ហ៊ុន សែន គម្រាម​កំចាត់​មន្ត្រីបក្ស​ប្រឆាំង ១០០-២០០​នាក់​ចោល

នាយករដ្ឋមន្ត្រី-ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានថ្លែងព្រមានខ្លាំងៗ នៅថ្ងៃនេះ ថាលោកត្រៀមធ្វើសង្គ្រាម ប្រឆាំងបដិវត្តន៍ពណ៌ និងត្រៀមកំចាត់មន្ត្រីគណបក្សប្រឆាំង ១០០ ទៅ២០០នាក់ចោល ដើម្បីអ្វីមួយ ដែលលោកហៅថា នឹងសង្គ្រោះជីវិតប្រជាជនកម្ពុជា រាប់លាននាក់។
ហ៊ុន សែន គម្រាម​កំចាត់​មន្ត្រីបក្ស​ប្រឆាំង ១០០-២០០​នាក់​ចោល
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 25, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កំចាត់មនុស្ស ១០០-២០០នាក់ចោល ដើម្បីសង្គ្រោះមនុស្ស រាប់លាននាក់ផ្សេងទៀត។ តែមនុស្ស​១០០-​២០០​នាក់​នេះ មិនមែន​ជាឧក្រិដ្ឋជន លក់​គ្រឿង​ញៀន កាប់​ព្រៃឈើ ជួញដូរ​មនុស្ស ឬជា​ចោរប្លន់​នោះ​​ទេ តែ​ជា​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​នាយក​រដ្ឋមន្ត្រី-ប្រធាន​គណបក្ស​កាន់អំណាច លោក ហ៊ុន សែន គិត​ថា​ពួកគេ​មាន​បំណង ចង់​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​រំលាយ​រដ្ឋាភិបាល​ស្រប​ច្បាប់។ បុរសខ្លាំងកម្ពុជា បាន​ប្រកាស​ថា នឹង​កំចាត់​ពួក​គេ​ទាំង​នោះ​ចោល ដូចដែល​គេធ្លាប់​ឃើញ នៅក្នុងអតីតកាល​កន្លង​មក។

លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ចំពោះគ្រីស្ទបរិស័ទ​រាប់​សិប​នាក់ នៅថ្ងៃ​ព្រហស្បត្តិ៍ ទី២៥ ខែ​ឧសភា​នេះ​ ក្នុង​ពិធី​មួយ ដែលត្រូវបាន​រៀបចំធ្វើ នៅសាលមហោស្រពកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។ លោក​ថា៖ «ទង្វើ​​ណា​ក៏​​ដោយ ដែលនាំ​ទៅដល់​ការ​ផ្តួលរំលំ គឺជាទង្វើ​ ដែល​ត្រូវតែបង្រ្កាប​​ដាច់​ខាត​​តែម្តង។ ​គ្មាន​ការ​អត់ឱន​ទេ​ ដើម្បីធានា​ជីវិតមនុស្ស​រាប់លាន​នាក់ យើង​សុខ​ចិត្ត​​កំចាត់​​ចោល ​១០០-២០០នាក់ ព្រោះ​យើង​ធ្លាប់​បាន​ឃើញ នៅ​អតីតកាល។»។

នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា នៅបានលើកឡើង​សារជាថ្មី ទៅកាន់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា បើប្រធានគណបក្សប្រឆាំង ហ៊ានធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ទម្លាក់​​នាយក​​រដ្ឋមន្ត្រី​​សព្វថ្ងៃ​​​ចេញ​​ពី​​អំណាច នោះ​ថ្ងៃ​នេះ​គឺជាថ្ងៃធ្វើ​«បុណ្យ​ខ្មោច» របស់ប្រធានគ​ណបក្ស​ប្រឆាំង​​ហើយ។

