នែល អាមស្រ្តងស្លាប់៖ ជំហ៊ានតូចនៅលើ ថានព្រះច័ន្ទ តែធំសំរាប់មនុស្សជាតិ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: August 26, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសអវកាសជនជាតិអាមេរិកាំង លោក នែល អាមស្រ្តង ដែលបានចុះដើរដំបូងគេ នៅលើថានព្រះច័ន្ទ បានរលត់សង្ខា ហើយ នៅថ្ងៃសៅរ៍ទី២៥សីហានេះ ក្នុងអាយុ៨២ឆ្នាំ។ មនុស្សសឹងតែគ្រប់គ្នាក្នុងពិភពលោក រាប់ទាំងប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ាផង បានថ្លែងរំលឹងពីជីវប្រវត្តដ៏អស្ចារ្យរបស់ វិរបុរសរូបនេះ។ ពាក្យ «វីរបុរស» ដែលលោក នែល អាមស្រ្តង ខ្លួនលោកផ្ទាល់ មិនដែលនឹកឃើញ ចង់អោយគេហៅគាត់របៀបនេះនោះទេ។
នៅក្នុងសេចក្ដីប្រកាស ដែលបាននិយាយប្រាប់ពីការផុតរលត់សង្ខារបស់លោក ចេញដោយក្រុមគ្រួសារនោះ បាននិយាយ ថា លោកនែល អាមស្រ្តង (Neil Armstrong) អតីតបុរសអវកាសរួបនេះ បានចាត់ទុកថា នោះគឺគ្រាន់តែជាអ្វី ដែលគាត់ ត្រូវបំពេញ ក្នុងកត្តព្វកិច្ចការងាររបស់គាត់ប៉ុណ្ណោះ។ សេចក្ដីប្រកាសនោះ បញ្ជាក់ថា «លោកបានបំរើ ប្រកបដោយ មោទនភាព ប្រទេសរបស់លោក ក្នុងនាមជាអ្នកបើកបរយាន្ដ ក៏ដូចជាក្នុងនាមជាជនអវកាសម្នាក់។» ហើយក៏បានបន្ថែម នៅក្នុងសេចក្ដីប្រកាសនោះដែរថា នៅក្នុងពេញមួយជីវិត របស់វីរបុរស ដែលជាអ្នករស់នៅក្នុងរដ្ឋអូហៃយ៉ូ (Ohio) រូបនេះ លោកនៅតែមានជំនក់ចិត្តជាមួយនឹង វិស័យអាកាសចរណ៍ និងការរុករកក្នុងអវកាសដដែល។ សំរាប់ក្រុមគ្រួសារទាំងមូល លោក នែល អាមស្រ្តង ជាជនគំរូមួយរូប សំរាប់យុវជនជំនាន់ក្រោយ នៅក្នុងពិភពលោក ដែលនឹងធ្វើអោយសម្រេច នូវសេចក្ដីស្រមៃរបស់ខ្លួន និងបំណងនៃការរុករក ដោយមិនគិតពីព្រំដែនកំណត់។ គឺជាការបម្រើបុព្វហេតុមួយ ដែលមាន ទំហំធំរាប់សិបដង ជាងអ្វីដែលសឹងតែមនុស្សខ្លួនឯង មិនអាចធ្វើបាន។
លោកបានលាចាកលោកនេះ ក្នុងខណៈពេលធ្វើការវះកាត់បេះដូងមួយ ដែលគាត់បានចូលទៅអោយពេទ្យពិនិត្យ តាំងពីដើមខែសីហាមកម្លេះ។ លោកជាបុរសទីមួយ ដែលបានដើរនៅលើថានព្រះច័ន្ទ នៅថ្ងៃទី២០ខែកក្កដាឆ្នាំ១៩៦៩។ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
វីរបុរសម្នាក់ ក្នុងចំណោមវីរបុរសអាមេរិកាំងដទៃទៀត
ដើម្បីជាកិត្តិយស ក្នុងការដាក់ខ្លួនរបស់លោក ក្រុមគ្រួសាររបស់លោក ចង់អោយគេរំលឹកពីរូបលោកថា «នៅពេលដែល អ្នកដើរ នៅកណ្ដាលរាត្រីច័ន្ទពេញវង់ ដ៏ស្រទន់ណាមួយ សូមអ្នកគិតទៅដល់លោក នែល អាមស្រ្តង ហើយកុំភ្លេច ញាក់ភ្នែកដាក់លោកមួយផង។»
ក្នុងឱកាសនេះដែរ ប្រធានាធិបតីអាមរិក លោក បារ៉ាក់ អូបាម៉ា មិនអាចទប់អារម្មណ៍ ដ៏រំជួលចិត្តនោះបានទេ។ សំរាប់ លោកប្រធានាធិបតី លោកនែល អាមស្រ្តង «ជាបុរសម្នាក់ដែលបានបង្រៀនយើង ពីឥទ្ធិពលដ៏ធំធេង ជាមួយនឹងជំហ៊ាន តូចៗ របស់គាត់។ អតីតបុរសអវកាសរូបនេះ ជាវីរបុរសម្នាក់ ក្នុងចំណោមវីរបុរសអាមេរិកាំងផ្សេងដទៃទៀត ដែលមិនមែន សំរាប់តែសម័យកាលនេះប៉ុណ្ណោះទេ តែនឹងសំរាប់គ្រប់សម័យកាលទាំងអស់។»
មនុស្សជាតិរកបានវីរភាពមួយ
លោកបារ៉ាក់ អូបាម៉ា បានលើកឡើងទៀតថា «នៅពេលលោក និងសហសេវិករបស់លោក បានឡើងលើយាន្ដអវកាស អាប៉ូឡូ ១១ នៅឆ្នាំ១៩៦៩នោះ ពួកគាត់បានក្លាយជាក្ដីសង្ឃឹម របស់ប្រជាជាតិអាមេរិកាំងទាំងមូល។ ពួកគាត់ចង់បង្ហាញ ទៅពិភពលោក ថាគោលគំនិតរបស់អាមរិក អាចនឹងមើលឃើញពីអ្វី ដែលហួសពីការស្មាន។ [...]»
