CNRP ឈ្នះទាំងឃុំបឹងប្រាំ និងឃុំក្លែង
- ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 14, 2017
- ប្រធានបទ: បោះឆ្នោតឃុំសង្កាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លទ្ធផលចុងបញ្ចប់ និងបិទផ្លូវតវ៉ា នៃការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងការិយាល័យចំនួន៩ ក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង និងនៅក្នុងការិយាល័យមួយទៀត ក្នុងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានផ្ដល់ជ័យជំនះទាំងពីរឃុំ ទៅឲ្យគណបក្សសង្គ្រោះជាតិ ឈ្នះពីលើគណបក្សប្រជាជនកម្ពុជា។ ការរាប់សន្លឹកឆ្នោតឡើងវិញទាំងនេះ សុទ្ធតែមានការចូលរួមសង្កេតការណ៍ដោយផ្ទាល់ ពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។
សម្រាប់ឃុំបឹងប្រាំ គណបក្សសង្គ្រោះជាតិ ទទួលបាន ៧៧៦ សំឡេង ឈ្នះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានតិចជាង៦៩សំឡេង (បានតែ ៧០៧សំឡេង)។ រីឯឃុំក្លែងវិញ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេង ៨៣៧សម្លេង ឈ្នះ២សំឡេង ពីលើគណបក្សប្រជាជនកម្ពុជា ដែលទទួលសំឡេងឆ្នោត យ៉ាងប្រផិតប្រផើយ ចំនួន ៨៣៥សំឡេង។
ការប្រកាសលទ្ធផលបឋម ដែលធ្វើឡើង ក្រោយការរាប់សន្លឹកឆ្នោតភ្លាមៗ នៅនឹងកន្លែងក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៣១សំឡេង ឈ្នះគណបក្សប្រឆាំង ដែលទទួលបាន ៦០៤សំឡេង។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនសុខចិត្តចំពោះលទ្ធផលនេះ និងបានប្ដឹងឡើងទៅ គណៈកម្មការរៀបចំការបោះឆ្នោត ថ្នាក់ខេត្ត ដើម្បីសុំរាប់សន្លឹកឆ្នោតឡើងវិញ។
នៅថ្នាក់ខេត្ត លទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងឃុំបឹងប្រាំ បានបង្ហាញផ្ទុយពីលទ្ធផលបឋម ដោយគណៈកម្មការរៀបចំការបោះឆ្នោត រកឃើញថាគណបក្សសង្គ្រោះជាតិ ឈ្នះសម្លេងដ៏ច្រើនវិញ។ ការសម្រេចរបស់ថ្នាក់ខេត្ត បានបង្កការមិនសុខចិត្ត ដល់គណបក្សកាន់អំណាច និងបញ្ជូនពាក្យបណ្ដឹងសារទុក្ខ ឡើងទៅដល់ថ្នាក់ជាតិ រហូតដល់ការដោះស្រាយ ឈានដល់លទ្ធផលចុងក្រោយ ចេញផ្សាយ នៅល្ងាចថ្ងៃនេះ។
កាលពីម្សិលម៉ិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសបិទការតវ៉ា ឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះពីរសំឡេង ពីលើគណបក្សសង្គ្រោះជាតិ នៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលផ្ទុយពីការលទ្ធផលបឋម ដែលបង្ហាញថា គណបក្សប្រឆាំងឈ្នះ៣សំឡេង ពីលើគណបក្សកាន់អំណាច៕