សម្ភាស អ៊ីវង់ ហែម៖ លំអងផេះផង់នៃវិស័យភាពយន្ដខ្មែរ នៅក្រោយសង្រ្គាម
- ដោយ: សុខជា រស្មី រៀបរៀង និងបកប្រែ៖ សុជារស្មី - កែសម្រួល៖ ដ.កែវ - ភ្នំពេញថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២
- កែប្រែចុងក្រោយ: September 27, 2012
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅទសវត្សឆ្នាំ៦០ វិស័យខ្សែភាពយន្តខ្មែរ បានងើបឡើងយ៉ាងខ្ពស់ត្រដែត ហើយបានធ្លាក់មកដល់សឹងតែចំណុចសូន្យ នៅក្នុងសម័យសង្គ្រាម ជាពិសេសនៅក្នុងរបបវាលពិឃាត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ។ វិស័យភាពយន្ដខ្មែរនេះ បានងើបឡើងមកវិញ នៅចុងទសវត្សឆ្នាំ ៨០ ក្រោយសង្រ្គាម ហើយបានធ្លាក់ដាំដូងចុះមកវិញយ៉ាងលឿនទៀត តែប៉ុន្មានឆ្នាំក្រោយមកប៉ុណ្ណោះ។ លោក អ៊ីវង់ ហែម ជាសមិទ្ធិករភាពយន្ដម្នាក់ ក្នុងចំណោមសមិទ្ធិករភាពយន្ដដទៃទៀត ដែលបាននៅរួចរស់មាន ជីវិតពីសង្រ្គាម ហើយបានចូលរួមស្ដារវិស័យនេះនៅចុងទសវត្សទី៨០នោះ ជាមួយនឹងភាពយន្ដដំបូងមួយរបស់លោក មានចំណងជើងថា «ស្រមោលអន្ធកាល»។
ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក អ៊ីវង់ ហែម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៨ខែសីហា ឆ្នាំ២០១២កន្លងទៅ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមបង្ហាញជូននូវកិច្ចសំភាសមួយ ក៏ដូចជាប្រវត្តិសង្ខេប នៃជីវិតរបស់សមិទ្ធិកររូបនេះ រៀបរៀងដោយអ្នកកាសែតបារាំងលោក ឡឺបា អាឡាំង (LEBAS Alain) ហើយបានផ្សាយនៅក្នុងកាសែត លីបេរ៉ាទីយ៉ុង (Libération) តាំងពីថ្ងៃ ១៤ ខែមេសា ឆ្នាំ១៩៩៧កន្លងមក។ សូមបញ្ជាក់ថា រាល់ព្រឹត្តិការណ៍នៅក្នុងអត្ថបទខាងក្រោមនេះ អាចជាព្រឹត្តិការណ៍ ដែលកើតមាន តែនៅជុំវិញសម័យកាលនៃឆ្នាំ ដែលកាសែតបារាំងបានចុះផ្សាយ ហើយអាចមិនមែន ជាព្រឹត្តិការណ៍ដែលកើតមាននៅថ្ងៃនេះទេ។
លោក អ៊ីវង់ ហែម និមិត្តរូបនៃសិល្បះមួយ ដែលបានស្លាប់ទៅជាមួយសង្គ្រាម
