សំនុំ​រឿង​«ព្រះសង្ឃ​វត្ត​ពោធិ៍លង្កា​យក​ស្រី​ដេក» ជា​ការ​បំភ្លៃ​គិត​ទុក​ជា​មុន?

ចំពោះពាក្យតិះដៀល ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានរិះគន់ ទៅលើព្រះសង្ឃពីរអង្គ ដែលគង់នៅ​វត្ត​ពោធិ៍លង្កា ខេត្តសៀមរាប បន្ទាប់ពីវីដេអូមួយបានបែកធ្លាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក​នា​ពេល​ថ្មីនេះ ត្រូវបាន​ព្រះ​សង្ឃ ដែលគង់នៅវត្តមួយនេះបកស្រាយថា គឺជាផែនការគិតទុកជាមុនមួយ ដើម្បីបំភ្លៃ និង​ចោទ​ប្រកាន់​ទៅ​លើ​ព្រះសង្ឃ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី៣០ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: October 01, 2014
  • ប្រធានបទ: ប្រព័ន្ធយត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា​កន្លង​ទៅ ដែល​បាន​កើត​ឡើង​នៅ​វត្ត​ពោធិ៍លង្កា ស្ថិត​នៅ​ក្រុង​សៀមរាប ដោយ​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​សង្ឃ បាន​ធ្វើការ​ឃាត់​ខ្លួន និង​ចាប់​ផ្សឹក​ព្រះសង្ឃ​ពីរ​នាក់ ទាំង​កណ្តាល​អាធ្រាត​ភ្លាមៗ ព្រម​ទាំង​បញ្ជូន ឱ្យ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ សង្កាត់​ស្ល​ក្រោម ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ក្នុង​ពេល​ដែល​ប្រទះ​ឃើញ សង្ឃ ២អង្គ ព្រម​ទាំង​និស្សិត​ពីរ​នាក់ និង​ស្រ្តី​វ័យ​ក្មេង​២រូប កំពុង​ផឹក​ស៊ី​ក្នុង​កុដិ។

វីដេអូថតពីព្រឹត្តិការណ៍ នាយប់ថ្ងៃទី១៨ ខែកញ្ញា ត្រូវបានអាជ្ញាធរសមត្ថកិច្ច ដែលអួតអាង​ថា​បានចុះបង្ក្រាប​ពាក់ព័ន្ធនឹង ករណីខាងលើ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បញ្ឆេះកំហឹងរបស់ក្រុមអ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ហើយបានដៀលត្មះជនសង្ស័យទាំង៦នាក់យ៉ាងចាស់ដៃ។ ព្រះសង្ឃទាំងពីរអង្គ ដែល​ត្រូវ​អាជ្ញាធរ​ខេត្តសៀមរាប ចោទប្រកាន់ពីបទជួញដូរ និងប្រើប្រាស់ថ្នាំញៀន សេពសុរានិងស្រី និងវ៉ៃ​ប៉ូលីស មាន​ព្រះនាម​ថា ពេជ្រ ដេវិត អាយុ៣៥ឆ្នាំ និងចាន់ សំបូរ អាយុជាង២០ឆ្នាំ។

ឆ្លើយតបនឹងការចោទប្រកាន់នេះ នៅក្នុងសន្និសិទថ្ងៃទី៣០ ខែកញ្ញា ក្រុមព្រះសង្ឃដែលនៅវត្តពោធិ៍លង្កា និងប្រធានអង្គការធម្មទានសង្គម បានថ្លែងយ៉ាងដូច្នេះថា វីដេអូដែលគេបង្ហោះនៅបណ្តាញសង្គមហ្វេសប៊ុក វាមិនមែនជាការពិតនោះទេ ព្រះភិក្ខុ ពេជ្រ ដេវីត គឺជាព្រះសង្ឃត្រឹមត្រូវមួយអង្គ ហើយលោក ក៏ជាប្រធាន​អង្គការមួយ ដែលជួយសង្គ្រោះកុមារជាង ៤៥០នាក់។

