ទិត្យ វិជ្ជរ៉ាដានី៖ ជីវិតដូចជាប្រលោមលោក (VDO)
- ដោយ: ដានី ([email protected]) - ប៉ារីស ថ្ងៃទី០៧ មករា ២០១២
- កែប្រែចុងក្រោយ: January 07, 2012
- ប្រធានបទ: តារាឯក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារា ទិត្យ វិជ្ជរ៉ាដានី ហៅថា វិជ្ជរ៉ាដានី ដែលទស្សនិកជនយើង សា្គល់តាមរយះ ភាពយន្តខែ្មរជាច្រើន នាទសវត្សរ៍ទី៦០ ដូចជា រឿង “សព្វសិទ្ធិ”, រឿង“ចំប៉ាមាស”, រឿង“ទិព្វសូដាចន្ទ”, រឿង “ពេលដែលត្រូវយំ”, រឿង“ត្រពាំងពាយ” ជាដើម។
ទិត្យ វិជ្ជរ៉ាដានី ជាតារាឯកភាពយន្តដ៏មានឈ្មោះល្បីនាអំឡុងចុងទសវត្សរ៍ទី៦០និង ដើមសតវត្សរ៍ទី៧០ នាងវិជ្ជរ៉ាដានី ធ្វើឱ្យគេដិតដក់ក្នុងអារម្មណ៍ខ្លាំងគឺលើរង្វង់ភក្ត្រដ៏ស្រស់ ផូរផង់ រង្វះ មាត់ញញឹមដ៏មានមន្តស្នេហ៍ ថ្ពាល់ខួចទាំងសងគួរឱ្យស្រឡាញ់ ។អំពីកាយវិការសម្តែងវិញគឺរស់រវើក សមរម្យ ហាក់គ្មានទើសទាស់កន្លែងណាមួយឡើយ ។
ជា សំណាងពីធម្មជាតិអ្នកស្រី មានកម្ពស់ត្រឹមតែ១,៥០ម៉ែត្រប៉ុណ្ណោះ តែរាងដ៏តូចទាបទ្រនាប់របស់អ្នកស្រីមានកម្លាំងអូសទាញយ៉ាងចម្លែក ផ្សំនឹងទឹកមុខដ៏មានមន្តស្នេហ៍ទៀតនោះ អ្នកស្រីបានវាយផ្តាច់តារាឯទៀតនាសម័យ លន់ នល់ ។ បើនិយាយពី វិជ្ជរ៉ាដានី ធ្វើឱ្យគេនឹកឃើញដល់ខ្សែភាពយន្តរឿង “សព្វសិទ្ធិ”, រឿង“ចំប៉ាមាស”, រឿង“ទិព្វសូដាចន្ទ”, រឿង “ពេលដែលត្រូវយំ”, រឿង“ត្រពាំងពាយ” ៘ រឿងដែលអ្នកស្រីសម្តែងមានរាប់រយរឿង ហើយភាគច្រើនសុទ្ធតែជារឿងដែលទទួលការនិយមចូលចិត្តពីទស្សនិកជនយ៉ាង ខ្លាំងក្លា ។ អ្នកស្រីថតរឿងបានច្រើនជាង គេទាំងអស់ក្នុងចំណោមតួឯកកុនខ្មែរនាសម័យនោះ ។
អ្វីដែលធ្វើឱ្យគេកាន់តែដិត អារម្មណ៍ទៅទៀត គឺទេពកោសល្យសម្តែងរបស់អ្នកស្រីគឺមិនរីងស្ងួតឡើយ ល្បិចសម្តែងខ្ពស់ ហើយមិនធ្វើឱ្យលំបាកដល់អ្នកដឹកនាំឡើយ ។ មិនត្រឹមតែសម្តែងភាព យន្តទេ អ្នកស្រីនៅច្រៀងចម្រៀងកុនដោយខ្លួនឯងទៀតផង ។ ឯកសារ នានាបញ្ជាក់ថា វិជ្ជរ៉ាដានី កើតនៅឆ្នាំ១៩៤៨ នៅទីក្រុងភ្នំពេញ ។ នាងជា ផ្លែ ផ្កានៃសេចក្តីស្នេហាដ៏ប្តូរផ្តាច់មួយរបស់លោក សារឹម និងនាង អុក ស៊ន ។