«វិស័យភាពយន្តខ្មែរលែងមានវត្តមានទៀតហើយ។» ក្រោយពីសម័យកាលដ៏រុងរឿងនៃវិស័យសិល្បៈទី៧ លោក អ៊ីវង់ ហែម បាននិយាយថា លោកបានឆ្លងកាត់ការលេបថ្មលេបគ្រួស យ៉ាងជូរចត់មួយ នៅក្នុងឆាកជីវិតរបស់លោក។ ក្នុងទសវត្សន៍ ឆ្នាំ៦០ ដែលជាសម័យកាលដ៏រុងរឿងនៃវិស័យភាពយន្តខ្មែរ លោកមានស្ទូឌីយ៉ូថតកុនផ្ទាល់ខ្លួនមួយ សំរាប់ថតភាពយន្ត ទំហំ១៦មម ដើម្បីសម្រេចនូវបំណងប្រាថ្នារបស់លោក។ នៅទីក្រុងភ្នំពេញនាសម័យនោះ ខ្សែភាពយន្តរបស់លោក ត្រូវបាន ចាក់បញ្ចាំងនៅរោងភាពយន្ដជាង៣០រោង។ បច្ចុប្បន្ននេះ លោកបានផលិតជាខ្សែវីដេអូខ្លីៗ សំរាប់ការអប់រំ អោយអង្គការ យូនីសែហ្វ (Unicef) ដោយប្រើម៉ាស៊ីនថតវេដេអូជាកាសែត វី អេជ អែស (Caméscope VHS)។ លោកបានសម្តែង ការសោកស្តាយថា៖ «បើមិនធ្វើដូច្នេះទេ ខ្ញុំមិនអាចចិញ្ចឹមគ្រួសាររបស់ខ្ញុំបានទេ។»
អ្វីដែលយើងមើលនៅក្នុងភាពយន្ដជំរើស ដែលគេបានដាក់បញ្ចាំង នៅក្នុងមហោស្រពភាពយន្ដ និងរូបភាព ប៊ីយាំងណាល់ (Biennale) ដែលបានបញ្ចប់ទៅកាលពីថ្ងៃទីទី៥ មេសាកន្លងទៅនៅទីក្រុងភ្នំពេញ ធ្វើអោយយើងមិនពិបាកយល់ នូវអ្វី ដែលលោក អ៊ីវង់ ហែម និយាយពីខាងលើនោះទេ។ នៅក្នុងមហោស្រព គេមើលឃើញមានតែភាពយន្ដប៉ុន្មានប៉ុណ្ណោះ ដែលបានដាក់បញ្ចាំង ក្នុងនោះខ្សែភាពយន្តថ្មីស្រឡាងមួយ ជាស្នាព្រះហស្ថរបស់ព្រះបាទ នរោត្តមសីហនុ (ព្រះមហាក្សត្រ របស់ប្រទេសកម្ពុជានៅពេលនោះ ហើយព្រះអង្គអ្នកនិពន្ធផង ជាងគំនូរ អ្នកនិពន្ធភ្លេង អ្នកលេងភ្លេង តួសម្តែង និងជា សមិទ្ធិករ ដែលបានផលិតខ្សែភាពយន្តជាច្រើនផង) ត្រូវបានអ្នករៀបចំចាត់ចែងមហោស្រព ដែលជាជនជាតិបារាំង ចាក់បញ្ចាំងនៅក្នុងពិធីបើកមហោស្រពដំបូង ដើម្បីជាការគោរពដល់ព្រះរាជបល័ង្គខ្មែរ។ ខ្សែរភាពយន្ដនេះ ជាការផលិតរួម រវាងផលិតកម្ម បារាំង-ខ្មែរ មួយមានឈ្មោះថា វ៉ារ៉ង់ (Varan)។ បន្ទាប់មកទៀត គេបានបញ្ចាំងខ្សែភាពយន្តចំនួន៣ទៀត ដែលជាសមិទ្ធិផល របស់លោក លី ប៊ុនយីម តាំងពីទស្សវត្សឆ្នាំ ៦០ និង រឿង«ស្រមោលអន្ធកាល» ជាភាពយន្ដឃោសនា អោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំថតដោយលោក អ៊ីវង់ ហែម នេះ ក្នុងឆ្នាំ១៩៨៨។