លោក ហ៊ុន សែន បានថ្លែង​ឡើងថា៖ «ខ្ញុំបាននិយាយ ជាមួយលោក[កឹម សុខា]ច្បាស់។ ខ្ញុំចាប់ដៃលោក​ក្នុង​រដ្ឋសភា ខ្ញុំថា​ម៉េច​​ឯកឧត្តម? មានវីដេ​អូឃ្លីបមួយ ឯកឧត្តម​និយាយថា ឥឡូវឡើង​ទៅចឹង។ ចុះ​ឬមិន​ចុះ? បើ​មិន​ចុះ​​ទេ ​អង្រួនឲ្យ​ចុះ។ ខ្ញុំបាន​ព្រមាន​ត្រង់ៗថា បើពេលនោះ​ឯកឧត្តម​ធ្វើ ថ្ងៃនេះ​គឺជាថ្ងៃ​បុណ្យខ្មោ​ច​ របស់​ឯក​​ឧត្តម! ខ្ញុំមិនខ្លាច​នឹងធ្វើ ជាមួយ​ការ​បំផ្លាញ​ណាមួយ [ដែល]​ចាប់​បង្ខំ ឲ្យរដ្ឋាភិបាលស្រប​​ច្បាប់​​ត្រូវ​​​រំលាយ​នោះ​ទេ។»។

ប៉ុន្តែការលើកឡើងខាងលើ របស់លោកនាយករដ្ឋមន្ត្រី មិនបានធ្វើឲ្យក្រុមមន្ត្រី របស់គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​អារម្មណ៍​នោះ​ទេ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្សសង្គ្រោះជាតិ បាន​ថ្លែង​ថា លោក ហ៊ុន សែន កំពុង​បង្វែរ​អារម្មណ៍​ពលរដ្ឋ ឲ្យចេញ​ពី​ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយលោក​នៅតែ​អំពាវនាវ ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី៤ ខែមិថុនា ខាង​មុខ។

«បដិវត្តន៍ពណ៌=លេស?»

លោក ព្រហ្ម គិត អ្នកវិភាគនយោបាយ និងជាអតីតមន្ត្រីច្បាប់មួយរូប ពីប្រទេសកម្ពុជា បានថ្លែងថា លោក ហ៊ុន សែន ភ្លេចគិតថា​មន្ត្រីបក្សប្រឆាំង ទាំង​១០០-២០០​នាក់នោះ ក៏មានការគាំទ្រ ពីពលរដ្ឋម្ចាស់ឆ្នោត ចំនួន​​កន្លះ​ប្រទេស​ដែរ។ អ្នកវិភាគ បានថ្លែងឡើងថា លោក ហ៊ុន សែន អាចកំទេច​ក្រុមប្រឆាំង​បាន ដូចការ​ធ្វើរដ្ឋប្រហារ ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​កាល​នោះ ក្រុមអ្នកស្និត​នឹងព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ ច្រើន​រយនាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់។ ប៉ុន្តែពេលនេះ លោក ហ៊ុន សែន គ្មានលេស​ដើម្បីធ្វើការផ្ទុះ​អាវុធទេ ដោយ​សារ​តែ​ក្រុម​គណបក្ស​ប្រឆាំង​គ្មាន​អាវុធ។ លោកថា ដូច្នេះលេស​តែ​មួយ​គត់ ដែលគណបក្សកាន់​អំណាច​អាច​ធ្វើ​បាន គឺ​«បដិវត្តន៍​ពណ៌»។

ការលើកឡើងផ្ទួនៗ ពី«បដិវត្តន៍ពណ៌» ពីសំណាក់មន្ត្រី​រដ្ឋាភិបាល រដ្ឋសភា និង​មន្ត្រីកង​កម្លាំង​ប្រដាប់​អាវុធ បាន​កើត​ឡើង​ព្រោងព្រាត នៅក្នុងរយៈពេល​ចុងក្រោយនេះ ដោយពន្យល់​ពី​«បដិវត្តន៍ពណ៌» ថាមាន​ន័យ​ស្មើរនឹង​ចលនា​មហាជន​មួយ ដើម្បីរំលំរដ្ឋាភិបាល​ស្រប​ច្បាប់។

សុខចិត្តឲ្យផ្ទុះសង្គ្រាម ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ...

