ចិត លី ឬ លី លានជា រងពាក្យចចាមអារាម ថា«ស្លាប់»
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០១ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 02, 2016
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់អ្នកដែលចូលចិត្ត កំពូលតារាភាពយន្ដចិន លោក ចិត លី (Jet Li) ឬខ្មែរស្គាល់ឈ្មោះ លី លានជា (Li Lian Jie) នោះ សូមកុំស្រក់ទឹកភ្នែកឲ្យសោះ ព្រោះតារារូបនេះ ដែលឈានចូលដល់វ័យ ៥៣ឆ្នាំ ក្នុងឆ្នាំនេះ កំពុងនៅរស់រានមានជីវិត និងមានសុខភាព ល្អធម្មតានៅឡើយ។
តែយ៉ាងណាក៏ដោយ ក៏ពាក្យចចាមអារាម ដែលបានផ្ទុះឡើង នៅពេញមួយថ្ងៃពុធ ទី៣១ ខែសីហា និងធ្លាយមកដល់ព្រឹកថ្ងៃព្រហស្បត្តិ៍ទី១ ខែកញ្ញា ម្សិលម៉ិញ បានបង្កភាពអពមង្គលមិនតិចឡើយ សម្រាប់អ្នកដែលស្រឡាញ់ និងអ្នកដែលនៅជុំវិញកំពូលតារា ដែលល្បីល្បាញខាងក្បាច់វ៉ៃ ដ៏ល្អពិសេស នៅក្នុងភាពយន្ដជាច្រើន។
រឿងរ៉ាវបានកើតឡើងដំបូង នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) ជាមួយនឹងសារដ៏ខ្លីមួយ មានសេចក្ដីថា៖ «ចិត លី ទើបនឹងបានលាចាកលោក សូមចូលរួមមរណទុក្ខ។» បន្ទាប់មក ពាក្យចចាមអារាម ជុំវិញរឿងនេះបានផ្ទុះឡើង ពាសពេញប្រទេសចិន។ បន្ថែមពីលើនេះ សារថ្មីមួយទៀត បានចាក់សាំងបន្ថែមដូច្នេះថា៖ «មរណភាពរបស់ ចិត លី៖ ក្រុមញាតិមិត្តរបស់តារាសម្ដែង បានអះអាងជាស្ថាពរហើយ»។ ដើម្បីឲ្យកាន់តែច្បាស់ទៀតនោះ គេបានភ្ជាប់សារទាំងនេះ ទៅនឹងគេហទំព័រ «Necropedia.org» ដែលមានជំនាញខាង និយាយរឿងអកុសល ដែលមិនទាន់កើតឡើង។
ពាក្យចចាមអារាមនេះ ត្រូវបានសារព័ត៌មានជាច្រើន ទាំងក្នុងប្រទេសចិន ទាំងនៅជុំវិញពិភពលោក យកទៅផ្សាយបន្ត បើទោះជាគេដឹងថា វាមិនមានមូលដ្ឋានពិតក៏ដោយ។ ប៉ុន្តែនៅយប់ថ្ងៃពុធទី៣១ ខែសីហា អ្នកនាំពាក្យរបស់លោក ចិត លី បានចេញមុខមកបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដោយច្រានចោលយ៉ាងដាច់អហង្កា នូវពាក្យមុសាខាងលើ ដែលនិយាយថា តារាសម្ដែងបានស្លាប់។
បើតាមគេហទំព័រមួយ ឈ្មោះ «Celebrity Post» បានធ្វើការស្ទង់មតិភ្លាមៗ នៅថ្ងៃព្រហស្បត្តិ៍ស្អែកឡើង និងបានប្រកាសលទ្ធផល នៅវេលាល្ងាចឡើងថា មនុស្សភាគច្រើនបំផុត (៩១%) បានចាត់ទុកពាក្យចចាមអារាមខាងលើ ថាមានសភាពមិនសមទំនង៕