រយៈពេល៣ឆ្នាំ ប្រាំបីខែ ម្ភែថ្ងៃ នៃការរស់នៅប្រកបដោយការភ័យខ្លាច
វាសនារបស់លោក អ៊ីវង់ ហែម និងរបស់វិស័យ សិល្បៈទី៧ គឺស្ថិតនៅលើដងវិថីតែមួយ នឹងវាសនារបស់ប្រទេសកម្ពុជា។ លោកបានរំលឹកដែរថា៖ «ភាពយន្តខ្មែរសម័យមុន មានគុណភាពស្មើនឹងភាពយន្តថៃសព្វថ្ងៃនេះ»។ គឺបងស្រីរបស់លោក ឈ្មោះ ម៉ារី ហែម ជាអ្នកត្រួសត្រាយផ្លូវសំរាប់លោក។ នៅឆ្នាំ ១៩៦២ សមិទ្ធិករភាពយន្តបារាំង លោក ម៉ាកសែល កាមុស (Marcel Camus) បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីថតរឿង «បក្សីនៃថានសួគ៌» ដែលមាននាង ម៉ារី ហែម នេះជាតួអង្គស្រី។ លោក អ៊ីវង់ ហែម ពេលនោះអាយុ ២០ ឆ្នាំ មានអារម្មណ៍រំភើបជាខ្លាំង ដោយបានឃើញពី «ភាពអស្ចារ្យនៃកន្លែងថត ខ្សែភាពយន្ត» ហើយលោកក៏បានចុះឈ្មោះរៀនពីចំងាយ ជាមួយនឹងវិទ្យាស្ថានជាន់ខ្ពស់នៃភាពយន្ត (Idhec) ក្នុងប្រទេសបារាំង។ បន្ទាប់មកទៀត លោកបានធ្វើដំណើរ ទៅកាន់ប្រទេសបារាំង ដើម្បីចុះកម្មសិក្សា ហើយបានទិញម៉ាស៊ីនថតកុនទីមួយរបស់លោកខ្នាត១៦មម។ រវាងឆ្នាំ ១៩៦៥ និង ១៩៧០ លោកបានផលិតខ្សែភាពយន្តបានជាង២០រឿង។ លោកបាន មានប្រសាសន៍ថា៖ «ខ្ញុំបានត្រៀមថតខ្សែភាពយន្ត ទំហំ៣៥មម នៅពេលដែលសង្គ្រាមបានផ្ទុះឡើង»។
នៅឆ្នាំ ១៩៧៥ ខ្មែរក្រហមនិយមម៉ៅ បានវាយយកទីក្រុងភ្នំពេញពីរបបលន់ ណុល។ ជាលទ្ធផល នៃការកាន់អំណាចអស់ រយះពេល ជាងបីឆ្នាំរបស់របបវាលពិឃាត គឺប្រជាជនស្លូតត្រង់ ចំនួនពី១លានកន្លះ ទៅ២លាននាក់ ត្រូវនឹងមួយភាគបី នៃប្រជាជនសរុប បានស្លាប់បាត់បង់ជីវិត។ លោកពុំមានអ្វីបន្ថែមច្រើនទេ ដោយគ្រាន់តែនិយាយថា៖ «ខ្មែរក្រហមបាន សំលាប់ប្រពន្ធ និងកូនទាំងបួនរបស់ខ្ញុំ។»
នៅឆ្នាំ១៩៧៩ កងទ័ពរបស់ប្រទេសវៀតណាម បានបណ្តេញខ្មែរក្រហមចេញពីអំណាច ហើយបានដាក់បន្តុបរបបកុម្មុយនីសមួយទៀត នៅទីក្រុងភ្នំពេញ។ លោក អ៊ីវង់ ហែម រើសប្រមូលបានម៉ាស៊ីនថតចំនួន ៧គ្រឿង ដែលគេបោះបង់ ចោលនៅតាមផ្លូវកណ្ដាលទីក្រុង ហើយលោកបានជួសជុលអោយដំណើរការបានពីរគ្រឿង