ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ប្រតិកម្មនឹងការចាប់តំណាងរាស្ត្រ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៨ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 18, 2014
- ប្រធានបទ: សិទ្ធិមនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកស្រី រ៉ាវីណា សេមដាសានី (Ravina Shamdasani) អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ សម្រាប់សិទ្ធិមនុស្ស បានធ្វើសេចក្ដីប្រកាសព័ត៌មានមួយ ពីទីស្នាក់ការកណ្ដាល នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤នេះ សម្ដែងការព្រួយបារម្ភរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ផ្ទុះអំពើហិង្សា កាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ រវាងក្រុមសន្តិសុខស៊ីឈ្នួល និងអ្នកគាំទ្រគណបក្សប្រឆាំង បង្កឲ្យមានរបួសជាច្រើននាក់។
ក្នុងលិខិតប្រកាសព័ត៌មាន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ បានសរសេរជាអាថ៌ទៀតថា៖ «យើងមានការរគៀសចិត្តជាខ្លាំង ចំពោះចំណាត់ការចាប់ចង មេដឹកនាំមួយចំនួន នៃគណបក្សសង្គ្រោះជាតិ ក្រោមបទបង្កឲ្យមានអំពើហិង្សាទាំងនោះ។ យើងមានការព្រួយបារម្ភ ចំពោះបទចោទប្រកាន់ធ្ងន់ធ្ងរ ដែលបានប្រកាសប្រឆាំងនឹងក្រុមមេដឹកនាំទាំងនេះ រួមមាន "បទបំបះបំបោរ" ដែលផ្ទុយពីអ្វីដែលក្រុមមេដឹកនាំទាំងនោះ បានខិតខំប្រឹងប្រែងរម្ងាប់ក្រុមអ្នកតវ៉ា ដើម្បីបញ្ឈប់អំពើហិង្សា ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នានេះ។»
លោកស្រី សេមដាសានី បានសរសេរទៀតថា៖ «រាល់ការចោទប្រកាន់ណាក៏ដោយ ដែលមានចរិកនយោបាយ ត្រូវតែទម្លាក់ចោលភ្លាម»។
ឧត្តមស្នងការសម្រាប់សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវ ដល់តុលាការកម្ពុជាត្រូវគោរពឲ្យបានត្រឹមត្រូវ នូវបទដ្ឋានសិទិ្ធមនុស្ស ក្នុងសំនុំរឿងក្ដីទាំងនេះ ដោយសារតែមាននិតិវិធីជាច្រើន ត្រូវបានធ្វើឲ្យមានកំហុសយ៉ាងធ្ងន់ធ្ងររួចមកហើយ នៅក្នុងសំនុំរឿងផ្សេងទៀតកន្លងមកថ្មីៗ។
«យើងក៏បានជំរុញទៅអាជ្ញាធរកម្ពុជា ឲ្យចាប់ផ្តើមការស៊ើបអង្កេតជាបន្ទាន់ ប្រកបដោយប្រសិទ្ធិភាព មិនលំអៀង និងមានតម្លាភាព ដើម្បីធានាថា អ្នកដែលទទួលខុសត្រូវពិតប្រាកដ ចំពោះឧប្បត្តិហេតុអំពើហិង្សាទាំងនេះ ត្រូវបានចាប់មកផ្ដន្ទាទោស»។
ជាទីបញ្ចប់ លិខិតរបស់អ្នកនាំពាក្យ បាននិយាយស្នើដល់ភាគីជម្លោះកម្ពុជាទាំងអស់ ត្រូវមានការអត់ធ្មត់ជាអតិបរមា និងបន្តការចរចា ដើម្បីបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ។ ជាពិសេសការរឹតបន្តឹង លើសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី គួរត្រូវបានដកចេញភ្លាម ហើយសិទ្ធិទាំងនេះ ចាំបាច់ត្រូវយកមកអនុវត្ត ដោយសន្តិវិធី ទោះក្នុងល័ក្ខខ័ណ្ឌណាក៏ដោយ៕