លក់អស់ស្រែចំការ ដើម្បីយកលុយមកបង់ឲ្យសាលាបោកប្រាស់?
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មករា ២០១៥
- កែប្រែចុងក្រោយ: January 29, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីរកអន្តរាគមន៍ ពីក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល មិនបានលទ្ធផលរួចមក នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ក្រុមនិស្សិតនៃវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ ប្រមាណជា៦០នាក់ បាននាំគ្នាធ្វើការតវ៉ានៅមុខរដ្ឋសភាជាតិ ដើម្បីស្នើសុំឲ្យស្ថាប័នជាតិមួយនេះ ស្វែងរកដំណោះស្រាយបញ្ហាដ៏ចម្រូងចម្រាសរបស់ពួកគេ។ រឿងដែលដោះស្រាយមិនចេះចប់ និងធ្វើឲ្យដំណើរការតវ៉ា ឡើងមកដល់រដ្ឋសភានោះ ត្រូវបានពួកគេលើកមកបរិហាថា នោះដោយសារតែនាយកវិទ្យាស្ថានវិទ្យាសាស្ត្រអន្តរជាតិ បានបោកប្រាស់ពួកគេយ៉ាងចាស់ដៃ។
តំណាងនិស្សិតផ្នែកគិលានុប្បដ្ឋាកម្នាក់ យុវជន ថន រដ្ឋា បានរៀបរាប់ថា ពួកគេសុទ្ធតែជានិស្សិតក្រីក្រ គ្រួសាររបស់ពួកគេបានលក់គោលក់ក្របី និងមួយចំនួនទៀតយកទ្រព្យសម្បត្តិទៅបញ្ចាំធនាគារ ដើម្បីយកលុយមកបង់ឱ្យសាលា ឱ្យកូនបានរៀន ដោយសង្ឃឹមថាជីវភាពនឹងបានធូធារ លើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលពួកគាត់សង្ឃឹមទុក បានបរាជ័យ ដោយសារតែត្រូវបាននាយកវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ បោកប្រាស់និស្សិត។ លោកបន្តថា កន្លងមកនាយកសាលាតែងដើរប្រាប់អ្នកដទៃថា សិស្សដែលធ្វើការតវ៉ាទាំងនោះ ជាសិស្សអាហារូបករណ៍ដែលគេរើសយកមករៀន ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ប៉ុន្តែពួកលោកគឺជាសិស្សដែលបង់ថ្លៃដើម្បីរៀន ដែលបង់ថ្លៃ៥០០ដុល្លារក្នុងមួយឆ្នាំ។
«ហើយរយៈពេលនៃការរៀននេះ រៀនរយៈពេលបីឆ្នាំហើយ អញ្ចឹងគាត់អស់ទុន ដើម្បីឱ្យកូនមកបន្តការសិក្សាហើយ ពួកខ្ញុំមានតែប្តេជ្ញាចិត្ត ដើម្បីទាមទារតវ៉ានូវយុត្តិធម៌ជូនគាត់ដើម្បីជាការសងនូវជម្ងឺចិត្តផ្សេងៗ ចំពោះវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ ដែលបានបោកនិស្សិតនាពេលកន្លងមកនេះ» នេះជាការអះអាងរបស់និស្សិតខាងលើ ដែលបានអះអាងថា ខ្លួនជាជនរងគ្រោះ។
យុវជនិស្សិតបានលើកយមកមូលហេតុ ដែលលោកសម្អាងថា សាលាបាកប្រាស់ពួកលោកនោះ គឺដោយសាលាបានយកលុយពីនិស្សិតចំនួន៦០ដុលា្លរ ដើម្បីសម្របសម្រួលនិស្សិតចុះកម្មសិក្សា នៅតាមមន្ទីពេទ្យ។ ប៉ុន្តែផ្ទុយទៅវិញ សាលានេះមិនបានឱ្យនិស្សិតចុះកម្មសិក្សា នៅតាមមន្ទីពេទ្យ ដូចដែលនាយកសាលាបានសន្យាឡើយ។ និស្សិតបាននិយាយទៀតថា ដោយសារវិទ្យាស្ថានមួយនេះ គ្មានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ទើបក្រសួងមិនអនុញ្ញតឱ្យធ្វើការចុះកម្មសិក្សា។
