ចន ច័ន្ទលក្ខិណា ត្រៀមខ្លួនធ្វើប្រធានអង្គការ ជួយកុមារកំព្រា
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ០៧ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 07, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់ស្នេហ៍ថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែងល្បីនោះ នរណាៗក៏គេបានស្គាល់ដែរថា ជាលោក ហេង ណារ័ត្ន បុរសពោះម៉ាយមួយរូប ដែលសម្បូរទៅភោគទ្រព្យ យ៉ាងហូរហៀ។ ចង់មិនចង់ នរណាៗក៏គេអាចមើលដឹងថា ម្ចាស់ចិត្តថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រាកដជាមានភាពល្អូកល្អឺន នឹងគ្នាណាស់ ព្រោះបើគេឃើញតារាសម្ដែង បង្ហាញរូបថតជាញឹកញយ នៅតាមបណ្ដាញសង្គម រវាងនាងនិងលោក ណារ័ត្ន នោះ ចំណែកបុរសពោះម៉ាយបណ្ដូលចិត្តវិញ ក៏បានប្រកាសប្រាប់គេឯងដែរថា លោកកំពុងរៀបចំ បង្កើតអង្គការមួយ ឲ្យតារាល្បីជាអ្នកគ្រប់គ្រង។
ថ្លែងក្នុងបទសម្ភាស៍ ជាមួយ«វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)» កាលពីចុងសប្ដាហ៍នេះ លោក ហេង ណារ័ត្ន ហៅ ហេង ឡុង បានបញ្ជាក់ថា អង្គការមួយនេះ ជាជំហ៊ានថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ហើយជំហ៊ានថ្មីនេះ លោកកំពុងធ្វើឯកសាររត់ការមួយចំនួន ដើម្បីបង្កើតអង្គការមួយ ដែលមានឈ្មោះថា «Our Community ឬសហគមន៍យើង» សម្រាប់នាងជាអ្នកគ្រប់គ្រង។ ជាមួយនឹងក្ដីសង្ឃឹមថា តារាសម្ដែងល្បីឈ្មោះ នឹងអាចធ្វើបាន ក្នុងនាមជាអ្នកគ្រប់គ្រងនោះ លោក ណារ័ត្ន បានបញ្ជាក់បន្ថែមថា កាងារនេះ ជាការងារមនុស្សធម៌សុទ្ធសាធ ដោយតម្រូវឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកសិល្បៈផ្សេងទៀត ធ្វើការប្រមូលមូលនិធិ តាមរយៈការសម្តែង ច្រៀង រាំ ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធ្វើការផ្គត់ផ្គង់ ទៅឲ្យក្មេងកំព្រានៅកម្ពុជា។
បុរសវ័យកណ្តាល ដែលមានការងារ ជាអ្នកជំនួញរូបនេះ បានបន្តថា លោកនឹងរៀបអាហ៍ពិពាហ៍ ជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ដោយពេញមុខ នៅពេលដែលគម្រោង ដែលលោកកំពុងតែអនុវត្តន៍នេះ បានសម្រេច ហើយអនាគតភរិយារបស់លោក នឹងក្លាយជាអ្នកគ្រប់គ្រង អង្គការមួយនេះ ប្រចាំប្រទេសកម្ពុជា។ ម្យ៉ាងទៀត លោកប្រគល់សិទ្ធឲ្យនាង ជាអ្នកគ្រប់គ្រង និងជ្រើសរើសតារាផ្សេងទៀត ធ្វើការជាមួយនាង តាមរយៈការសម្តែង ដើម្បីប្រមូលមូលនិធិ ជួយក្មេងកំព្រា។
គួររំលឹកដែរថា អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាអតីតភរិយា តារាសម្តែងលោក យុត្ថារ៉ា ឆានី រូបនេះ ធ្លាប់ទទួលរង ការរិះគន់យ៉ាងច្រើន ពីអ្នកគាំទ្រ កាលពីពេលកន្លងទៅ ក្នុងជីវិតអាពាហ៍ពិពាហ៍របស់នាង។ តែករណីនោះ ទំនងជាបានផុតរលត់អស់ទៅហើយ ព្រោះពេលនេះ នាងកំពុងស្តារជីវិតថ្មី ជាមួយដៃគូរថ្មីលោក ហេង ណារ័ត្ន ដែលអះអាងថា នឹងជួយជ្រោមជ្រែងនាង រហូតដំណើរការអង្គការមួយនេះរឹងមាំ។ តាមរយៈបទសម្ភាស៍ ជាមួយវិទ្យុដដែលនោះ លោក ណារ័ត្ន បានលើកឡើងថា៖ «ខ្ញុំនឹងឲ្យអាមុំ ( ចន ច័ន្ទលក្ខិណា) រៀបចំចាត់ចែងកិច្ចការខ្លួនឯង តែខ្ញុំ និងមិត្តភក្តិអត់ព្រលែងចោលទេ គឺចាំជួយ រហូតទាល់តែគាត់រឹងដៃរឹងជើង!»៕
» រូបថតអ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយនឹងលោក ហេង ណារ័ត្ន ដែលបានបង្ហោះ នៅលើបណ្ដាញសង្គម៖