អ្នកគាំទ្របក្សសង្រោះជាតិ ពុះកញ្រ្ជោលតវ៉ាឲ្យដោះលែងជនជាប់ឃុំ
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៨ ខែកក្កដា ២០១៤
- កែប្រែចុងក្រោយ: July 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចំនួនប្រជាពលរដ្ឋ ដែលមកទាមទារឲ្យដោះលែង បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត របស់គណៈបក្សសង្គ្រោះជាតិ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មានចំនួនកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ តើឆន្ទះរបស់ពួកគេ ចង់បានអ្វីខ្លះ និងអាចមាននរណាស្ដាប់ឮឬទេ?
ពលរដ្ឋអ្នកតវ៉ា នៅមុខសាលាដំបូងរាជធានី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
សិទ្ធិ - បើគិតមកដល់ពេលនេះ មានរយៈពេល ៤ ថ្ងៃហើយ ដែលការចាប់ខ្លួន បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តរបស់ គណៈបក្សសង្រោះជាតិ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយអាជ្ញាធររដ្ឋាភិបាល និងតុលាការសាលាដំបូងរាជធានីភ្នំពេញ។ យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ចំនួន៧រូប និងយុវជនមួយរូប ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួន នៅពន្ធនាគារព្រៃសរ ដោយចោទប្រកាន់ ពីបទផ្តើមគំនិតបង្កហិង្សា និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ នៅក្នុងកំឡុង ពេលក្រុមមន្ត្រីទាំងនោះទាំងនោះ ដឹកនាំបាតុករទាមទារឲ្យមានការដករនាំងដែកចេញ ឫដោះលែងទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ ខែ កក្កដា កន្លងទៅនេះ។
លោក ប្រាក់ សាវឿន សកម្មជនបក្សសង្រោះជាតិ ដែលបានមកតវ៉ាទាមទារ ឲ្យមានការដោះលែងមន្ត្រីបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត នៅមុខសាលាដំបូង នាព្រឹកថ្ងៃទី ១៨ ខែកក្កដានេះបាននិយាយថា លោកមានការឈឺចាប់ណាស់ចំពោះ ការចាប់ខ្លួនមន្ត្រីទាំងនេះ។ លោកបានបន្តទៀតថា បើគ្មានការដោះលែង តំណាងរាស្ត្រនោះទេ គាត់នឹងធ្វើបាតុកម្មបន្តទៀត ដោយមិនខ្លាចស្លាប់ នឹងមិនរត់គេចឡើយ សុខចិត្តឲ្យគេវាយ ប៉ុន្តែថាបាតុកម្មនេះ អាចនឹងរាលដាលធ្វើទូទាំងប្រទេស។
ពលរដ្ឋម្នាក់ទៀត មកពីខេត្តបាត់ដំបង អ្នកស្រី សូ នី បានស្រែកខ្លាំងៗ ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា៖ «ខ្ញុំមិនសុខចិត្តទេ ខ្ញុំជាប្រជាពលរដ្ឋខ្ញុំ នឹងនាំគ្នាមកធ្វើមហាបាតុកម្ម គឺថាប្រជាពលរដ្ឋមិនខ្លាចស្លាប់ទេ ព្រោះហេតុអីបានជាចាប់ តំណាងរាស្រ្តទៅដាក់គុក តើច្បាប់យុត្តិធម៍នៅត្រង់ណា រដ្ឋធម្មនុញនៅត្រង់ណាដែល ចាប់តំណាងរាស្រ្តដាក់គុកនេះ»។
រីឯលោក មួង ម៉េង អាយុ ៥៥ឆ្នាំ មកពីស្រុកកោះធំ ខេត្តកណ្តាលបានមកធ្វើការទាមទារ នៅមុខសាលាដំបូងរាជធានីភ្នំពេញដែរ បាននិយាយថា៖ «ខ្ញុំមានការសោកស្តាយ តំណាងរាស្ត្រខ្ញុំ បានខ្ញុំមកតស៊ូយកវិញនឹង បើគេមិនដោះលែ ងខ្ញុំនឹងតធ្វើបាតុកម្ម ទៅមុខទៀត នៅថ្ងៃទី ២២នឹង ដល់២៥លុះត្រាដល់គាត់រួចបានឈប់»។
សូមបញ្ជាក់ថាមកដល់ម៉ោងនេះ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ៧រូប ដែលសុទ្ធសឹងជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ និងយុវជន១រូប ត្រូវបានតុលាការសាលាដំបូង បង្គាប់ឲ្យធ្វើការឃុំខ្លួន នៅក្នុងរយៈពេលនៃការរងចាំថ្ងៃឡើងសវនាការ។ ពីក្នុងចំណោមមន្ត្រីទាំង៧រូប លោកស្រី មូរ សុខហួរ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែ«ម២» ដែលជាកន្លែងអ្នកទោសជាស្ត្រី និងអនីតិជន។ ឯលោក ហូរ វ៉ាន់ លោក មែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ លោក នុត រំដួល លោក ឡុង រី និងយុវជន អឿ ណារិត ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ «ម១»។
ដំណឹងដែលទម្លាយឲ្យដឹង ពីក្រុមអ្នកស្និតនឹងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា បានអះអាងថា មន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងទៀត រួមនឹងក្រុមសកម្មជនលេចធ្លោជាច្រើននាក់ទៀត របស់គណបក្សប្រឆាំង ក៏អាចនឹងត្រូវតុលាការសាលាដំបូងមួយនេះ សម្រេចឲ្យចាប់ខ្លួន ដូចគ្នាដែរ៕