អាជ្ញាធរ​​មិន​​អនុញ្ញាត តែ មួរ សុខហួរ នឹង​​បន្ត​ទៅ​ទី​លាន​ប្រជាធិបតេយ្យ

អាជ្ញាធរមិនអនុញ្ញាតិអោយលោកស្រី មូរ សុខហួរ ចូលទៅទីលានប្រជាធិបតេយ្យឡើយ ប្រសិនបើការទាមទារ ឬ​ការតវ៉ាណាមួយ ពុំបានសុំច្បាប់អនុញ្ញាតិ ។ ប៉ុន្តែលោកស្រី មូរ សុខហួរ អះអាងថា នឹងបន្តយុទ្ធនាការរបស់ខ្លួន នៅ​លើទីលានប្រជាធិបតេយ្យ ទោះបីជាមានការរារាំង ពីសំណាក់កងកម្លាំងសមត្ថកិច្ចក៏ដោយ។ ជុំវិញបញ្ហានេះ អង្គការ​សង្គមស៊ីវិលបានលើកឡើងថា ការបិទទីលានប្រជាធិបតេយ្យនោះ គឺជាការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: April 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជ្ញាធរមិនអនុញ្ញាតិអោយលោកស្រី មូរ សុខហួរ ចូលទៅទីលានប្រជាធិបតេយ្យឡើយ ប្រសិនបើការទាមទារ ឬ​ការតវ៉ាណាមួយ ពុំបានសុំច្បាប់អនុញ្ញាតិ ។ ប៉ុន្តែលោកស្រី មូរ សុខហួរ អះអាងថា នឹងបន្តយុទ្ធនាការរបស់ខ្លួន នៅ​លើទីលានប្រជាធិបតេយ្យ ទោះបីជាមានការរារាំង ពីសំណាក់កងកម្លាំងសមត្ថកិច្ចក៏ដោយ។ ជុំវិញបញ្ហានេះ អង្គការ​សង្គមស៊ីវិលបានលើកឡើងថា ការបិទទីលានប្រជាធិបតេយ្យនោះ គឺជាការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។


លោកស្រីមូរ សុខហួរ (រូបកណ្ដាល) នៅលើវេទិការគណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - «ខ្ញុំមិនទាន់ហ៊ានថាយ៉ាងណានៅឡើយទេ ចំពោះការបន្តមកកាន់ទីលានប្រជាធិបតេយ្យរបស់លោកស្រី មួរ សុខហួរ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមេសារ ខាងមុខនេះ យើងនៅរង់ចាំមើលសិន»។ នេះគឺជាការលើក​ឡើង​របស់​លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ នេះ ឆ្លើយតបទៅនឹង​គម្រោង​ដើរទៅកាន់ទីលានប្រជាធិបតេយ្យ របស់លោក​ស្រី មួរ សុខហួរ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត មកពី​គណបក្សសង្គ្រោះជាតិ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានបន្តប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថា ប្រសិនបើការទាមទារ ឬក៏ការតវ៉ាណាមួយ ដែលឥតមានការសុំច្បាប់ជាមុន គឺសាលារាជធានីភ្នំពេញ មិនអនុញ្ញាត​ឲ្យការតវ៉ានោះ កើតមានឡើយ គឺត្រូវតែមានវិធានការតាមផ្លូវច្បាប់។

ការលើកឡើងយ៉ាងដូច្នេះ ខណៈដែល លោកស្រី មូរ សុខហួរ បានថ្លែងប្រាប់ស្ទើគ្រប់បណ្តាញសារព័តមានក្នុងស្រុក កាល ថ្ងៃទី១៨ ខែមេសាថា លោកស្រីនឹងទៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២០ និង២១ ខែមេសាខាងមុខនេះ វេលា​ម៉ោង ៨ព្រឹក ដើម្បីសម្តែងមតិ និងទាមទារឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ឈ្នួល ១៦០ដុល្លារដល់កម្មករ។

លោកស្រី មួរ សុខហួរ ដែលអ្នកគាំទ្របានចាត់ទុកថា គឺជាស្រ្តីខ្លាំងទីមួយរបស់គណបក្សប្រឆាំងនៅកម្ពុជានោះ  បាន​បញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាលោកស្រី មិនញញើតនឹងទៅកាន់ទីលានប្រជាធិបតេយ្យឡើយ បើទោះ​បីជាមានកងកម្លាំងសមត្ថកិច្ច ធ្វើការរារាំងក៏ដោយ។ លោកស្រីបន្តថា ទីលានប្រជាធិបតេយ្យ ជាទីកន្លែងសាធារណៈ សម្រាប់ប្រជាពលរដ្ឋសម្តែងមតិ ហើយគ្មានច្បាប់ណាមួយ ហាមការបញ្ចេញមតិនៅទីលាន​ប្រជាធិបតេយ្យ​នោះទេ។