លោកសារឹម ជាកូនអ្នកមានម្នាក់ ដែលពោរពេញដោយអនាគតភ្លឺស្វាងត្រចះត្រចង់ ។ លោកជានិស្សិតរៀនចប់មហាវិទ្យាល័យ នៅក្រុង ភ្នំពេញ ឪពុកម្តាយបានតម្រូវឱ្យលោកទៅរៀនបន្តនៅប្រទេសបារាំង ។ លោកបានឃ្លាតពីភរិយាក្រៅច្បាប់ ដោយចិត្តអាឡោះអាលល័យហើយសន្យាថាបីឆ្នាំក្រោយលោកនឹងវិលត្រឡប់មក វិញ ។ ពីមួយថៃ្ងទៅមួយថៃ្ងផ្លាស់ប្តូរវេនគ្នាជាលំដាប់ ខែក្លាយជាឆ្នាំ… ។ បីឆ្នាំដែលបានសន្យាក៏កន្លងហួសទៅ ទោះបីជាអ្នកស្រី អុក ស៊ន ប្រសូតនាង វិជ្ជរ៉ាដានី បានអាយុ៤-៥ឆ្នាំហើយ ក៏នៅតែមិនទាន់ឃើញរូបលោកសារឹមវិលត្រឡប់មកវិញទៀត ។ អ្នកស្រីអុក ស៊នក៏បានរៀបការជាមួយលោក សាន ទិត ជាទាហានសង្គមរាស្ត្រនិយមតាមការណែនាំរបស់ឪពុកម្តាយ ។ លោក សាន ទិត ជាបុរសពោះម៉ាយមានកូន២នាក់ ។ លោកស្រឡាញ់ថ្នាក់ថ្នមនិងថែរថួននាង វិជ្ជរ៉ាដានី ដូចជាកូនបង្កើតរបស់លោកយ៉ាងដូច្នោះដែរ ។ អ្នកស្រី វិជ្ជរ៉ាដានី មានប្អូនពីរនាក់ក្រោយទៀត គឺនាងវិជ្ជរ៉ារង្សី និងប្អូនប្រុសអ័រគីដេ ។ នាងវិជ្ជរ៉ារង្សី ហៅស្រីពៅ ក៏ជាតារាថ្មីម្នាក់ទៀតដែរ តែថតបានពីរ-បីរឿងមិនទាន់បានបញ្ចាំងផង ទទួលស្រុកទេសផ្លាស់ប្តូរនយោបាយ នាងក៏ត្រូវស្លាប់ក្នុងជំនាន់ ប៉ុល ពត ទៅ ។
អ្នកស្រី វិជ្ជរ៉ាដានី រៀនដល់ថ្នាក់ទី៣ទំនើបនៅវិទ្យាល័យយុគន្ធរ ហើយមានស្វាមីនៅឆ្នាំ១៩៦៧ ក៏ឈប់រៀនទៅ ។ ស្វាមីរបស់អ្នកស្រីជាសាស្ត្រាចារ្យនៅខេត្តកំពង់ឆ្នាំងឈ្មោះ ប្រាក់ ប៊ុនថៃ ។ នៅពេលដែលអ្នកស្រីមានផ្ទៃពោះកូនដំបូងបាន៣ខែ មានចាងហ្វាងផលិតកម្មមួយបានមកស្នើឱ្យអ្នកស្រីសាកល្បងថតកុន ។
ចរិតរបស់អ្នកស្រី វិជ្ជរ៉ាដានី គត់មត់ណាស់ អ្នកស្រីមិនសូវនិយាយស្តីច្រើន មិនចេះតុបតែងខ្លួន ក្រោយមកពីថតផ្លាស់សំពត់អាវនៅផ្ទះធម្មតា ចូលចិត្តនិយាយលេងញ៉ោះជាមួយក្មេងៗឱ្យយំនោះ គឺគាត់សប្បាយចិត្តណាស់ ។ អ្នកស្រី វិជ្ជរ៉ាដានី ជាមនុស្សចិត្តល្អ មានធម៌សប្បុរសសណ្តោសប្រណី បងប្អូនខាងម្តាយគាត់មានចំនួន ១២នាក់គាត់ប្រមូលយកមកចិញ្ចឹមទាំងអស់ ។ អ្នកស្រីមិនប្រកាន់ខ្លួន មិនរើសម្ហូបចំណី មានអីញ៉ាំហ្នឹង ជាពិសសអ្នកស្រីចូលចិត្តម្ហូបខ្មែរ ។ បើនៅផ្ទះជាញឹកញាប់គឺត្រូវធ្វើប្រហុកអន្លក់ទឹកគ្រឿងបន្លែគ្រប់មុខ នោះ គឺ ត្រូវចិត្តគាត់ហើយ ។ អ្នកស្រី វិជ្ជរ៉ាដានី ជាមនុស្សស្រឡាញ់បងប្អូន ចិត្តធន់ តែក៏ចូលចិត្តធ្វើប្ញកម្ញិកម្ញ៉ក់ឱ្យគេស្រឡាញ់ដែរ ។