ការស្លាប់របស់គាត់ បានប្រមូលផ្ដុំពូកអ្នកនយោបាយអាមេរិកាំង អោយបញ្ចេញប្រតិកម្មសឹងតែមានលក្ខណៈស្រដៀងគ្នា ខណៈកំពុងឃោសនា សំរាប់ការបោះឆ្នោតប្រធានាធិបតី ក្នុងពេលខាងមុខ។ លោកចន ប៊ាន័រ (John Boehner) ប្រធាន សភាជាន់ទាប មកពីគណបក្សសារធារណរដ្ឋ បានធ្វើវិយោគថាមួយដូច្នេះថា «វិរបុរសដ៏ពិតប្រាកដម្នាក់នេះ បានឡើង ឆ្ពោះទៅវេហាស៍វិញ ដែលជាទីកន្លែងដែលវីរបុរសនេះធ្លាប់ទៅម្ដងហើយ។ នែល អាមស្រ្តង បានផ្ដល់ក្ដីសង្ឃឹមអោយកុមារ ជំនាន់ក្រោយ របស់ពិភពលោក មិនត្រឹមតែ ពីការុករកដ៏អស្ចារ្យរបស់គាត់ប៉ុណ្ណោះទេ តែពីភាពសមញ្ញធម្មតា និងចិត្តល្អ បរិសុទ្ធរបស់គាត់ ដែលមានជាប់រហូត ដល់ទីបញ្ចប់។ រដ្ឋអូហៃយ៉ូ បានបាត់បង់ពលរដ្ឋដ៏ថ្លៃថ្លារបស់ខ្លួនឯងម្នាក់មែន តែមនុស្សជាតិរកបានវីរភាពមួយ។»
បោះជំហ៊ានតូចមួយនៅលើថានព្រះច័ន្ទ តែជាជំហ៊ានដ៏ធំមហិមាមួយ ដែលបានផ្លាស់ប្ដូរពិភពលោក
សហសេវិកដ៏ស្មោះស្ម័គ្ររបស់ នែល អាមស្រ្តង ឈ្មោះ ប៊ូស្ស អាលដ្រីន (Buzz Aldrin) ដែលនៅក្នុងយាន្ដអវកាស អាប៉ូឡូ ១១ជាមួយលោក បានបញ្ចេញទុក្ខសោក មិនអាចថ្លាថ្លែងបាន នៅថ្ងៃសៅទី២៥សីហានេះ ចំពោះការបាត់បង់សហសេវិក និងមិត្តម្នាក់នេះ។ លោករៀបរាប់ថា «នៅពេលខ្ញុំសំលឹងមើលលោកខែ វាបានធ្វើអោយខ្ញុំនឹងឃើញឡើងវិញ នៅពេលនោះ ដែលវាមានរយះពេលជាង៤០ឆ្នាំកន្លងទៅហើយ។ ទោះបីខ្ញុំបានដឹងថា យើងបានស្ថិតនៅឆ្ងាយពីផែនដីរាប់សិបយោជន៍ ដែលគ្មាននរណាធ្វើបានពីពេលមុនក៍ដោយ ក៏យើងបានគិតថា យើងមិនបាននៅឯកោនោះទេ។»
សំរាប់អតីតបុរសយាន្ដអវកាសរូបនេះ មិត្តភ័ក្ររបស់គាត់លោក នែល អាមស្រ្តង ជាវីរបុរសពិត និងជាអ្នកបើកយាន្ដដ៏ល្អ ម្នាក់ ដែលគាត់មិនដែលធ្លាប់ស្គាល់ពីមុនមក។ លោកប៊ូស្ស អាលដ្រីន បានបន្ថែមថា «មិត្តរបស់ខ្ញុំនេះ បានបោះជំហ៊ាន តូចមួយនៅលើថានព្រះច័ន្ទ តែជាជំហ៊ានដ៏ធំមហិមាមួយ ដែលបានផ្លាស់ប្ដូរពិភពលោក ហើយនឹងនៅតែជាព្រឹត្តិការណ៍ ដ៏សំខាន់មួយសំរាប់ប្រវត្តិមនុស្សជាតិ។»
លោកប៊ូស្ស អាលដ្រីន បានសង្ឃឹមថា រូបលោកផ្ទាល់ មិត្តរបស់លោក នែល អាមស្រ្តង និងមិត្តម្នាក់ទៀត ដែលសុទ្ធសឹង ធ្លាប់ជាសហសេវិកក្នុងយាន្ដ អាប៉ូឡូ ១១ និងអាចជួបគ្នានៅឆ្នាំ២០១៩ខាងមុខ ដើម្បីរំលឹកខួប៥០ឆ្នាំ នៃជំហ៊ានទីមួយ នៅលើថានព្រះច័ន្ទ។ «តែគួរអោយស្ដាយណាស់ ក្នុងពេលនេះ វានឹងមិនអាចទៅរួចឡើយ។ មានតែព្រលឹងរបស់នែល ប៉ុណ្ណោះ ដែលនឹងនៅជាមួយយើង៕»
-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