ប៉ុន្តែមិនអាចថតភាពយន្តបានទេ។ កងទ័ពវៀតណាមដែលជាអ្នករំដោះ តែមិនសូវជាអ្នកចូលចិត្តសហភាពសូវៀតប៉ុន្មាននោះ បានដាក់កំហិតយ៉ាងខ្លាំង ទៅលើអ្នកស្តាលីននិយម។ លោក អ៊ីវង់ ហែម ខាំមាត់សង្កត់ចិត្តទទួលយកនូវការអត់ធ្មត់នេះ។ លោកបានធ្វើ ដំណើរទៅមកពីភ្នំពេញ ទៅ ព្រៃនគរ (ទីក្រុងហូជីមីញសព្វថ្ងៃ) ដើម្បីធ្វើការផ្តោះប្តូរសំភារៈ ដែលទាហានអាមេរិក បានទុកនៅនឹងកន្លែង។ បន្តិចម្តងៗ លោកបានសាងសង់ឡើងវិញ នូវស្ទូឌីយ៉ូថតកុនដែលមានលក្ខណៈចំរុះមួយ។ នៅគ្រា នោះហើយ ដែលលោកបានរៀបការសារជាថ្មី ជាមួយនឹងប្អូនថ្លៃរបស់លោក ហើយបង្កើតបានកូនបួននាក់មកទៀត។ លោកបាននិយាយ ដោយអ៊ឹមអៀនខ្លះៗថា៖ «ខ្ញុំមានកូនបួននាក់ ដែលត្រូវខ្មែរក្រហមសំលាប់ចោល ហើយឥឡូវនេះ ខ្ញុំមានកូន បួននាក់ទៀត។ បើនិយាយមែនទែនទៅ គឺបួនទៅបួនមក មិនមានអ្វីផ្លាស់ប្តូរទេ។»
លុះមកដល់ឆ្នាំ១៩៨៨ប៉ុណ្ណោះ ទើបសមិទ្ធិករភាពយន្តរូបនេះ ទទួលបានការអនុញ្ញាត ក្នុងការថតខ្សែភាពយន្តសារជាថ្មី។ ដោយសារហេតុនេះហើយ ទើបខ្សែភាពយន្ត «ស្រមោលអន្ធកាល» នេះ ត្រូវបានចាប់កំណើត ហើយជាខ្សែភាពយន្តឃោសនាអោយរបបមួយ ដែលលើកបន្តុបឡើងដោយវៀតណាម មានលក្ខណៈប្រហាក់ប្រហែល នឹងភាពយន្ដអាមេរិកាំងឈ្មោះ «វាលពិឃាត»។ ទោះបីជាខ្សែភាពយន្ដ ត្រូវបានផលិត និងផ្តល់ហិរញ្ញវត្ថុ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនោះក៏ដោយ ក៏វានៅតែជា ខ្សែភាពយន្ត ដែលកើតចេញពីបាតដៃរបស់លោកដដែល។ លោក អ៊ីវង់ ហែម បាននិយាយការពារថា៖ «វាប្រាកដណាស់ ដែលថាខ្សែភាពយន្តនេះ គឺជារឿងប្រឌិតសំរាប់ឃោសនា។ ប៉ុន្តែ បើនិយាយពីបច្ចេកទេសថត និងគុណភាពផ្នែកសិល្បៈ វាគឺជាជោគជ័យមួយ។» លោកបានបន្ថែមទៀតថា៖ «វាជាការពិត ដែលវៀតណាមបានជួយសង្គ្រោះយើង ពីកណ្តាប់ដៃខ្មែរក្រហម។» តែជារឿងមួយពិបាក សំរាប់ទស្សនិកជនខ្មែរ ក្នុងការទទួលយក ពីព្រោះថា អ្នករំដោះពួកគេ ក៏ជាសត្រូវប្រវត្តិសាស្ត្ររបស់ពួកគេដែរ។
ពីឆ្វេងទៅស្ដាំ អ្នកស្រីឌី សាវេត លោកលី ប៊ុនយីម និងលោកអ៊ីវង់ ហែម
គ្មានទេការសងសឹក!
