សម រង្ស៊ី៖ ការបង្រួបបង្រួមជាតិ និងលិទ្ធិប្រជាធិបតេយ្យពិតជូនកម្ពុជា
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី, អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីឈានជើង ជាន់ដីមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ លោក សម រង្ស៊ី បានថ្លែងទៅកាន់ហ្វូងមហាជនដែលបានទៅទទួលលោក ដល់ព្រលានយន្ដហោះអន្តរជាតិថា លោកនឹងនាំមកឲ្យប្រជាជនកម្ពុជា នូវការបង្រួបបង្រួមជាតិ សន្តិភាព និងយុត្តិធម៌។ លោកថែមទាំងធ្វើការទាមទារឲ្យមានការដោះលែង អ្នកជាប់ឃុំឃាំងដែលជាប់ពាក់ព័ន្ធ នឹងជម្លោះនយោបាយ កាលពីពេលថ្មីកន្លងមកនេះទៀតផង។
លោក សម រង្ស៊ី លើកដៃទៅកាន់អ្នកគាំទ្រូខ្លួន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)
នយោបាយ - «ខ្ញុំសង្ឃឹមថា ការវិលត្រឡប់របស់ខ្ញុំវិញនេះ នឹងជួយស្រោចស្រង់ ដល់ភាពតានតឹងផ្នែកនយោបាយដែលបង្កឲ្យមានការព្រួយបារម្ភចេះតែកើតឡើង។ ខ្ញុំទាមទារ ឲ្យមានការដោះលែងអ្នកជាប់ឃុំឃាំង ដែលជាប់ពាក់ព័ន្ធនឹងជម្លោះនយោបាយកាលពីពេលថ្មីៗមកនេះ។ ខ្ញុំរៀបចំកិច្ចចរចាឡើងវិញ ក្នុងន័យបំបែកនូវភាពជាប់គាំងនយោបាយ និងចាប់ផ្តើមនៃដំណើរ បង្រួបបង្រួមជាតិ ដើម្បីនាំយកសន្តិភាព និងយុត្តិធម៌ជូនប្រជាជនកម្ពុជាវិញ។» នេះជាការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រកាសទៅកាន់អ្នកគាំទ្រខ្លួន។
ដំណើរឆ្ពោះត្រឡប់មកកម្ពុជា របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើឡើងនៅក្រោយពេលដែលមន្ត្រីតំណាងរាស្រ្តសំខាន់ៗ របស់គណបក្សរបស់លោក ចំនួនប្រាំពីរនាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារព្រៃស បន្ទាប់ពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នាមួយ រវាងបាតុករ និងក្រុមសន្តិសុខស៊ីឈ្នួល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងមកនេះ។ ហេតុការណ៍នេះ បានធ្វើឲ្យមានមនុស្សរបួសទាំងសងខាង យ៉ាងតិច ៤០នាក់ ។
នៅមុនការវិលត្រឡប់មកកម្ពុជាមួយថ្ងៃ គឺថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញ លោក សម រង្ស៊ី ក៏បានបានចេញនូវសារនយោបាយមួយដែរថា ការវិលមកវិញនេះ លោកនឹងនាំមកជាមួយ នូវការស្រោចស្រង់ស្ថានភាពតានតឹង នៃនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
ថ្លែងទៅកាន់ហ្វូងមហាជនជាច្រើនពាន់នាក់ នៅមុខព្រលានយន្ដហោះអន្តរជាតិ ប្រធានបក្សប្រឆាំងរូបនេះបានហៅការចាប់ និងឃុំខ្លួននេះ ថាជារឿង«អយុត្តិធម៌»។ លោកបានអំពាវនាវ ឲ្យមានការដោះលែងបេក្ខជន តំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សលោកទាំង ៧រូប និងសកម្មជនម្នាក់ទៀត ដោយគ្មានលក្ខខណ្ឌ ជាមួយនឹងការបើកទីលានប្រជាធិបតេយ្យឡើងវិញ។
ក្បួនដង្ហែររបស់លោក សម រង្ស៊ី ត្រូវបានធ្វើចាប់ផ្តើម ចេញពីព្រលានយន្តហោះវេលាម៉ោងជា៩.៣០នាទីព្រឹក តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដោយឆ្ពោះទៅក្រឡឹងជុំវិញរមណីដ្ឋានវត្តភ្នំមួយជុំ កាត់តាមទីលានប្រជាធិបតេយ្យ ដែលជាកន្លែងផ្ទុះមានអំពើហិង្សា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ មុននឹងឆ្ពោះទៅស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ស្ថិកក្នុងសង្កាត់ចាក់អង្រែលើ។
សូបបញ្ជាក់ថា ការវិលត្រឡប់មកវិញរបស់មេដឹកនាំគណបក្សប្រឆាំង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤នេះ បានធ្វើឡើង ចំពេលគម្រប់ខួបមួយឆ្នាំគត់ នៃការវិលចូលមាតុភូមិរបស់លោក កាលពីឆ្នាំមុន បន្ទាប់ពីលោកបាននិរទេសខ្លួន អស់រយៈពេលបួនឆ្នាំ ដើម្បីគេចចេញពីការអនុវត្តសាលក្រមតុលាការ ជុំវិញករណីដកតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាម និងការក្លែងបន្លំឯកសារសាធារណៈ៕