គាត់ចិញ្ចឹមម្តាយមីង ម្តាយធំមិនរើសមុខ ពេលព្រឹកឡើងដឹងតែបើកលុយទៅផ្សារ និងចេញទៅថតកុន បើមកពីថតអផ្សុកអ្នកស្រីលេងតងកម្សាន្តក្នុងគ្រួសារ កម្រចេញបង្ហាញខ្លួននៅទីសាធារណៈណាស់ ។ មិនត្រឹមតែបងប្អូននៅក្នុងគ្រួសារទេដែលស្រឡាញ់អ្នកស្រី សូម្បីតែទស្សនិកជនកម្ពុជាទាំងអស់សុទ្ធតែស្រឡាញ់ និងចូលចិត្តរឿងដែលអ្នកស្រីសម្តែងដែរ ។ មូលហេតុដែលធ្វើឱ្យគេស្គាល់អ្នកស្រី គឺនៅពេលអ្នកស្រីទៅថតរូបនៅក្នុងហាងជា មួយនឹងស្វាមីអ្នកស្រីនៅហាងថតរូបកំពង់ឆ្នាំង ។ ហាងថតរូបនោះក៏បានសុំរូបថតអ្នកស្រីដាក់តាំងលំអហាង ។ ចាងហ្វាងកុនបានឃើញក៏ចាប់អារម្មណ៍ ហើយក៏ស៊ើប សួររហូតដល់បាន រកឃើញអ្នកស្រី ។
ដើមឡើយស្វាមីនិងគ្រួសារមិនឱ្យអ្នកស្រីទៅថតកុនឡើយ តែដោយលក្ខណៈជាក់ ស្តែង នៅពេលរៀបមង្គលការគេទាំងពីរ គេអញ្ជើញភ្ញៀវចូលរួមចំនួន១០០តុ ។ លុះដល់ថៃ្ងនោះជាសំណាងអាក្រក់ ភ្លៀងធ្លាក់ដូចគេចាក់ទឹក មង្គលការអ្នកស្រីគ្មានភ្ញៀវត្រូវខាតលិចលង់ ។ ទន្ទឹមនឹងនោះថៅកែកុនដឹងរឿងក៏បានសន្យាថា ឱ្យតែអ្នកស្រីព្រមទៅថតកុនឱ្យគេ គេនឹងចេញប្រាក់សងបំណុលពេលរៀបការរបស់អ្នកស្រី ។
ដោយហេតុផលនោះ ស្វាមីអ្នកស្រី និងឪពុកម្តាយក្មេកក៏សុខចិត្តយល់ព្រមឱ្យអ្នក ស្រីទៅថត ដោយកំណត់ថា ថតតែមួយរឿងរួចបំណុលហើយឈប់ ។ រឿងដំបូងដែលអ្នកស្រីសម្តែងគឺរឿង “លោហិតវាសនា” ដែលមាន ជា យុទ្ធថន និងណុប ណែម ជាតួឯកប្រុស ។ គឺអ្នកស្រីចេញថតទាំងទម្ងន់កូនក្នុងពោះ៣ខែ ។ មិនមែនចប់មួយរឿងឈប់ថតឯណា ពេលថតចប់មួយរឿងអ្នកស្រីត្រូវបានទស្សនិក ជន គាំទ្រយ៉ាងសន្ធឹកសន្ធាប់ ថៅកែផ្សេងៗមកកុងត្រាថតជាបន្តបន្ទាប់ ។ ឪពុកម្តាយ ក្មេកអ្នកស្រីខឹងណាស់ដែលឃើញកូន ប្រសារថតឈុតមួយត្រង់ត្រូវគេលើកស្បែក ជើងកែងចោតវ៉ៃអ្នកស្រី (តាមសាច់រឿង) គាត់និយាយថា មុខមាត់ប៉ុណ្ណឹង ប្តីជាសាស្ត្រា ចារ្យម្នាក់នឹងគេដែរ ចាំបាច់អីទៅធ្វើជាអ្នកឱ្យគេវ៉ៃនឹងស្បែកជើង? ដោយការមិនយល់ព្រមនេះហើយ បានកើតជាក្តីក្តាំលែងលះគ្នារវាងអ្នកស្រី និង លោកប្រាក់ ប៊ុនថៃ ជាស្វាមី ។ ពេលនោះលោក ប៉ិច សាលឿន ពាក់សក្តិ២ខាងក្រុមតន្ត្រីយោធាភិរម្យស្គាល់អ្នកស្រីតាមរយៈថតកុន បានជួយរត់ការអ្នកស្រីលុបអេតាស៊ីវិល ។ លុះចប់សព្វគ្រប់ក៏ដណ្តឹងការជាមួយអ្នកស្រីតែម្តង ។ កូនប្រុស ដែលអ្នកស្រីមានជាមួយប្តីមុនឈ្មោះ នី ណូរ៉ា, ឯកូនជាមួយលោក ប៉ិច សាលឿន ឈ្មោះប៉ិច ដានីញ៉ែល ។ យើងមិនមានព័ត៌មានគ្រប់គ្រាន់ ពីជំនាន់ក្រោយរបស់អ្នកស្រីទេ៕