នៅឆ្នាំ ១៩៩០ ប្រទេសកម្ពុជាបានចាប់ផ្ដើមរស់រានមានជីវិតឡើងវិញ នៅសឹងគ្រប់វិស័យ។ បន្ទាប់ពីបានរួចផុត ពីការហាមឃាត់ នៅក្នុងរបបកុម្មុយនីស លោក អ៊ីវង់ ហែម បានផលិតចេញនូវខ្សែភាពយន្តមួយ មានចំណងជើងថា «មហិច្ចតាបីសាច» ដែលដកស្រង់ពីរឿងព្រេងខ្មែរ។ អ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុ សំរាប់ថតរឿងនេះ គឺខ្មែរដែលរស់នៅឯនាយ សមុទ្រ។ ខ្សែភាពយន្តនេះបានបកស្រាយ អំពីការសងសឹក៖ មានមហេសីស្ដេចមួយអង្គ បានលង់ស្រលាញ់ធ្មប់ប្រុសម្នាក់ រហូតមានផ្ទៃពោះ។ ស្តេចមានសេចក្តីក្រេវក្រោដយ៉ាងខ្លាំង ហើយបានប្រហារជីវិតមហេសីនោះ ប៉ុន្តែព្រះមហេសីនោះ នៅតែប្រសូតបានបុត្រមួយ ដែលមានរូបរាងជាបីសាច។ រាជបុត្រាស្នងរាជ ក៏បានលង់ស្នេហ៍នឹងបីសាចនេះទៀត ហើយ ក៏បង្កើតបានកូនបីសាចម្នាក់ទៀត។ ជាសារមួយ ដែលឆ្លុះអោយឃើញយ៉ាងច្បាស់៖ នៅប្រទេសកម្ពុជាដែលកាន់ ព្រះពុទ្ធសាសនាជាយូរមកហើយនោះ ការសងសឹកមិនដូចជាចំណី ដែលត្រូវតែទទួលទានភ្លាមៗ ទាំងត្រជាក់ឬក្ដៅនោះទេ។
លោក អ៊ីវង់ ហែម បានបញ្ជាក់ថា៖ «យើងត្រូវចេះអធ្យាស្រ័យគ្នា ហើយខ្មែរក្រហមក៏ជាខ្មែរដែរ។ ការសងសឹកទៅវិញទៅមក វានឹងក្លាយជាសង្គ្រាម ហើយយើងភ័យខ្លាចនឹងសង្គ្រាមណាស់។»
សមិទ្ធិករភាពយន្តខ្មែរទាំងបីរូប
ខ្សែភាពយន្តរឿង «ស្រមោលអន្ធការ» និង «មហិច្ចតាបីសាច» គឺជាខ្សែភាពយន្តតែពីរខ្សែគត់ដែលលោក អ៊ីវង់ ហែម បាន ថតប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកមានគំរោងផ្សេងទៀតជាច្រើន។ ប៉ុន្តែលោកបដិសេធ មិនផលិតអោយចេញជារូបរាង ដោយធ្លោយជាសំដីថា «វាមានហនិភ័យច្រើនជ្រុល។» ខ្មែរក្រហមបានបំផ្លាញនូវសិល្បះទី៧ដល់ឬសគល់ ហើយសព្វថ្ងៃ ច្បាប់រក្សាសិទ្ធ និងការពារកម្មសិទ្ធបញ្ញា នៅខ្វះចន្លោះ លំហូរចូលដោយខ្វះការត្រួតពិនិត្យ នៃភាពយន្ដបរទេស និងការ ករកើតនៃផលិតកម្មវីដេអូតូចៗជាច្រើន ជាហេតុធ្វើអោយប៉ះពាល់ដល់ការរស់រានមានជីវិតនៃវិស័យភាពយន្ដ។ លោក លើកឡើងដូច្នេះថា៖ «បើអ្នកខំប្រឹងថតកុន ដោយប្រើបច្ចេកវិទ្យាទំហំ ១៦មម នៅថ្ងៃនេះ តែនៅថ្ងៃស្អែក អ្នកនឹងឃើញ សមិទ្ធិផលរបស់អ្នកនេះ មានគេលួចចម្លងដាក់លក់ ក្នុងតំលៃតែ២ដុល្លាប៉ុណ្ណោះ នៅក្នុងទីផ្សារនានា នៃទីក្រុងភ្នំពេញ។» ជាមូលហេតុចំបងមួយ ដែលសូម្បីតែលោក លី ប៊ុនយីម សមិទ្ធិករជើងចាស់ដែរនោះ ក៏លោកមិនផលិតឡើងវិញដែរ។ នៅទីក្រុងភ្នំពេញ មានរោងភាពយន្តចាស់ៗប្រមាណជាបី ទៅបួនរោងប៉ុណ្ណោះ ដែលបញ្ចាំងភាពយន្ដមកពីថៃ រឺ ចិនហុងកុង។
