ្នកជំនាញខាងសិល្បៈមួយរូប។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី២៥ មករា ២០១៥
  • កែប្រែចុងក្រោយ: January 25, 2015
  • ប្រធានបទ: ថតរូប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាព​រំជើប​រំជួល​បាន​ផ្ទុះ​ឡើង ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រូប​ស្ត្រី​ជាតិ​អាស៊ី​មួយ​រូប អាក្រាត​ល្វែង​ខាង​លើ​ទទេ ត្រូវ​បាន​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម យក​មក​បង្ហោះ​ចែក​ចាយ។ ភាព​រំជើប​រំជួល​ខ្លាំង ព្រោះ​បើ​សូម្បី​អាជ្ញាធរ​ជាតិ​អប្សារា ដែល​គ្រប់​គ្រង​តំបន់​ប្រាសាទ​បូរាណ​របស់​ខ្មែរ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​«ថ្កោល​ទោស»​យ៉ាង​ចាស់​ដៃ​ណាស់​ដែរ ប្រឆាំង​ទល់​នឹង​ទង្វើ បែប​បង្អាប់​បង្អោន​យ៉ាង​ធ្ងន់ធ្ងរ «ដល់​បេតិកភណ្ឌ​ជាតិ និង​កិត្តិយស​នារី​ភេទ» របៀប​នេះ។

«រូប​​ថត​សិល្បៈ ចាំ​បាច់​​ត្រូវ​មាន​លក្ខណៈ​សិល្បៈ។ បើ​យក​មនុស្ស​ធម្មតា មក​ស្លៀក​ពាក់​ពេញ​ខ្លួន​ដូច​ធម្មតា ហើយ​យក​មក​ថត​រូប​ដាក់​តាំង​បង្ហាញ​នោះ ធ្វើ​ម៉េច វា​ក្លាយ​ជា​សិល្បៈ​ទៅ​កើត? ទោះ​ជា​ស្រី ឬ​ប្រុស​ក៏​ដោយ!» នេះ​ជា​ការ​បក​ស្រាយ​យ៉ាង​សមញ្ញ និង​ដោយ​ផ្ទុះ​សំណើច​បន្តិចៗ​ផង របស់​លោក ឡឹក សុទ្ធី អ្នក​ជំនាញ​ដើម​កំណើត​ខ្មែរ​មួយ​រូប ឯក​ទេស​ខាង​សិល្បៈ​ថត​រូប និង​គំនូរ​ចម្លាក់ នៅ​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង។ លោក សុទ្ធី ដែល​ជា​ម្ចាស់​ហាង​សិល្បៈ​មួយ​ផង​នោះ បាន​និយាយ​ទៀត​ថា៖ «មុន​នឹង​ប្រតិកម្ម​ខ្លាំងៗ​ដូច្នេះ គួរ​ណា​ខ្មែរ​យើង​ស្វែង​រក​ប្រភព និង​សិក្សា​ឲ្យ​យល់​ជា​មុន​សិន ថា​តើ​រូប​ថត​ទាំង​នេះ គេ​ថត​នៅ​ក្នុង​បរិបទ​អ្វី និង​ដើម្បី​អ្វី»។

សារព័ត៌មានក្នុងស្រុកជាច្រើន បានយករូបថតទាំងនេះ មកធ្វើអត្ថាធិប្បាយបន្ថែមបន្ថយ បង្កឲ្យមានការ​ចាប់​អារម្មណ៍ កាន់តែខ្លាំងឡើង។ សារព័ត៌មានខ្លះ ថែមទាំងបានយកប្រភពមិនច្បាស់ការណ៍ មកអះអាងបញ្ជាក់​ទៀតថា រូបថតទាំងនេះ ត្រូវបានបង្ហោះនៅក្នុងគេហទំព័រ«អាសអាភាស»មួយ ដែលមានទីតាំងនៅក្នុង​ប្រទេស​ចិន។ ពីក្នុងចំណោមអ្នកចូលរួមឈឺឆ្អាល មានមតិយោបល់មួយចំនួន បានទាញយកករណី​នយោបាយ មក​ភ្ជាប់​ជាមួយនោះផងទៀត។

តាមពិតទៅ រូបថតទាំងនេះ ជាស្នាដៃរបស់អ្នកថតរូបឯករាជ្យមួយរូប ដែលដាក់ឈ្មោះខ្លួនឯងថា WANIMAL ហើយត្រូវបានបង្ហោះនៅក្នុងគេហទំព័រ lofter.com មានទីតាំងក្នុងប្រទេសចិន ឬបង្ហោះនៅក្នុងគេហទំព័រ tumblr.com មានទីតាំងនៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ គេហទំព័រទាំងពីរនេះ មានលក្ខណៈជា Blog ឬអាចហៅបានជាបណ្ដាញសង្គមដែរ តែមានឯកទេសសម្រាប់ផ្ដល់ឱកាស ទៅឲ្យតែសិល្បៈករ វិចិត្រករ ឬ​អ្នកថតរូបវ័យក្មេងទាំងឡាយ អាចបញ្ចេញស្នាដៃរបស់ខ្លួន។

