ប៉ាន រិទ្ធី សមិទ្ធិករភាពយន្ដ The missing picture ទទួលពានរង្វាន់ពហុវិស័យអាស៊ី
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២២ តុលា ២០១៤
- កែប្រែចុងក្រោយ: October 25, 2014
- ប្រធានបទ: សំពត់ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយនឹងភាពយន្ដ ដែលសំដែងដោយតុក្កតាសូន្យពីដី តែដើរតួតំណាងឲ្យអ្នកនិពន្ធ និងជនរងគ្រោះ ក្នុងរបបខ្មែរក្រហម រឿង«រូបភាពឈឺផ្សារ ឬ The missing picture ឬ L'images manquante» សមិទ្ធិករភាពយន្ដខ្មែរបារាំង លោក ប៉ាន រិទ្ធី ត្រូវបានគណៈកម្មការវាយតម្លៃ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា ផ្ដល់ពិន្ទុឲ្យលោកជាប់ ជាអ្នកឈ្នះពានរង្វាន់ផ្នែកវប្បធម៌ នៃកម្មវិធី«ពហុវិស័យ»នៅអាស៊ី។
ថ្លែងក្នុងពិធីប្រកាសអ្នកជាប់ជ័យលាភី ដែលបានធ្វើនៅសណ្ឋាគារ អាំងទែរកុងទីណង់តាល់ នៅពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៤នេះ សម្តេច នរោត្តម សេរីវុឌ្ឍ សមាជិកនៅក្នុងគណៈកម្មការវាយតម្លៃនោះ បានមានបន្ទូលថា លោក ប៉ាន រិទ្ធី ពិតជាស័ក្កិសមក្នុងការទទួលបាននូវពានរង្វាន់នេះ ហើយពិតជានាំមកនូវកិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូរជូនប្រជាជនកម្ពុជា។ ព្រះអង្គមានបន្ទូលបន្តថា៖ «ក្នុងនាមគណកម្មាការជ្រើសរើស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាគាំទ្រ ដោយសារតែកិច្ចការរបស់លោក ប៉ាន រិទ្ធី ដែលលោកបានផលិតជាខ្សែរភាពយន្ត ក៏ដូចជាឯកសារប្រវត្តិសាស្រ្តផ្សេងៗ។»
ចំណែកឯម្ចាស់ពានជ័យលាភី លោក ប៉ាន់ រិទ្ធី វិញ បានថ្លែងថា លោកក៏ដូចសហការីរបស់លោក មានភាពត្រេកអរយ៉ាងខ្លាំង ក្នុងការឈ្នះពានរង្វាន់នេះ ព្រោះក្រុមអ្នកផលិតរឿងរបស់លោក សុទ្ធនៅក្មេងខ្ចី និងមានបទពិសោធស្តួចស្តើង។
ភាពជោគជ័យរបស់សមិទ្ធិកររូបនេះភាគច្រើន បានផ្ដោតទៅលើស្នាដែ ដែលលោកផលិត ឬដឹកនាំទាក់ទងនឹងរបបខ្មែរក្រហម ប្រវត្តិសាស្ត្រដ៏ឈឺផ្សារ របស់ប្រទេសកម្ពុជា ក្នុងនោះដូចជាភាពយន្ដឯកសារ គុក ស២១ និងភាពយន្ដ «រូបភាពឈឹផ្សារ»ជាដើម។ លោក ប៉ាន រិទ្ធី បានបកស្រាយថា៖ «តាមពិត ការផលិតខ្សែរភាពយន្តរបស់ខ្ញុំ មិនមែនផ្តោតតែទៅលើរបស់ខ្មែរក្រហមទេ ប៉ុន្តែដោយសារតែរបបនេះ ជាប្រវត្តិសាស្រ្តរបស់យើង។ ជាក់ស្តែង ខ្ញុំក៏មានគំនិតបង្កើតខ្សែភាពយន្តផ្សេងៗ ដូចជារឿងកំប្លែងអីផងដែរ។»។
