រកឃើញសពតារាស្រីម៉ិចស៊ិចម្នាក់ ក្នុងធុងផ្ទុកទឹកផឹក ក្រោយពីបាត់ខ្លួនជិតមួយឆ្នាំ
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មករា ២០១៥
- កែប្រែចុងក្រោយ: January 14, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាសម្តែងម៉ិចស៊ិចកូ ដែលគេទើបនឹងប្រទះឃើញសាកសពនៅក្នុងទឹក មានឈ្មោះថា កាមិន យ៉ារីរ៉ា ណូរីកា អេស្ពាហ្សា (Carmen Yarira Noriega Esparza) អាយុ ២៧ ឆ្នាំ។ នាងបានបាត់ខ្លួនចុងក្រោយនៅខែកុម្ភៈ កាលពីឆ្នាំមុន។ នាង អេស្ពាហ្សា ធ្លាប់ជានិស្សិត ដែលបានបញ្ចប់ការសិក្សាផ្នែកចិត្តវិទ្យារួចហើយ។
ការរកឃើញសាកសពរបស់នាង អេស្ពាហ្សា បានធ្វើមិត្តភក្តិ និងក្រុមគ្រួសាររបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកទាំងមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសាររបស់នាង មានការបារម្ភនិងភ័យខ្លាចថា នាងត្រូវបានគេចាប់ជំរិត ដោយក្រុមឈ្មួញជួញដូរមនុស្ស យកនាងទៅលក់ ធ្វើជាទាសករផ្លូវភេទ ហើយពួកគេតែងតែធ្វើការប្រកាសរកនាង។
មិនមែនមានតែញាតិមិត្តរបស់តារាស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែការភ្ញាក់ផ្អើល ក៏បានកើតមានយ៉ាងខ្លាំងដែរ ចំពោះអ្នកជិតខាងរបស់នាង។ ពួកគេសម្ដែងការរន្ធត់ជាខ្លាំង ព្រោះពួកគេបានទទួលទានទឹក ដែលចេញពី ធុងផ្ទុកទឹកដែលមានសាកសពនោះ អស់រយៈពេលជាយូរមកហើយ ដែលទឹកនោះមានរសជាតិចម្លែក ពីមួយថ្ងៃទៅមួយថ្ងៃ។
មន្រ្តីនគរបាលម៉ិចស៊ិចកូម្នាក់បាននិយាយថា៖ «នគរបាលទីក្រុង ត្រូវបានគេទូរស័ព្ទហៅទៅកន្លែងធុងផ្ទុកទឹក នៅលើអាគារនោះ ហើយនៅពេលដែល ពួកគេបានបើកគំរបធុងទឹកនោះ ក៏ប្រទះឃើញសាកសពរបស់នាង អេស្ពាហ្សា ដែលស្ថិតក្នុងសភាពស្អុយរលួយ លែងមើលយល់ទៅហើយ។» មន្រ្តីរូបនោះបាននិយាយបន្តថា៖ «សាកសពដែលបានប្រទះឃើញនៅក្នុងទឹកនោះ នឹងត្រូយកទៅធ្វើការពិសោធន៏ នៅឯវិទ្យាស្ថាន វិទ្យាសាស្រ្ត (Institute of Forensic Sciences) ដើម្បីដឹងពីមូលហេតុពិតប្រាកដ នៃការស្លាប់របស់តារាសម្តែងស្រីដ៏ស្រស់ស្អាតនាង អេស្ពាហ្សា»។
បុរសវ័យ៣០ឆ្នាំម្នាក់ លោក ប៉ាល ហ្សាវីយ៉េ ប៉ាស (Pal Javier Paz) បាននិយាយថា៖ «អេស្ពាហ្សា គឺជានារីដែលមានទេពកោសល្យ និង មានសម្រស់ស្រស់ស្អាត ហើយនាងសុបិនចង់ក្លាយជាតារាសម្តែងមួយរូប។ នៅពេលដែលនាងបាត់ខ្លួន ពួកយើងទាំងអស់គ្នា បានគិតថា នាងប្រហែលជា ត្រូវគេចាប់ចំរិតយកទៅលក់ ធ្វើជាទាសករផ្លូវភេទផងក៏មិនដឹង។ ប៉ុន្តែតាមពិត ខ្លួនប្រាណរបស់នាង គឺស្ថិតនៅក្នុងបរិវេណអាគារ ស្នាក់នៅរបស់នាងរហូតមក ចាប់តាំងពីនាងបានបាត់ខ្លួនមកម្ល៉េះ។»
យ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កត ដោយផ្តោតទៅលើអតីតមិត្តប្រុសរបស់នាង អេស្ពាហ្សា ដែលជាអ្នកជំនួញសំបូរទ្រព្យមួយរូប ដែលបានជួលផ្ទះនេះ ឱ្យនាងស្នាក់នៅ៕