ហ្សាង ស៊ីយ៉ី៖ តារាភាពយន្ដ គួរអោយស្អប់ជាងគេ នៅចិន?
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: August 29, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាភាពយន្ដចិន ចំណាត់ថ្នាក់ពិភពលោក នាងហ្សាង ស៊ីយ៉ី បានធ្លាក់ប្រជាប្រិយភាពជាខ្លាំង បន្ទាប់ពីរឿងអាស្រូវជាច្រើន ត្រូវបានគេធ្វើអោយបែកធ្លាយចេញពី អ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃបក្សកុម្មុយនីសចិន។ នាងត្រូវបានកាសែតហុងកុង មួយផ្សាយក្នុងអត្ថបទរបស់ខ្លួន កាលពីចុងខែឧសភា ដោយចោទថា នាងបានប្រព្រឹត្តអំពើបេស្យាចារ ជាមួយនឹងអ្នកទទួល ខុសត្រូវជាន់ខ្ពស់ចិន ដែលមានប្រាក់យ៉ាងស្ដុកស្ដុម្ភទាំងនោះ ជាថ្នូរទឹកប្រាក់ ប្រមាណជា៩០លានអ៊ឺរ៉ូ ក្នុងរយះពេល ១០ឆ្នាំ មកនេះ។
ក្នុងអត្ថបទផ្សាយថ្ងៃទី២៩ឧសភា ឆ្នាំ២០១២ កាសែត អ័បផល ដែលី (Apple Daily) របស់ហុងកុង ដែលជាកាសែតប្រចាំថ្ងៃ មួយ ទទួលបានការនិយមជាខ្លាំង បានអះអាងថា នាង ហ្សាង ស៊ីយ៉ី (Zhang Ziyi) ធ្លាប់ជា «ស្រីរកស៊ីផ្លូវភេទជាន់ខ្ពស់ម្នាក់» ដែលមានទំនាក់ទំនង ប្រមាណជាជាង ១០ឆ្នាំកន្លងមកហើយ ជាមួយនឹងលោកប៉ូ ស៊ីឡៃ (Bo Xilai) អតីតថ្នាក់ដឹកនាំចិន ដែលធ្លាក់ពីតំណែង និងអ្នកជិតស្និតរបស់លោក គឺលោក ស៊ូ មីង (Xu Ming)។ បន្ថែមពីលើនេះទៀត កាសែតបានអោយដឹង ថា តារាភាពយន្ដដ៏ល្បីរូបនេះ ក៏ធ្លាប់មានទំនាក់ទំនងផ្លូវភេទ ជាមួយអ្នកទទួលខុសត្រូវធំៗ គ្រាក់ៗ នៃរដ្ឋអំណាច និងបុរស អ្នកមានលុយចិនផ្សេងទៀតជាច្រើន ដែលធ្វើអោយតារាភាពយន្ដវ័យ៣៣ឆ្នាំរូបនេះ រកប្រាក់បានប្រមាណជា ៧០០លាន យ័ន្ដ (៨៨លានអ៊ឺរ៉ូ) តែក្នុងរយះពេល១០ឆ្នាំនេះ។
ជាការឆ្លើយតប តារាភាពយន្ដនាង ហ្សាង ស៊ីយី បានដាក់ពាក្យបណ្ដឹង ប្ដឹងកាសែតនេះ ទៅតុលាការជាន់ខ្ពស់នៃទីក្រុង ហុងកុង កាលពីថ្ងៃទី១២មិថុនាឆ្នាំ២០១២កន្លងទៅ ដោយបានចាត់ទុកថា ជាការផ្សាយបង្ខូចកេរ្ត៍ឈ្មោះដ៏ខ្លាំងមួយ។ នាង បានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងនោះ ថាបន្ទាប់ពីការផ្សាយរបស់ កាសែតប្រចាំថ្ងៃនេះមក តារាភាពយន្ដបានរងនូវ ការស្អប់ខ្ពើម ការម៉ាក់ងាយ និងការចំអកឡកលើយពីសំណាក់សារធារណជន។ នាងបានបន្ថែមថា កិត្តិយសរបស់នាង ក្នុងវិស័យភាពយន្ដ បានត្រូវបំផ្លាញ និងមានលក្ខណៈជាប្រចាំ ហើយនាងបានទាមទារនូវសំណងជំងឺចិត្ត ដែលមិនមាន កំណត់មួយ។
តើប្រជាប្រិយភាពដែលធ្លាក់ចុះនេះ មានយុត្តិធម៌សមប្រកបសំរាប់ តារាភាពយន្ដដ៏ស្រស់ស្អាតនេះទេ?
