ញ៉ែម សុគន្ធ បើកឡានប៉ះគេ តែមិនចេញមុខដោះស្រាយ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានទស្សនីយភាពហួសចិត្តមួយ បានកើតឡើងនៅម្តុំផ្សារសំណង់១២ កាលពីយប់ម្សិលម៉ិញ បណ្តាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ និងស្រាល។ ហួសចិត្ត ព្រោះតួអង្គសំខាន់នៅក្នុងទស្សនីយភាពនោះ ជាតារាសម្តែងដ៏លេចធ្លោម្នាក់ លោក ញ៉ែម សុគន្ធ ដែលបន្ទាប់ពីកើតហេតុភ្លាម តារាល្បីរូបនេះបានចាកចេញពីទីនោះ ហើយមិនបានធ្វើការដោះស្រាយដោយផ្ទាល់ ជាមួយជនរងគ្រោះឡើយ។
លោក ញ៉ែម សុគន្ធ នៅពេលគូររូបសាក់ខ្លួន នៅក្នុងភាពយន្ដ «ស្បែកគង់»។ (រូបថតហ្វេសប៊ុក)
តារា - ករណីគ្រោះថ្នាក់ចរាចរណ៍រវាងលោក ញ៉ែម សុគន្ធ តារាជាសម្ដែង និងជាតារាបង្ហាញម៉ូដ បានបង្កឱ្យមាន ភាពភ្ញាក់ផ្អើលជាខ្លាំង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ ២៦៥ កែងផ្លូវលេខ២១៨ ក្បែរភោជនីយដ្ឋានទីក្រុងតារា ម្ដុំផ្សារសំណង់១២ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឱ្យភាគីម្ខាងទៀតមានគ្នាបីនាក់រងរបួសធ្ងន់ និងស្រាល ចំណែកលោក ញ៉ែម សុគន្ធ អង្គុយនៅក្នុងរថយន្ដរបស់លោក មិនមានរងរបួសអ្វីនោះទេ ។
បើតាមទូរទស្សន៍ក្នុងស្រុកមួយ បានឱ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្គូពី ពណ៌ស លាយក្រហម។ រីឯរថយន្ដរបស់លោក ញ៉ែម សុគន្ធ ម៉ាកកូរ៉ូឡាពណ៌ស្លែ បើកបរដោយខ្លួនលោកផ្ទាល់ រួមនឹងមិត្ដភក្ដិម្នាក់ទៀត។
សាក្សីនៅផ្ទាល់កន្លែងបាននិយាយថា បន្ទាប់ពីបានបើកឡាន ទៅបុកនឹងម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យមនុស្ស៣នាក់រងរបួសនោះមក តារាសម្ដែង និងជាពិធីករដ៏ល្បី លោក ញ៉ែម សុគន្ធ បានចាកចេញពីកន្លែងកើតហេតុភ្លាមៗ និងមិនបានធ្វើការដោះស្រាយជាមួយ ជនរងគ្រោះដោយផ្ទាល់ទេ ដោយឱ្យអ្នកតំណាងរូបលោកពីរនាក់ ចេញមុខមកជួយដោះស្រាយ ជាមួយជនរងគ្រោះ ជំនួសរូបលោកទៅវិញ។
តែអ្នកដែលបានចេញមុខ មកដោះស្រាយជំនួសរូបតារារូបនេះ មិនបានបញ្ចប់បញ្ហានេះ ឱ្យចប់សព្វគ្រប់នោះទេ ដោយសារខាងភាគីជិះម៉ូតូមិនព្រម។ ខណៈនោះ ក្រុមសមត្ថកិច្ចក៏បាននាំយកទាំងម៉ូតូ និងរថយន្ត ទៅធ្វើការដោះស្រាយ នៅអធិការដ្ឋានខណ្ឌទួលគោក។
ស្រង់សម្តីដោយទូរទស្សន៍ខាងលើ លោក ញ៉ែម សុគន្ធ បានអះអាងថា មុនពេលកើតហេតុលោក បានមកពីពិធីជប់លៀងរបស់មិត្តភ័ក្តិ ដោយក្នុងពេលនោះ លោកបើករថយន្តកូរ៉ូឡារបស់លោក ពីខាងក្រោយរថយន្តមិត្តភ័ក្ដិលោកមួយផ្សេងទៀត ឃ្លាតចម្ងាយប្រមាណជា៣ម៉ែត្រពីគ្នា។ ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែឃើញម៉ូតូខាងលើ ដែលជិះគ្នា៣នាក់ បានបើកជ្រែចូលប្រឡោះ រថយន្តលោក និងរថយន្តមិត្តភ័ក្ដិ ធ្វើឱ្យលោកជាន់ហ្វ្រាំងមិនទាន់ ក៏បណ្ដាលរថយន្តរបស់លោក ទៅប៉ះជាមួយតូម៉ូរបស់ជនរងគ្រោះតែម្តងទៅ៕