កាលពីប៉ុន្មានសប្ដាហ៍មុន លោក ហ៊ុន សែន បានព្រមាន​​ថា លោកសុខចិត្តឲ្យ «ផ្ទុះសង្គ្រាម ក៏ផ្ទុះទៅចុះ» តែ​លោក​ត្រូវ​បង្ក្រាប​ឲ្យ​បាន ទោះក្នុងតម្លៃណាក៏ដោយ ប្រឆាំង​នឹង​ចលនាណាក៏ដោយ ដែលធ្វើ​ឲ្យខូច ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ។ បន្ទាប់មក​ទៀត លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារ​ជាតិ ថែមទាំងបាន​ព្រមាន ថា​នឹង​«វ៉ៃ​បែក​ធ្មេញ» ប្រឆាំង​ជន​ណា ឬក្រុម​ណា ដែលហ៊ានងើបឡើង​តវ៉ា ប្រឆាំងនឹង​លទ្ធផល នៃការ​បោះឆ្នោត។

ជ្រៅជ្រះជាងគេ គឺសមាជិកសភា និងជាអ្នកនាំពាក្យរដ្ឋសភា មកពីគណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​​បានចោទប្រកាន់សហរដ្ឋអាមេរិក ថាជាអ្នក​នៅពីក្រោយ ចលនា​«បដិវត្តន៍​ពណ៌»​នេះ​ផងទៀត។ លោកបាន​សំអាង​ហេតុផល​ថា នោះ គឺដោយ​សារ​តែ​ប្រទេស​​មហា​អំណាច​​ធំ​ជាង​គេ ចង់យក​ប្រទេស​កម្ពុជា ធ្វើជា​​«ខ្ញុំបម្រើ»​​នយោបាយ​​តំបន់​ ហើយ​បានផ្ដល់​ថវិកា និងភ្នាក់ងារ​របស់​ខ្លួន ចូលមកផ្គត់ផ្គង់​​ចលនា​ប្រឆាំង​នៅ​កម្ពុជា តាម​រយៈអង្គការធំៗ​មួយ​ចំនួន។

លោក ព្រហ្ម គិត ចាត់ទុកបរិបទនយោបាយចុងក្រោយទាំងនេះ ថាជាការៀបចំជើងព្រួលមួយ ពី​សំណាក់​លោក ហ៊ុន សែន និង​បក្ខពួក​របស់​លោក ដើម្បីឈាន​ទៅដណ្ដើម​អំណាច​ ដោយចុងកាណុង​ ដូចក្នុងឆ្នាំ ១៩៩៧​នោះ ជាថ្មីទៀត ហើយ​លោក ហ៊ុន សែន បានព្រមានជាមុន​ដូច្នេះ​ឲ្យហើយ ដើម្បីឲ្យពលរដ្ឋ ដែល​មាន​បំណង​ចង់​បោះឆ្នោត​ប្ដូរការដឹកនាំ មិនមាន​ទឹកចិត្ត​ចង់​​ចេញ​​ទៅបោះឆ្នោត។ អ្នកវិភាគ​បានពន្យល់​បន្តថា តែនៅ​​ឆ្នាំ២០១៧​​នេះ មិន​ដូច​ឆ្នាំ១៩៩៧​នោះ​ទេ។

លោកថា៖ «២០ឆ្នាំកន្លងទៅហើយ ការដឹកនាំដែលបង្ហាញតែពីសម្បកក្រៅ មិនបានអន្ទងចិត្តពលរដ្ឋគ្រប់គ្នា​នោះ​ទេ ជាពិសេស​ពលរដ្ឋ​​ដែល​រង​គ្រោះ ពលរដ្ឋដែល​យល់ដឹង និងពលរដ្ឋ​ដែល​ធុញទ្រាន់ នឹង​ការ​គម្រាម​ដដែលៗ ជាពិសេស​ការ​គម្រាម ​ដែល​កើតឡើង សឹងតែគ្រប់​ពេល ដូចនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...