ព្រះតេជគុណ ហួរ សុផាត ដែលគង់នៅវត្តពោធិ៍លង្កា មានថេរៈដីការយ៉ាងដូច្នេះថា នេះជាការគិតទុកជាមុន ដើម្បីធ្វើបាបព្រះភិក្ខុ ពេជ្រ ដេវិត ព្រោះព្រះអង្គមានសកម្មភាពជាច្រើន ដែលជួយដល់សង្គម។ ព្រះអង្គបន្ត​ថា ក្នុងថ្ងៃកើតហេតុ ការធ្វើកោសល្យវិច្ឆ័យទាក់ទងនឹងបទចោទស្រី ស្រា ថ្នាំញៀន គឺមិនជាប់ពាក់ព័ន្ធ​ទាំង​អស់។ ប៉ុន្តែ នៅពេលដែររកមិនឃើញកំហុស របស់ព្រះអង្គហើយ អាជ្ញាធរនៅតែបន្តឃុំព្រះអង្គនៅក្នុង​ពន្ធនាគារ​ទៀត។

» សូមអានអត្ថបទមុន ដែលទាក់ទងនឹងអង្គហេតុ កើតឡើងនៅយប់នោះ លើកឡើងដោយព្រះសង្ឃ មកពីវត្តពោធិ៍លង្កា។


សន្នីសីទការសែត របស់អង្គការធម្មទានសង្គម។ (រូបថត MONOROOM.info/S.Tith)

ចំណែក ព្រះតេជគុណ សេង សុខុម បានមានថេរៈដីការថា នៅយប់ថ្ងៃទី១៨ ខែកញ្ញានោះ កងកម្លាំង​នគរបាល បានចូលមក ទាំងឯកសណ្ឋានស៊ីវិល និងគ្មានទាំងដីការចាប់ខ្លួនផង បានមកចាប់ព្រះអង្គ ពេជ្រ ដេវីត ដាក់ខ្នោះ និងវាយធ្វើទារុណកម្មដោយដំបងឆក់ យ៉ាងសាហាវ។ ព្រះសង្ឍអង្គនេះ​បន្តថា កាលពី​មុន​ ព្រះភិក្ខុ ពេជ្រ ដេវីត ធ្លាប់មានប៉ះពាល់ពាក្យសម្តី ជាមួយព្រះអធិការវត្តនេះម្តង ពេលដែលព្រះចៅ​អធិការវត្ត​រូបនោះ ចង់ដេញនិស្សិត និងសាមណនិស្សិតចេញពីវត្ត ប៉ុន្តែព្រះតេជគុណ ពេជ្រ ដេវីត បានសម្រុះសម្រូល មិនឱ្យមានការបណ្តេញចេញ។ តែព្រះអង្គថា មិនដឹងថារឿងនេះ ជារឿងគំនុំ ហើយរៀបគម្រោងដើម្បី​សង​សឹក ឬយ៉ាងណានោះទេ។

មហាបាតុកម្ម នឹងផ្ទុះនៅសៀមរាប

ចំពោះលោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងជាអ្នកអង្កេតផ្ទាល់ក្នុង​ករណី​នេះ បានលើកឡើងថា មានភាពមិនប្រក្រីតីជាច្រើន ជុំវិញករណីនេះ ហើយវាអាចនឹងមានការរំលោភបំពាន ទៅ​លើ​ព្រះពុទ្ធសាសនាផងដែរ។ លោកថាក្នុងករណីនេះ ទាំងពុទ្ធចក្រ និងអាណាចក្រ គួរតែធ្វើការស៊ើប​អង្កេត​ចំពោះករណីនេះ ដោយផ្នែកទៅលើយុត្តិធម៌។

ថ្លែងនាឱកាសសន្និកាសែតនៅថ្ងៃនេះដែរ ព្រះតេជគុណ ងីម សៅរិ៍សំខាន់ ប្រធានអង្គការធម្មទានសង្គម មានសង្ឃដីការ ការចាប់វាយព្រះសង្ឃ គឺជារឿងរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះពុទ្ធសាសនា និង​ពុទ្ធសាសនិក។ ព្រះអង្គបញ្ជាក់ថា ប្រសិនបើនៅតែគ្មានដំណោះស្រាយ រកយុត្តិធម៌ឱ្យព្រះភិក្ខុ ពេជ្រ ដេវីត ទេនោះ ព្រះអង្គនឹងដឹកនាំពុទ្ធបរិស័ទ ដែលស្នេហាវិស័យព្រះពុទ្ធសាសនា និងព្រះសង្ឃធ្វើមហាបាតុកម្ម​មួយ នៅទីក្រុងសៀមរាបនាពេលខាងមុខ។

មកដល់ម៉ោងនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនទាន់ទទួលប្រតិកម្មពីអាជ្ញាធរខេត្តសៀមរាបនៅឡើយ ជុំវិញ​ការលើកឡើងរបស់ក្រុមព្រះសង្ឃខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...