សហគមន៍ដីក្រហម រំលឹកខួបនៃការបណ្តេញចេញដ៏ឈឺចាប់
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៤ មករា ២០១៥
- កែប្រែចុងក្រោយ: January 25, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានការបណ្តេញចេញពីតំបន់ដីក្រហម ប្រជាពលរដ្ឋទាំងនោះ បានថ្លែងត្អូញត្អែរថាបានជួបនឹងការលំបាក និងការឈឺចាប់ជាច្រើន ទាំងមុននិងក្រោយនៃការបណ្តេញនោះ។ ប្រជាសហគមន៍ទាំងនោះខ្លះ បានរងគ្រោះនឹងអំពើហិង្សាពីសំណាក់អាជ្ញាធរយ៉ាងជូរចត់ ហើយថែមទាំងត្រូវបង្ខំឲ្យទៅរស់នៅ ក្នុងតំបន់ដាច់ស្រយាល ខ្វះសព្វខ្វះគ្រប់ រាប់ចាប់ពីការប្រកបរបររកស៊ី ទាំងទឹក-ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារជាដើម។ ប្រជាសហគមន៍ខ្លះទៀត ត្រូវជំពាក់បំណុលគេ បាត់បង់ការសិក្សា និងសិទ្ធិសេរីភាព ដែលត្រូវឲ្យពួកគាត់រស់នៅយ៉ាងវេទនាមកដល់សព្វថ្ងៃ។
ទាំងអស់នេះហើយ ដែលជំរុញឲ្យក្រុមសហគមន៍ដីក្រហមធ្វើពីធីជួបជុំគ្នាមួយ កាលពីថ្ងៃសៅរិ៍ ទី២៤ ខែមករា វេលាម៉ោងប្រមាណជា ៤រសៀល ដើម្បីរំលឹកពីការឈឺចាប់ ដែលធ្លាប់បានរងនូវការបណ្តេញចេញ ពីលំនៅដ្ឋានរបស់ពួកគេ នៅតំបន់ដីក្រហម។ ពិធីនេះ ក៏មានការចួលរួមពីសហគមន៍បឹងកក់ដែរ ដើម្បីបានចែករំលែកពីផលលំបាករបស់ពួកគេ បន្ទាប់ពីការបណ្តេញចេញដូចគ្នា។ អ្នករៀបចំកម្មវិធីបានបង្កើតឲ្យមាន ជាការចែកជាខិតប័ណ ទាក់ទងនឹងស្ថានភាពដីធ្លី នៅតំបន់ដីក្រហមទៅសារធារណៈជន និងមានការចាក់បញ្ចាំងខ្សែវីដេអូ ដែលបង្ហាញពីទិដ្ឋភាព នៃការបណ្តេញអ្នកសហគមន៍ដីក្រហមចេញ កាលពីឆ្នំា ២០០៩។
លោក ចាន់ វិចិត្រ អតីតអ្នកសហគមន៍ដីក្រហម បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា ការជួបជុំនេះ ក្រុមលោកចង់បង្ហាញពីការឈឺចាប់ ដែលអាជ្ញាធររាជធានីបានបណ្តេញពួកគាត់ ចេញពីលំនៅដ្ឋាន ដោយមានការឈូសឆាយផ្ទះសំបែង ការប្រើអំពើហឹង្សាមកលើក្រុមសហគមន៍។ ការជួបជុំគ្នានេះ ក៍ចង់បង្ហាញពីផលលំបាករបស់អតីតសហគមន៍មួយចំនួន ប្រាប់ទៅអ្នកដែលយកដីធ្លីនៅតំបន់នោះ ទៅបើកជាកន្លែងរងស៊ី និងអ្នកដែលតែងតែមកផឹកស៊ីសប្បាយ លើគំនរទុក្ខរបស់ពួកគាត់ផងដែរ។
លោកបន្ថែមថា ការដែលមានអ្នកមកកំសាន្ត និងមកផឹកស៊ីសប្បាយនៅហាង ស្ថិតនៅលើអតីតតំបន់ដីក្រហមនេះ ជាការប្រមាថម៉ាក់ងាយ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដីក្រហម ដែលទទួលរងការឈឺចាប់យ៉ាងខ្លាំង ដោយការបណ្តេញចេញ កាលពី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០០៩កន្លងទៅ។ ហើយការឈឺចាប់នេះ នៅតែដក់ជាប់នឹងអារម្មណ៍របស់ពួកគាត់ជានិច្ច។
គួបញ្ជាក់ថា ក្រុមហ៊ុនដែលបានដណ្តើមដី ពីសហគមន៍ដីក្រហមនោះឈ្មោះ 7 NG។ រីឯប្រជាពលរដ្ឋ ដែលរងការបណ្តេញចេញពីលំនៅដ្ឋាន ក្នុងតំបន់ដីក្រហមនេះ មានជាង ១៦០ គ្រួសារ និង រាប់រយគ្រួសារទៀត ជាប្រជាពលរដ្ឋអ្នកជួលផ្ទះ ប្រកបរបររកស៊ីនៅក្នុងតំបន់នោះ។ បន្ទាប់ពីមានការបណ្តេញចេញដោយវិធានការក្ដៅនោះ រដ្ឋាភិបាលបានបញ្ជូនពួកគេ ឲ្យទៅរស់នៅតំបន់ពីរកន្លែង គឺភ្នំបាតនិងបុរីសន្តីភាពជិតពន្ធនាគារព្រៃសរ។ ប៉ុន្តែដោយប្រជាពលរដ្ឋមួយចំនួន មិនអាចបន្សុំាខ្លួន ទៅរស់នៅក្នុងតំបន់ទាំងនោះបាន ក៍បានចាកចេញមករស់នៅក្នុងទីក្រុងភ្នំពេញវិញ៕