ថ្នាក់ដឹកនាំកម្ពុជាមើលមិនឃើញប្អូនស្រី ហ៊ុន សែន ចាញ់វៀតណាម?
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៣ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 15, 2014
- ប្រធានបទ: ឥស្សរជន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីវ័យចំណាស់ទាំងពីររូប ដែលជាប្អូនស្រីបង្កើតរបស់បុរសខ្លាំងកម្ពុជា ទំនងជាអង្គុយសម្លឹងមេដាយ និងបណ្ណសរសើរផ្ដល់ដោយរដ្ឋាភិបាល នៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម មិនជាសុខស្រួលក្នុងចិត្តប៉ុន្មានទេ។ ព្រោះក្រោយពីព្រឹត្តិការណ៍ ដែលគេគួរតែអបអរ នូវងារដែលទទួលបានពីប្រទេសជាបងប្អូនម៉ឺនឆ្នាំជិតខាង ថាជាវីរនារី«ស្នេហាជាតិ»នេះ លោកស្រីទាំងពីរនាក់បងប្អូន បែរជារងការរិះគន់តិទៀនយ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងពីមតិយុវជនមួយចំនួនទៅវិញ។
នៅលើបណ្ដាញសង្គម ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនចាំបាច់ដកស្រង់ ពីមតិយោបល់របស់ប្រិយមិត្ត ដែលបានសរសេរប្រតិកម្មទៅលើព្រឹត្តិការណ៍នេះទេ។ តែទុកឲ្យប្រិយមិត្តអ្នកអានស្វែងយល់ដោយខ្លួនឯង ជាមួយនឹងវីដេអូដែលត្រូវបានបង្ហោះតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ភ្លាមៗបន្ទាប់ពីពិធីផ្ដល់មេដាយនោះ ដល់ស្ត្រីកិត្តិយសទាំងពីរនាក់ (អ្នកទទួលមេដាយមានដល់ទៅបីនាក់ ម្នាក់ទៀត ជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិកម្ពុជា អ្នកស្រី ហង្ស បូរី) រួច។
តែសម្រាប់យុវជនមួយចំនួន ដែលទស្សនាវដ្ដីបានជួបសម្ភាសដោយផ្ទាល់ បានបង្ហាញនូវចំណាប់អារម្មណ៍របស់ពួកគេ ថាករណីដែលវៀតណាមផ្ដល់ងារ ឲ្យស្ត្រីទាំងបីររូបថាជា«វីរនារីស្នេហាជាតិ» ដោយសារតែបានធ្វើជា«ចារនារីយោធា»នោះ វាដូចជារឿងមួយដែលមិនគួរឲ្យជឿ។
កញ្ញា ទេពសរ ស៊ីណា អតីតនិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា ប្រហែលជាលោកស្រី ហ៊ុន ស៊ីណាត បានធ្វើអ្វីដែលជាផលប្រយោជន៍ដល់ប្រទេសវៀតណាម ទើបបានប្រទេសនេះផ្តល់មេដាយ ជូនលោកស្រីដូច្នេះ។
មេដឹកនាំកម្ពុជាមើលមិនឃើញប្អូនស្រីបង្កើត របស់លោក ហ៊ុន សែន!
កញ្ញា ស៊ីណា បានបន្តទៀតថា កន្លងមក លោកស្រីស៊ីណាតមិនទាន់បានធ្វើអ្វី ដែលមានផលប្រយោជន៍ដល់កម្ពុជានៅឡើយ។ ព្រោះប្រសិនជាមាន នោះព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី និងក្រសួងការពារជាតិកម្ពុជា នឹងផ្តល់ជាគ្រឿងឥស្សរិយយស សំរាប់លោកស្រីជាមិនខាន។ ពាក់ព័ន្ធនឹងរឿងនេះ កញ្ញាហ៊ានសន្និដ្ឋានបានតែមួយគត់ នោះគឺលោកស្រីប្រាកដជាបម្រើផលប្រយោជន៍ ដល់ប្រទេសវៀតណាមច្រើនជាងប្រទេសកម្ពុជា។
រីឯនិស្សិតផ្នែកវិទ្យសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យខេមរៈ កញ្ញា សឿន សុខខេន បាននិយាយថា វាគ្មានតម្លៃអ្វីនោះទេ ដែលប្រទេសវៀតណាមជាអ្នកផ្តល់មេដាយជូនលោកស្រីទៅវិញ ហើយប្រសិនបើលោកស្រីជាជនដែលសកម្ម ក្នុងការងារសង្គមកម្ពុជាពិតមែននោះ វាគួរណាតែថ្នាក់ដឹកនាំកម្ពុជា ជាអ្នកផ្តល់ជូនលោកស្រី។
គួរបញ្ជាក់ថា ក្រសួងការពារជាតិនៃប្រទេសវៀតណាម បានផ្តល់មេដាយនិង ប័ណ្ណសរសើរជូនលោកស្រី ហ៊ុន ស៊ីណាត លោកស្រី ហ៊ុន សេងនី និងលោកស្រី ហង្ស បូរី តាមរយៈពិធីជាឯកជនមួយ ក្នុងស្ថានទូតវៀតណាមនារាជធានីភ្នំពេញ។ ប៉ុន្តែនៅក្នុងឱកាសនោះ មានតែលោកស្រី ហ៊ុន ស៊ីណាត និងលោកស្រី ហង្ស បូរី ប៉ុណ្ណោះ ដែលបានមកទទួលដោយទឹកមុខរីកប៉ប្រឹម នូវមេដាយ«ស្នេហាជាតិ»ថ្នាក់លេខ ៣នេះ ដែលមានឋានៈស្មើរនឹងរដ្ឋមន្ត្រីនៅប្រទេសវៀតណាម។ លោកស្រី ហង្ស បូរី ខ្លួនឯងបានប្រកាសថា នេះជាតឹកតាងបង្ហាញថា ប្រជាជនវៀតណាមទាំងអស់ គោរពលាញ់មន្ត្រីកម្ពុជា ប្រៀបដូចជាម្តាយឪពុករបស់ជនជាតិវៀតណាមអញ្ចឹងដែរ៕