អ្នកថតរូប WANIMAL បានសរសេរពន្យល់ពីខ្លួនឯង នៅលើគេហទំព័រទាំងនោះថា ខ្លួនលោក«សុខចិត្តនៅ​សោយរាជ្យក្នុងថាននរក ជៀសជាងនៅថានសួគ៌ ដែលបានត្រឹមតែជាទាសករ»ប៉ុណ្ណោះ។

រីឯរូបថត ដែលមានរូបស្រីម្នាក់ព្រលែងខ្លួនខាងលើចោល ថតនៅជាមួយនឹងប្រាង្គប្រាសាទបូរាណខ្មែរនេះ សុទ្ធតែមានចំណងជើងថា «KHMER LADY (ស្ត្រីខ្មែរ)»។ រូបថតដ៏រំជើបរំជួល មិនមែនទើបនឹងត្រូវបាន​បង្ហោះ​ទៅក្នុងបណ្ដាញអ៊ិនធើណែត ក្នុងខែមករា ឆ្នាំ២០១៥នេះ ដូចការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុង​ប្រទេសកម្ពុជាមួយចំនួននោះទេ ប៉ុន្តែលោក WANIMAL បានបង្ហោះរូបថតរបស់ខ្លួន ទាក់ទងនឹងស្ត្រីដោះ​អាវនៅជាមួយប្រាសាទទាំងនេះ ជាបន្តបន្ទាប់​រាប់ចាប់តាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣មកម្លេះ។

មិនមែនរូបថតទាំងអស់ ដែលថតនៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានលក្ខណៈអាក្រាតកាយទាំងស្រុងនោះទេ តែលោក WANIMAL ក៏បានបង្ហោះរូបថតមួយចំនួនទៀត ស្ដីពីរូបគំនូរប្រាសាទបូរាណរបស់ខ្មែរដែរ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូបានបង្ហាញរូបទាំងនេះ ទៅឲ្យលោក ឡឹក សុទ្ធី ដើម្បីទុកជូនលោកធ្វើការ​ពន្យល់។ លោកនិយាយថា៖ «តាមរយៈរូបថតទាំងនេះ សរបញ្ជាក់ថា WANIMAL ជាអ្នកថតរូបបែប​សិល្បៈ​មួយរូប ឬនិយាយឲ្យចំមែនទែន ជាអ្នកថតរូបសិល្បៈបែបកាមា។ កាមា តាមរយៈការបង្ហាញដើមទ្រូង អាច​និយាយថា ជាការទាក់ទាញមួយ។ តែក៏អាចនិយាយបានដែរថា នេះជាសេចក្ដីស្រឡាញ់មួយបែប នៅក្នុង​សិល្បៈ។ ខ្ញុំ​មិន​និយាយជំនួសម្ចាស់រូបថតទេ។ បើសម្រាប់ខ្ញុំ រូបទាំងនេះជាសេចក្ដីស្នេហា ចំពោះធម្មជាតិ ឬ​ចំពោះ​​ប្រាង្គ​​ប្រាសាទរបស់ខ្មែរយើង។»។

លោក សុទ្ធី បានពន្យល់ទៀតថា ការព្រលែងខ្លួនខាងលើចោលនេះ មិនមានភាពអាសអាភាសទេ ព្រោះ​ខ្មែរ​យើងនៅជំនាន់សម័យអាណានិគមនិយមបារាំងដំបូង ក៏ត្រូវបានជនបរទេសមកឃើញ ថាយើងនេះ​ព្រលែង​ដងខ្លួនខាងលើចោលដែរ។ រូបចម្លាក់តួអង្គស្រី ដូចជាអប្សរា អ្នកស្រុកជានារីភេទ នៅលើប្រាង្គប្រាសាទ ឬ​តាមរយៈឯកសារសំណៅដើមរបស់ទូតចិន លោក ជីវ តាខ្វាន់ បានបញ្ជាក់ដូចគ្នាថា ខ្មែរនៅសម័យ​បូរាណ​មិនមានការបិទបាំងផ្នែកខាងលើទេ។ ហើយបើនិយាយមកក្នុងសិល្បៈសម័យទំនើបនេះ គេក៏ធ្លាប់ឃើញ​លោក ខៃ ប្រសិទ្ធ ស្រាតងូតទឹកបញ្ចេញគូទ ឬនាង ចាន់ ជាលីដា បញ្ចេញសុដន់មួយចំហៀង បូករួមនឹង​ភាព​សិចស៊ី នៃតារាជាច្រើនទៀត នៅក្នុងភាពយន្ដដាក់បញ្ចាំងនៅតាមរោងនោះដែរ។

«នេះ ជាសិល្បៈ។ ហើយអង្គរក៏ល្បីល្បាញ ដោយសារសិល្បៈនេះដែរ។» លោក សុទ្ធី បានអះអាង​ជាចុង​បញ្ចប់ថា៖ «ទាស់តែម្យ៉ាង... តើការថតរូបនេះ បានសុំការអនុញ្ញាត ពីអាជ្ញាធរនៅទីនោះឬអត់»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...