នាយកប្រតិបត្តិវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់ អាស៊ាន និងអាស៊ីបូព៌ា លោក ហ៊ីដេតូស៊ី នីស៊ិមូរ៉ា (Hidetoshi Nishimura) បានបញ្ជាក់ថា ពាន់រង្វាន់ពហុវិស័យអាស៊ីនេះ គឺផ្ដល់ជូនទៅបុគ្គល និងសមាគមណា ដែលបានសម្រេចសមិទ្ធផលកិត្តិយសធំបំផុត នៅក្នុងវិស័យសង្គម វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង វប្បធម៌។ លោកបន្តថា សមិទ្ធផលរបស់លោក ប៉ាន់ រិទ្ធី នេះចាត់ទុកថា គឺជាជោគជ័យដ៏រុងរឿងមួយរបស់អាស៊ាន។
សូមបញ្ជាក់ថា ពានរង្វាន់ពហុវិស័យអាស៊ី (ERIA) គឺជា ពានរង្វាន់ចម្រុះជាតិសាសន៍អាស៊ី ក្រោមការសហការរៀបចំរបស់វិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និង បណ្ដាប្រទេសក្នុងតំបន់អាស៊ី។ ពានរង្វាន់នេះ ធ្វើឡើងរៀងរាល់ពីរឆ្នាំម្ដង ក្នុងគោលបំណងទទួលស្គាល់ ទៅលើមូលដ្ឋានគ្រឹះបុគ្គល រឺអង្គភាព ដែលបង្កើតឡើងយ៉ាងសំខាន់ និងកំណត់លើការផ្តល់ការអភិវឌ្ឍន៍ នៃសន្តិភាព និងបណ្តាប្រទេសអស៊ី ដើម្បីធ្វើឱ្យមានគម្លាតរវាង បណ្តាប្រទេសប្រចាំតំបន់ឱ្យកាន់តែតូច។
លោក ហ៊ីដេតូស៊ី នីស៊ិមូរ៉ា បានបញ្ជាក់បន្ថែមទៀតថា៖ «ភារកិច្ចរបស់លោក បានជម្រុញធ្វើឱ្យបណ្តាប្រទេស ជាសមាជិអាស៊ានខិតខំប្រឹងប្រែង ដើម្បីបង្កតឱ្យមានការចងចាំ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រវត្តិសាស្រ្ត។ រង្វាន់ទាំងអស់នេះ មានការពាក់ព័ន្ធកិច្ចប្រឹងប្រែង ក្នុងការជំរុញធ្វើឱ្យបណ្តាប្រទេសអាស៊ាន ធ្វើសមាហរណកម្ម ក៏ដូចជាការបង្កើតឱ្យមានកិច្ចប្រែង ក្នុងការចងក្រងប្រវត្តិសាស្រ្ត។»
ពានរង្វាន់វប្បធម៌ ចំនួនពីរទៀត ត្រូវបានឈ្នះទៅលោក វ៉ាង ហ្គងវូ (Wang Gungwu) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យសិង្ហបុរី និង បានទៅក្រុមហ៊ុន The Takarazuka Revue ដែលជាក្រុមហ៊ុនល្ខោនតន្ត្រី បង្កើតឡើងពីក្រុមនារីនៅទំនេរ។ រីឯអ្នកដែលទទួលបានពានរង្វាន់ធំ គឺរង្វាន់ពហុវិស័យអាស៊ី បានទៅលើលោក ម៉ាន់មហាន់ ស៊ីង (Manmohan Singh) អតីតនាយករដ្ឋមន្ត្រីឥណ្ឌា និងពានរង្វាន់ផ្នែកសេដ្ឋកិច្ច និង វិទ្យាសាស្ត្រសង្គម បានទៅលើលោក ភីធើ ដេវិដ ឌ្រីស្តាល (Peter David Drysdale) ជាសាស្ត្រាចារ្យសេដ្ឋកិច្ច និងទស្សនៈកិច្ចសមាជិក នៃសាលាសេដ្ឋកិច្ច និង រដ្ឋបាល Crawford នៃសកលវិទ្យាល័យជាតិអូស្ត្រាលី៕
សូមទស្សនាការដកស្រង់នូវវគ្គមួយ ពីភាពយន្ដ«រូបភាពឈឺផ្សារ»ដូចតទៅ៖