តារា ដែលមានភាពជោគជ័យលឿន ដូចផ្លេកបន្ទោរ ក្នុងវិស័យភាពយន្ដ
មុននឹងក្លាយជាតារាភាពយន្ដ នាងជាអតីតអ្នករបាំដ៏លេចធ្លោម្នាក់។ នាងត្រូវបានសមិទ្ធិករភាពយន្ដម្នាក់ឈ្មោះ ហ្សាង យ៉ីមូ (Zhang Yimou) មើលឃើញ និងហៅអោយនាងសំដែង ក្នុងខ្សែរភាពយន្ដកាប់ដាវបូរាណមួយ របស់លោក ដោយអោយនាង ហក់លោតសំរាលខ្លួន ប្រយុទ្ធតទល់ជាមួយ ពួកតួអង្គអាក្រក់ជាជនជាតិម៉ាន់ជូ។ បន្ទាប់ពីនោះ នាងបានធ្វើអោយសមិទ្ថិករ ភាពយន្ដផ្សេងទៀតចាប់អារម្មណ៍ ជាពិសេសពួកសមិទ្ធិកររបស់ហូលីវុដ ដោយបានអញ្ជើញនាងមកសំដែង ក្នុងខ្សែរ ភាពយន្ដ ធំៗ ដូចយ៉ាងដូចជាខ្សែរភាពយន្ដមួយ មានចំណងជើងថា «អនុស្សាវរីយ៍របស់ស្រ្តីហ្គេស្សាម្នាក់» (Geisha ជាស្រី បំរើជាន់ខ្ពស់របស់សង្គមជប៉ុន ពីសម័យកាលមុន) ជាដើម។ នាងហ្សាង ស៊ីយ៉ី ត្រូវគេមើលឃើញថា មានអនាគតវែងឆ្ងាយ តទៅទៀត ព្រោះនាងត្រូវបានផលិតកម្មដ៏ល្បីមួយ របស់ហូលីវូដ អញ្ជើញមកសំដែងជាតួឯកស្រី របស់ភ្នាក់ងារពិសេស ០០៧ ជេម ស្ប៊ន (James Bond) ដោយសារតែគេបានមើលឃើញថា នាងមានលក្ខណៈសម្បត្តិពិសេស សំរាប់សាច់រឿងនេះ ក៏ដូចជាលក្ខណៈ សម្បត្តិនៅក្នុងជីវិតពិតរបស់នាងដែរ។
អ្វីដែលគេធ្លាប់ដឹងពិតប្រាកដពីនាងកន្លងមក គឺបានឃើញនាង ចេញមានទំនាក់ទំនងស្នេហា ជាមួយនឹងបុរសអ្នកមាន ជនជាតិអ៊ីស្រ្តាអែលម្នាក់។ នាងហ្សាង ធ្លាប់និយាយថា នាងមានបំណងចង់បង្កើតអោយមានជាគ្រួសារមួយរបស់នាង។ ជាបំណងមួយដែលគ្រប់តារាៗ នៅហូលីវូដ មិនសូវធ្លាប់មាន ព្រោះបើពួកគេនិយាយពីមង្គលការ ពួកតារាៗទាំងនោះ តែងតែគិតថា វាគ្រាន់តែជាការខ្ចីលុយមួយ ដែលមិនធ្វើពាណិជ្ជកម្មប៉ុណ្ណោះ។
នុយមួយ ស្ទូចបានត្រីធំដល់ទៅពីរ
គួរបញ្ជាក់ថា ក្នុងពេលមានគ្រោះរញ្ជួយដី នៅតំបន់ ស៊ីឆ័ន តារាភាពយន្ដរូបនេះធ្លាប់បានប្រកាសចំណាយ នូវទឹកប្រាក់រាប់ សិបលាន ដើម្បីជាជំនួយឧបត្ថម្ភទៅដល់ជនរងគ្រោះ។
ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយ នាងហ្សាង បានឆ្លងកាត់ជិវិតភាគច្រើនរបស់នាង នៅតែក្រៅប្រទេស ដើម្បីបំរើរដំណើរ ការថតភាពយន្ដនានា។ នៅប៉ុន្មានខែចុងក្រោយនេះ នាងបានវិលត្រឡប់ទៅផ្ទះដ៏ធំស្អាតរបស់នាង នាទីក្រុងប៉េកាំងវិញ។ តែមើលទៅ ភាពសុខស្រួលនៅក្នុងផ្ទះធំ ទ្រនំខ្ពស់នេះ ប្រហែលជាមិនមានស្ថិរភាព បានយូប៉ុន្មាននោះទេ។