នៅក្នុងកិច្ចពិភាក្សាមួយ ទាក់ទងនឹងខ្សែភាពយន្ត ប្រព្រឹត្តិឡើងនៅសកលវិទ្យាល័យភូមិន្នភ្នំពេញ និស្សិតម្នាក់បានត្អូញថា «ក្រៅពីម៉ោងបញ្ចាំង ដែលជារឿយៗយឺតជាងម៉ោងកំណត់នោះ នៅក្នុងរោងកុនមានសភាពក្តៅស្អុះស្អាប់ ហើយតំលៃសំបុត្រ ក៏ថ្លៃណាស់ដែរ (ពី២៥០០រៀល ទៅ ៥០០០រៀង)។ តែបើខ្ញុំជួលកាសែតវិញ ខ្ញុំចំណាយត្រឹមតែ ៥០០រៀលប៉ុណ្ណោះ ហើយខ្ញុំអាចទុកវាដល់ទៅមួយសប្តាហ៍។»
ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌របស់ប្រទេសកម្ពុជា បានរៀបរាប់ក្នុងកាសែតភ្នំពេញប៉ុស្តិ ប៉ុន្មានថ្ងៃមុនការបើកមហោស្រព ប៊ីយាំងណាល់ (Biennale) នោះថា៖ «ព្រះមហាក្សត្រតែមួយអង្គគត់ ដែលហ៊ានផលិតខ្សែភាពយន្ត។ ចំណែក ឯ សមិទ្ធករដទៃទៀត ត្រូវមានអាជីពផ្សេងទៀត ដើម្បីរស់។» ចន្លោះពីឆ្នាំ ១៩៦៦ ដល់១៩៩៥ ព្រះរាជបល័ង្គ ផលិតភាពយន្តបានចំនួន២៤ ។ មានខ្សែភាពយន្តខ្លះ មានលក្ខណៈជាភាពយន្ដស្នេហា ហើយមានរយៈពេល ដល់ទៅបួនម៉ោង។ ពាក្យសន្ទនា ក្នុងខ្សែភាពយន្តមានលក្ខណៈយឺតៗ ហើយតួសម្តែងភាគច្រើន សុទ្ធតែជាព្រះញាតិវង្ស រឺមន្ត្រីជាន់ខ្ពស់។ ដោយត្រូវគេវាយប្រហារជាញឹកញាប់ ទៅលើគុណភាពសិល្បៈរបស់ទ្រង់ ព្រះមហាក្សត្រ នរោត្តមសីហនុ តែងបានការពារព្រះអង្គឯងថា៖ «ភាពយន្តទាំងនេះ សុទ្ធសឹងជាខ្សែភាពយន្តឯកសារ»។
ទោះបីនៅពេលនោះ លោកមានអាយុ ៥៥ឆ្នាំហើយក៏ដោយ លោក អ៊ីវង់ ហែម នៅតែរក្សាក្តីសង្ឃឹមរបស់លោកជានិច្ច។ រូបលោក និងលោក លី ប៊ុនយីម បានកំពុងបង្វឹកក្មេងជំនាន់ក្រោយ ប្រហែលជា ៣០នាក់ ដោយឥតបង់ថ្លៃ នៅនឹងគេហដ្ឋានរបស់លោក អ៊ីវង់ ហែម។ លោក អ៊ីវង់ ហែម ទទួលបន្ទុកបង្ហាត់ក្មេងៗ ដែលមានបំណងចង់ក្លាយជាសមិទ្ធិករ ភាពយន្ដ ឯលោក លី ប៊ុនយីម បង្ហាត់ផ្នែកនាដកម្មដល់សិស្សដទៃទៀត។ លោកទាំងពីររូបនេះបានអះអាងថា៖ «ការផលិត ភាពយន្តជារឿងមួយ តែបង្ហាត់ក្មេងជំនាន់ក្រោយ ជាអាទិភាពរបស់ពួកយើង ដែលយើងត្រូវធ្វើ» ហើយវាជាសាលាភាពយន្ដ តែមួយគត់នៅក្នុងប្រទេសកម្ពុជា។
ក្នុងចំនោមសមិទ្ធិករភាពយន្តប្រមាណជា១៨០នាក់ ដែលយើងបានស្គាល់ក្នុងទសវត្សឆ្នាំទី៦០ មានតែ៣នាក់ប៉ុណ្ណោះ (លោក អ៊ីវង់ ហែម លោកលី ប៊ុនយីម និងលោក ម៉ៅ អាយុទ្ធ) ដែលនៅបន្តធ្វើការ នៅក្នុងវិស័យភាពយន្ត។ ចំណែកឯ សមិទ្ធិករដទៃទៀតបានស្លាប់ និងខ្លះទៀតបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស៕