អ្វីជាការកត់សម្គាល់ ក្រោយការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដាមក គណបក្សសង្គ្រោះជាតិ បានយកទីលាន​ប្រជាធិបតេយ្យ ធ្វើជាកន្លែងប្រមូលផ្តុំ ឬមហាបាតុកម្ម ដើម្បីទាមទារឲ្យបើក ការស៊ើបអង្គេតភាពមិន​ប្រក្រតីនៃការ​បោះឆ្នោត និងទាមទារអោយមានការបោះឆ្នោតឡើវិញ។ ហើយកន្លងមក ទីលានប្រជាធិបតេយ្យក៏បានក្លាយទីតាំង​ដែលប្រឈមមុខដាក់គ្នារវាងអ្នកទាមទារតវ៉ា និងកងកម្លាំងអាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាល ជាបន្តបន្ទាប់ដែរ។ ម្លោះហើយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ បានចេញបម្រាមហាមឃាត់ការប្រមូលផ្តុំ នៅលើ​ទីលានប្រជាធិតេយ្យ ដែលមានមនុស្សចាប់១០នាក់ឡើយទៅ ក្រោមហេតុផលស្តារសន្តិសុខ និងសណ្តាប់ធ្នាប់​សង្គមឡើងវិញ ។

បើទោះបីជាក្រោមហេតុផលណាក៏ដោយ អង្គការសង្គមស៊ីវិល នៅតែរិះគន់ថា ការបិទទីលានប្រជាធិបតេយ្យនោះ គឺជាការបំបិទសេរីភាពនៃការបញ្ចេញមតិ និងជារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោក ថាវ គឹមសាន្ត អគ្គនាយក​រង​នៃ​អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា តាមពិតទៅ គោលបំណងនៃបង្កើតទីលានប្រជាធិបតេយ្យ  គឺដើម្បីឲ្យប្រជាពលរដ្ឋទូទៅ ធ្វើការជួបជុំ ដើម្បីសម្តែងមតិ។ ហើយការបិទទីលានប្រជាធិបតេយ្យ មិនឲ្យសម្តែង​មតិ ទោះជាស្ថិតក្នុងមូលហេតុណាក៏ដោយ វាគ្មានហេតុផលសមរម្យនោះទេ ពីព្រោះ ជាការបិទសិទ្ធិសេរីភាព​ពលរដ្ឋ ក្នុងការសម្តែងមតិ ក្នុងការជួបជុំនិងក្នុងការប្រមូលផ្តុំ ជាដើម។

ជាមួយគ្នានេះ មន្ត្រីអង្គការលីកាដូរូបនេះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទៀតថា ការនិយាយដូច្នេះ មិនមែនទីលានប្រជាធិបតេយ្យ គឺសម្រាប់លោកស្រី មួរ សុខហួរ ឬគណបក្សប្រឆាំងនោះទេ ពោលគឺសម្រាប់​ប្រជា​ពលរដ្ឋទូទៅ អង្គការសង្គមស៊ីវិល ឬក៏ស្ថាប័នផ្សេងៗ ទោះក្រៅរដ្ឋាភិបាលឬក្នុងរដ្ឋាភិបាលក្តី សុទ្ធតែមានសិទ្ធិ​ប្រើ​ប្រាស់​កន្លែងនេះបាន ។

គួរបញ្ជាក់ថា កាលដើមខែមេសាកន្លងទៅថ្មីៗនេះ លោកស្រី មួរ សុខហួរ ធ្លាប់បានទៅកាន់ទីលានប្រជាធិបតេយ្យ ជារៀងរាល់ម៉ោង ៨ព្រឹក ដើម្បីអានច្បាប់ស្ដីពីការជួបជុំដោយសន្តិវិធី អប់រំកងកម្លាំងសមត្ថកិច្ច ដែលបិទទីលាន​ប្រជា​ធិបតេយ្យ មិនឲ្យពលរដ្ឋប្រមូលផ្តុំនៅទីនោះ ប៉ុន្តែនៅរាល់ការទៅទីលានប្រជាធិបតេយ្យនោះ ត្រូវបានកង​កម្លាំង​បិទ​មុខរារាំង និងចាប់សែងចេញពីទីនោះភ្លាមៗតែម្តង៕

វីដេអូដែលទាក់ទង៖

-----------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៨ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...