តែរឿងមួយមិនគួរអោយជឿបាន ដោយហេតុថា មានមិត្តភគ្តិជាបុរសជនជាតិចិនម្នាក់ បានសាកល្បងបំពារបំពាន លើរូប នាង។ នៅពេលនោះនាងមិនបានប្រកាន់ទោសពៃរអ្វីទេ ហើយនាងថែមទាំងបានគិតថា រឿងនេះវាបានចប់សព្វគ្រប់ អស់ទៅហើយទៀតផង។ នៅប្រទេសចិន ជាពិសេសនៅក្នុងភិពភភាពយន្ដ មនុស្សជាច្រើន ដែលមានចិត្តច្រណែន នឹងការរកមានបានរបស់នាង រាប់សិបលានដុល្លា ពីរាល់ដំណើរការថតខ្សែរភាពយន្ដម្ដងៗ។ អ្នកខ្លះធ្លាប់បានចោទនាង ថាធ្លាប់ទាក់ទងផ្លូវស្នេហាសំងាត់ជាមួយនឹង សមិទ្ធិករទីមួយ លោក ហ្សាង យ៉ីមូ ដែលមានភរិយារួចទៅហើយនោះ។
ខណៈពេលជាមួយគ្នានេះ សំនុំរឿងដ៏ធំមួយ បានធ្លាយចេញពីបក្សកុម្មុយនីសចិន ៖ ប៉ូ ស៊ីឡៃ (Bo Xilai) អតីតអ្នកទទួល ខុសត្រូវនយោបាយជាន់ខ្ពស់ម្នាក់ ត្រូវបានគេបញ្ឈរជើង រួមជាមួយនឹងភរិយារបស់គាត់ ដែលកំពុងប្រឈមមុខ នឹងរឿងក្ដីក្ដាំ ស្ដីពីឃាតកម្មមួយ ទៅលើពាណិជ្ជករជនជាតិអង់គ្លេសម្នាក់។ រឿងអាស្រូវនេះ បាននាំរូបភាពដ៏អាក្រក់មួយ ដល់រដ្ឋអំណាច ចិន ជាពិសេសក្នុងពេលដែល ការផ្លាស់ប្ដូរសមាជិកថ្នាក់ដឹកនាំឆ្នាំ២០១៣ ឈានជិតមកដល់។
អ្នកសង្កេតការជាច្រើន បានសំលឹងឃើញ ពីការបង្វិលស្ថានភាពយ៉ាងប៉ិនប្រសព្វ របស់ពួកអ្នកដឹកនាំ នៃប្រទេសកុម្មុយនីស នានាក្នុងពិភពលោក។ គេនឹងមិនអនុញ្ញាតិអោយ របបគ្រប់គ្រងរបស់គេ ក្លាយជាមានភាពផុយស្រួយ ងាយនឹងដួលរលំ បានទេ នៅពេលដែលមានលេចលឺរឿងអាស្រូវ នៅក្នុងថ្នាក់ដឹកនាំជាន់ខ្ពស់បែបនេះ កើតឡើង។ តែបញ្ហាបានចោទសួរ ឡើងថា តែមានវិធីបែបណា ដើម្បីអាចបង្វិលសាធារណមតិ មិនអោយខ្វល់ខ្វាយពីរឿងអាស្រូវនេះ? មិនពិបាកយល់ទេ គឺគេត្រូវបង្កើតរឿងអាស្រូវ ដ៏លេចធ្លោណាមួយផ្សេងទៀត មកបន្ថែម។
ដូច្នេះ នៅជុំវិញបញ្ហាដែលកើតមានឡើង ចំពោះតារាភាពយន្ដស្រ្តីរូបនេះ មិនមានអ្វីប្លែក នឹងយុទ្ធវិធីដាក់នុយមួយស្ទូចបាន ត្រីធំដល់ទៅពីរនោះទេ។ នេះបើតាមទស្សនាវដ្ដីមួយផ្សាយជាភាសាបារាំង chine-informations.com។ ទស្សនាវដ្ដីផ្សាយ តាមបណ្ដាញអាំងទើណែតមួយនេះ បាននិយាយថា ជាការឈុតឆាករៀបចំទុកជាមុន សំដែងដោយនាងហ្សាង ដ៏ល្បីនេះ ជាយុទ្ធវិធីដ៏ល្អប្រសើរជាងគេបំផុតមួយ សំរាប់បង្វែរមតិសាធារណជន ពីរឿងអាស្រូវរបស់បក្ស មកជារឿងអាស្រូវរបស់ តារាភាពយន្ដទៅវិញ៕
-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