ថន រដ្ឋា បញ្ជាក់បន្តថា វិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ បានប្តូឈ្មោះបីលើក និងបីទីតាំងមកហើយ។ ដំបូងមានទីតាំង នៅក្នុងមន្ទីពេទ្យព្រះកេតុមាលា ដែលមានឈ្មោះថាវិទ្យាស្ថានឯកទេសវិជ្ជសាស្រ្ត។ បន្ទាប់មកបានដូរទីតាំងមកភូមិសាគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែង មានឈ្មោះថាវិទ្យាស្ថានវេជ្ជសាស្រ្តពេទ្យ និងបច្ចុប្បន្ន បានប្តូរមកជាវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ ដែលមានទីនៅខណ្ឌទួលគោក ដែលមានលោក ហាក់ ចន្នី ជានាយកដដែល។
បើតាមការបញ្ជាក់របស់ យុវនិស្សិតដដែល បានឲ្យដឹងទៀតថា នាយកវិទ្យាស្ថានលោក ហាក់ ចន្នី បានកុហក ព្រោះបានសន្យា ជាមួយឪពុកម្តាយពួកគេថា នឹងរៀនបណ្ដើរ អាចចុះកម្មសិក្សានៅតាមមន្ទីរពេទ្យបណ្តើរ ហើយក្រោយពេលរៀន និងចុះទៅធ្វើការតាមសហគមន៍។ ហើយនាយកសាលាថែមទាំងសន្យាថា នឹងបញ្ជូនពួកគេទៅធ្វើកម្មសិក្សា នៅក្រៅប្រទេស ដូចជាប្រទេសវៀតណាមនោះទៀតផង។
នៅក្នុងការតវ៉ារបស់ក្រុមនិស្សិតនៅព្រឹកថ្ងៃទី២៨ ខែមករានេះ ពួកគេបានស្នើឱ្យរដ្ឋសភា៖
ទី១) កោះហៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ឲ្យមកធ្វើការស្រាយបំភ្លឺទាក់ទងនឹងបញ្ហា សាលាអត់មានអាជ្ញាប័ណ្ណបីឆ្នាំហើយ ប៉ុន្តែនៅតែអាចបើកបាន។
ទី២) ជួយជម្រុញឱ្យក្រសួងអប់រំ យុវជននិងកីឡា ចុះឈ្មោះនិស្សិត ដែលបញ្ចប់ការសិក្សាឆ្នាំទី៣ នៅវិទ្យាស្ថានវិទ្យាអន្តរជាតិ ឱ្យមាននៅក្នុងមុខវិជ្ជាគិលាននុប្បដ្ឋាក ដូចសាលាពេទ្យដទៃ និងទទួលស្គាល់និស្សិតទាំងអស់នេះ ថាបានទទួលបានបណ្តុះបណ្តាលជំនាញនេះផងដែរ។
ទី៣) ជម្រុញឱ្យក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល ផ្ទេរនិស្សិតក្រីក្រដែលរងគ្រោះទាំងនេះ ទៅរៀននៅសាលាមួយទៀតក្នុងឆ្នាំទី៣ ដោយឥតបង់ថ្លៃ និងចំនុចទី៤ជម្រុញឱ្យក្រសួង ដែលពាក់ព័ន្ធទាំងអស់ចុះទៅអន្តរាគមន៍ នៅវិទ្យាស្ថានវិទ្យាសាស្រ្តអន្តជាតិ ដើម្បីផ្តល់សំណង់ជម្ងឺចិត្តជូននិស្សិត។
ចំណែកនិស្សិតផ្នែកគិលានុប្បដ្ឋាកម្នាក់ទៀត កញ្ញា នេ ម៉ាលី បានបង្ហាញពីកង្វក់របស់ខ្លួនដែរថា ប្រសិនបើរដ្ឋសភាមិនធ្វើការដោះស្រាយឱ្យគេទេ នោះអនាគតរបស់ពួកគេ នឹងចប់ហើយ ព្រោះឪពុកមា្តយពួកគេគ្មានលទ្ធភាព ក្នុងការផ្តល់ថវិកាឱ្យបន្តការសិក្សា នៅសាលាណាផ្សេងទៀតនោះទេ បន្ទាប់ពីពួកគាត់បានយកលក់ដីស្រែ មកបង់ថ្លៃសាលាអស់រយៈពេលបីឆ្នាំមកហើយ។ កញ្ញាបន្តថា កញ្ញាពិតជាមានការព្រួយបារម្ភណ៍ខ្លាចគ្មានការងារធ្វើ ព្រោះនាងរៀនមុខវិទ្យាពេទ្យហើយ ទៅធ្វើការងារផ្សេងក៏គ្មានអ្នកណាទទួលដែរ។
នាយកវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ លោក ហាក់ ចន្នី មិនអាចទំនាក់ទំនាង ដើម្បីសុំការបកស្រាយ ពីការចោទប្រកាន់ខាងលើបានទេ នៅថ្ងៃនេះ៕