កឹម សុខា ចូល​ខ្លួន​តាម​ការ​កោះ​របស់​តុលាការ ទោះ​មាន​«អភ័យ​ឯកសិទ្ធ​សភា»

លោក កឹម សុខា បានចូលខ្លួន នៅព្រឹកថ្ងៃនេះ ទៅតាមដីកាកោះ របស់សាលាដំបូងរាជធានីភ្នំពេញល ដើម្បីឲ្យមកចាំឆ្លើយ ទៅនឹងសំនួរមួយចំនួន របស់តំណាងអយ្យការ ពាក់ព័ន្ធនិងករណីអំពើហិង្សា នៅផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤។ ការចូលខ្លួន របស់តំណាងរាស្ត្ររូបនេះ បានធ្វើឲ្យ«អត្ថន័យ» នៃអភ័យឯកសិទ្ធសភា របស់ប្រទេសកម្ពុជា បង្កជាភាពមន្ទិលឡើង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី៧ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 08, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥នេះ ជាថ្ងៃដែលលោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា ត្រូវដល់ពេលកំណត់តាមដីកា របស់សាលាដំបូងរាជធានីភ្នំពេញ ដែលតម្រូវ ឲ្យមកបង្ហាញខ្លួន និងអង្គុយចាំឆ្លើយ ទៅនឹងសំនួរមួយចំនួន របស់តំណាង​អយ្យការ ពាក់ព័ន្ធនិងរឿងហិង្សា នៅផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤។ តែមកទល់នឹងពេលនេះ នៅចំពោះការចូល​ខ្លួន របស់មេដឹកនាំគណបក្សប្រឆាំង ដែលជាតំណាងរាស្ត្រមួយរូបនោះ បានបង្កឲ្យមាន ភាពចម្រូងចម្រាស់ខ្លាំង​នៅ​ឡើយ ជុំវិញ​ការលើកឡើង ថាតើជាការរំលោភ«អភ័យឯកសិទ្ធសភាព» ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញ របស់កម្ពុជា ឬ​យ៉ាង​ណា?

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានសុំការបញ្ជាក់ ពីលោក មុត ចន្ថា នាយខុទ្ធកាល័យ លោក កឹម សុខា តែលោកមិន​បាន​ធ្វើការបកស្រាយ អ្វីច្រើន ក្រៅតែពីបានថ្លែងឲ្យដឹងថា ដីកាកោះរបស់តុលាការ ត្រូវបានខាងលោកទទួលរួចហើយ ឯ​ព័ត៌មាន​​លំអិត ត្រូវសួរខាងមេធាវី ដែលជាតំណាងផ្លូវច្បាប់។

លោកមេធាវី ជូង ជូងី ដែលជាតំណាងផ្លូវច្បាប់ ឲ្យលោក កឹម សុខា បានថ្លែងថា បើតាមលោក កឹម សុខា ដែលបច្ចុប្បន្ន​នេះ ជាថ្នាក់ដឹកនាំស្ថាប័នច្បាប់កំពូល របស់កម្ពុជា និងមានអភ័យឯកសិទ្ធិសភាទៀតនោះ មិនត្រូវចូលខ្លួន មកធ្វើការ​បក​ស្រាយ ដូចជនសង្ស័យ ឬអ្នកជាប់ចោទ នៅចំពោះមុខតុលាការបានទេ ព្រោះវាខុសច្បាប់។ លោក ជូងី បានបញ្ជាក់ថា៖ «គាត់​ជា​អនុប្រធានទី១ នៃរដ្ឋសភា ជាស្ថាប័ននីតិបញ្ញតិ្ត ជាថ្នាក់ដឹកនាំ បែរជាអយ្យការអមសាលាដំបូង ទើបនឹងកោះ​ហៅ គាត់​ដូច​ជា​មិនត្រូវ។ (...) គាត់ក៏មានពេលរវល់ខ្លាំង ក្នុងការងារ ជាមួយស្ថាប័នរបស់គាត់ដែរ។»

រីឯលោក ចាន់ ចេង មេធាវីមួយរូបទៀត របស់លោក កឹម សុខា ក៏ធ្លាប់បានលើកឡើងដែរ កាលពីពេលថ្មីៗនេះថា ដីកា​ដែល​ចេញដោយតុលាការ វាបានខុសទៅនឹងនីតិវិធីច្បាប់។ លោកបានអះអាងថា លោក កឹម សុខា កំពុង មាន​អភ័យ​ឯក​សិទ្ធិ​សភា​នៅឡើយ ពិសេសលោក ជាអនុប្រធានទីមួយនៃរដ្ឋសភាថែមទៀត ដែលជាការបំពានលើអង្គការនីតិបញ្ញត្តិ ពីសំណាក់អង្គការតុលាការ។

