ក្រៅពីរូបស្ត្រីអាក្រាតនៅអង្គរ WANIMAL មានរូបផ្សេងទៀត (pic)
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៥ មករា ២០១៥
- កែប្រែចុងក្រោយ: January 25, 2015
- ប្រធានបទ: ថតរូប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានបញ្ជាក់នៅក្នុងអត្ថបទមុនរបស់ខ្លួនរួចខ្លះហើយ ទាក់ទងនឹងភាពរំជើបរំជួល និងការក្ដៅក្រហាយ របស់បណ្ដាជនកម្ពុជាជាច្រើន ដែលបានគិតថា ម្ចាស់រូបថតស្ត្រីអាក្រាតនៅអង្គរ បានធ្វើឲ្យអាប់អោនដល់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងជាពិសេសបង្អាប់បង្អោន ដល់កិត្តិនាមដ៏ថ្លៃថ្លា នៃប្រាង្គប្រាសាទបូរាណរបស់ខ្មែរ។
ប្រតិកម្មរបស់បណ្ដាជនកម្ពុជា បានកើតឡើង បន្ទាប់ពីរូបថតចំនួន៤ទៅ៥សន្លឹក ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកបង្ហោះផ្សព្វផ្សាយ ហើយត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុក យកទៅធ្វើចំណាប់អារម្មណ៍ជាបន្តទៀត យ៉ាងព្រោងព្រាត។ រូបថតទាំងនោះ មានបង្ហាញពីរូបស្រីម្នាក់ព្រលែងខ្លួនល្វែងខាងលើចោល ថតនៅជាមួយនឹងប្រាង្គប្រាសាទបូរាណខ្មែរ ដោយមានរូបភាពទាំងក្នុងស្ថានភាពឈរ និងអង្គុយ។
តាមពិតរូបថតទាំងនេះ មិនមែនត្រូវបានបង្ហោះនៅលើគេហទំព័រអាសអាភាស ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ តែត្រូវបានបង្ហោះទៅក្នុងគេហទំព័រ lofter.com (ក្នុងប្រទេសចិន) និងគេហទំព័រ tumblr.com (ក្នុងសហរដ្ឋអាមេរិក) ដែលសុទ្ធសឹងជាគេហទំព័រផ្ដល់ឱកាស ទៅឲ្យតែសិល្បៈករ វិចិត្រករ ឬអ្នកថតរូបវ័យក្មេងទាំងឡាយ អាចបញ្ចេញស្នាដៃរបស់ខ្លួន។
រូបស្ត្រីអាក្រាត នៅក្នុងបរិវេណប្រាង្គប្រាសាទនេះ សុទ្ធតែមានចំណងជើងថា «KHMER LADY (ស្ត្រីខ្មែរ)» ហើយត្រូវបានបង្ហោះឡើង ទៅលើបណ្ដាញអ៊ិនធើណែតជាបន្តបន្ទាប់ រាប់ចាប់តាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣មក។
មុននឹងលោក WANIMAL ជាម្ចាស់រូបថត ឆ្លើយតបនឹងសំនួររបស់ទស្សនាវដ្ដី ដែលបានសួរតាមរយៈសារអេឡិចត្រូនិកនោះ ទស្សនាវដ្ដីសូមដកស្រង់រូបថតមួយចំនួនរបស់លោក ដែលជារូប«ផ្តិតអេក្រង់» ឬហៅជាភាសាអង់គ្លេសថា «PrintScreen» មកដាក់ចុះផ្សាយដូចខាងក្រោម។ សូមបញ្ជាក់ដែរថា លោក WANIMAL ជាអ្នកថតរូបឯករាជ្យមួយរូប ដែលមានឯកទេសខាង«រូបភាពមនោរអារម្មណ៍ ឬកាមា» តែមិនមែនជាក្រុមហ៊ុនថតរូបនោះទេ៕