ករណីខាងលើ ត្រូវបានមន្រ្តីសង្គមស៊ីវិលមួយរូប បង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា តាមផ្លូវច្បាប់ លោក កឹម សុខា អាច​ចូលទៅតាមការកោះរបស់តុលាការបាន។ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេត របស់អង្គការការពារ​សិទ្ធិមនុស្ស លីកាដូ បានបញ្ជាក់ថា៖ «នៅក្នុងដីកា មិនទាន់បញ្ជាក់ ពីការចោទប្រកាន់នៅឡើយ គ្រាន់តែជាការសាកសួរ​ប៉ុណ្ណោះ។ (…) ឃាត់ខ្លួនមិនបានទេ ព្រោះមិនមែន ជាបទល្មើសជាក់ស្តែង ហើយជាបទឧក្រិដ្ឋ ទើបអាចឃាត់ខ្លួនបាន។ (...) សូម្បីតែការចោទប្រកាន់នោះ ក៏មិនអាចធ្វើទៅបានដែរ ទាល់តែតុលាការចាំបាច់ ត្រូវធ្វើការស្នើសុំទៅរដ្ឋសភាជាមុន ក្នុងការស្នើសុំ ឲ្យមានការដកអភ័យឯកសិទ្ធិសភា ក្រោមសម្លេង ២ភាគ៣។»

» សូមអានអត្ថបទទាក់ទង៖ តុលាការអាចចោទប្រកាន់ កឹម សុខា?

ការកោះហៅអនុប្រធានទី១ នៃរដ្ឋសភាមកពីគណបក្សប្រឆាំង នាពេលនេះ បន្ទាប់ពីលោក ហ៊ុន សែន បានធ្វើការ​ព្រមាន​កាលពីពេលកន្លងមក ថាលោកនឹងមិនលើកលែង ឲ្យលោក កឹម សុខា ឡើយក្នុងរឿង «ប៉ុនប៉ងផ្ដួលរំលំ​រដ្ឋាភិបាល» នោះឡើយ។ នាយករដ្ឋមន្រ្តីកម្ពុជា បានបន្ថែមថា ទោះជាលោក កឹម សុខា មានឋានៈអ្វីនោះទេ ក៏ត្រូវចូល​ខ្លួន​ទៅបំភ្លឺ​នៅ​តុលាការដែរ ព្រោះរឿងរបស់លោក (កឹម សុខា) កំពុងមានស្រាប់នៅតុលាការ។

លោក កឹម សុខា ធ្លាប់ត្រូវបានកោះ ឲ្យចូលខ្លួនទៅបំភ្លឺ ក្នុងសំណុំរឿងអំពើហិង្សា នៅផ្លូវវ៉េងស្រេងតែមួយ នៅចំពោះមុខ​តុលាការម្ដង រួចមកហើយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ពេលដែលលោក នៅមិនទាន់កាន់តំណែង ជា​អនុប្រធាន​រដ្ឋសភា និងការផ្តល់អភ័យឯកសិទ្ធិសភា ដោយព្រះមហាក្សត្រ។

សម្រាប់អ្នកនាំពាក្យ លោក ផៃ ស៊ីផាន និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីផងនោះ បានប្រើពាក្យឌឺដង ទៅ​កាន់​លោក កឹម សុខា ឲ្យមានភាពក្លាហាន ក្នុងការប្រឈមមុខចំពោះតុលាការ ក្នុងថ្ងៃនេះ។ លោក ផៃ ស៊ីផាន បានសរសេរ​ថា៖ «ខ្ញុំជឿជាក់ថា ឯ.ឧ នៅក្នុងឧត្តមគតិនេះ (នឹងធ្វើតាម) ការកោះហៅរបស់តុលាការ ដែលបង្គាប់ឲ្យចូលខ្លួន នៅថ្ងៃ​ទី៨ ខាងមុខ។ នេះ គឺជាឧទាហរណ៌មួយ សម្រាប់ហេតុផល ដែលកើតចេញ ពីសកម្មភាពរបស់ ឯ.ឧ។»

» សូមអានអត្ថបទទាក់ទង៖ ផៃ ស៊ីផាន ប្រតិកម្មតប កឹម សុខា លើពាក្យ «ដៃគូសន្ទនា»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...