ផៃ ស៊ីផាន ថា​សភា​​អ៊ឺរ៉ុប​ដាក់​សម្ពាធ​កម្ពុជា ឲ្យ​ទម្លាក់​ច្បាប់ NGO

មួយថ្ងៃបន្ទាប់ពីសភាអ៊ឺរ៉ុប បានចេញសេចក្ដីអំពាវនាវមួយ ស្នើឲ្យកម្ពុជាទម្លាក់ចោល នូវសេចក្ដីព្រាងច្បាប់ ស្ដី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មនៅថ្ងៃទី១០ ខែកក្កដានេះ ថា​ការ​លើក​ឡើង​នេះ គឺ​ជា​ការ​កំញើញ សម្លុត​មួយ ដែលទទួលយកមិនបាន។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 10, 2015
  • ប្រធានបទ: ច្បាប់ NG0
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មួយថ្ងៃក្រោយសេចក្ដីថ្លែងការណ៍ របស់សភានៃសហភាពអ៊ឺរ៉ុប ស្នើឲ្យកម្ពុជាទម្លាក់ចោល នូវគម្រោងច្បាប់ ស្ដី​ពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានធ្វើប្រតិកម្មតបវិញ ដោយបានចាត់​ទុក​ថា នោះជាការ«ដាក់សម្ពាធ ឬជ្រៀតជ្រែក» ដល់ការងារ ឬដែនអធិបតេយ្យភាពឯករាជ្យ របស់កម្ពុជា។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានស្រង់សម្ដី​ដោយ​សារព័ត៌មាន នៅក្នុងស្រុកមួយ បានហៅសេចក្តីថ្លែងការណ៍ របស់សភាអឺរ៉ុប ដែលហាក់ដាក់សម្ពាធ មកលើ​រដ្ឋាភិបាលកម្ពុជា ដែលជាដៃគូសហការនោះ មិនមែនជារឿងសមរម្យនោះទេ។ មន្ត្រីរដ្ឋាភិបាលរូបនេះ បាន​បញ្ជាក់ថា ការតាក់តែងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំនៅកម្ពុជា នាពេលនេះ មានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ ដោយមិនមែនបញ្ចប់សកម្មភាព របស់អង្គការសង្គមស៊ីវិលនោះទេ ។

សេចក្ដីថ្លែងការណ៍របស់សភា នៃសហគមអ៊ឺរ៉ុប ដែលបានផ្សាយចេញ នៅថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែកក្កដានេះ បានហៅច្បាប់ដ៏ចម្រូងចម្រាស់ខាងលើ ថាមានលក្ខណៈ ជួយពង្រឹងការត្រួតពិនិត្យរឹតបណ្ដឹង ពីសំណាក់​អាជ្ញាធរ ទៅលើអង្គការសង្គមស៊ីវិល នៅកម្ពុជា។ សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ទៀតថា ច្បាប់នេះ អាច​ធ្វើ​ឲ្យ​ខាតបង់ ដល់ប្រទេសកម្ពុជា នូវទឹកប្រាក់ជំនួយ ប្រមាណពី ៦០០ ទៅ ៧០០លានដុល្លា ក្នុងមួយឆ្នាំៗ ដែល​​ត្រូវ​បានផ្ដល់ ទៅឲ្យអង្គការសង្គមស៊ីវិលទាំងនោះ តាមរយៈគម្រោងអភិវឌ្ឍន៍នានា។ សភាអ៊ឺរ៉ុប បាន​បន្ថែម​នៅ​ក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនទៀតថា៖ «ច្បាប់ថ្មីរបស់កម្ពុជានេះ នឹងធ្វើឲ្យថមថយ នូវលទ្ធភាព របស់​អង្គការ​ក្រៅរដ្ឋាភិបាលបរទេស មិនឲ្យធ្វើការងាររបស់ពួកគេ ប្រកបដោយប្រសិទ្ធភាពបាន។»

ប៉ុន្តែសម្រាប់លោក ផៃ ស៊ីផាន វិញ បានគិតថា ទាំងនេះគឺជាការ«កំញើញ ដាក់សម្ពាធ» មកលើកម្ពុជា។ លោក​បានបញ្ជាក់ប្រាប់ សារព័ត៌មានដដែលនោះទៀតថា៖ «ការបង្កើតច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជាសេចក្តីត្រូវការ របស់រាជរដ្ឋាភិបាល ត្បិតអង្គការទាំងនោះ ត្រូវការពារដោយច្បាប់, ច្បាប់នេះទៀតសោធ ក៏បង្គាប់ឲ្យរដ្ឋាភិបាល បំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងកិច្ចការសហប្រតិបត្តិការ និងសម្របសម្រួល ក្នុងភាពជា​ដៃគូ។»

នៅក្នុងពេលកន្លងមក សេចក្តីព្រាងច្បាប់នេះ បានរងនូវការតវ៉ាយ៉ាងខ្លាំងក្លា ពីសំណាក់អង្កការសង្គមស៊ីវិល មួយភាគ ដែលមានទាំងជាតិ និងអន្តរជាតិ ធ្វើយ៉ាងណា ឲ្យច្បាប់នេះ មិនត្រូវបានអនុម័ត ឬត្រូវធ្វើការកែលំអ នូវមាត្រាខ្លះ ជាមុនសិន។ ប៉ុន្តែការប្រឆាំងតវ៉ានោះ ទំនងជាមិនទទួលបានផ្លែផ្កាទេ។ សេចក្ដីប្រកាសមួយ របស់​រដ្ឋសភា ដែលចេញផ្សាយ ក្នុងថ្ងៃទី១០នេះ បានឲ្យដឹងថា រដ្ឋសភានឹងលើកយក សេចក្ដីព្រាងច្បាប់ ដែល​មាន​ចំនួន៩ជំពូក និង៣៤មាត្រានេះ មកពិភាក្សា និងអនុម័ត នៅក្នុងសម័យប្រជុំនៃរដ្ឋសភា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខ។

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានតបទៅសភាអ៊ឺរ៉ុបវិញថា៖ «អាស្រ័យហេតុដូច្នេះ រាល់ទង្វើទាំងឡាយ​ណា ដែលមិនឲ្យមានច្បាប់នេះ គឺជាការប៉ុនប៉ងដាក់ ឲ្យអង្គការខាងលើនេះ នៅក្រៅច្បាប់ ដែលសង្គមនីតិរដ្ឋ មិនអាចទទួលយកបាន។ ខ្ញុំជឿជាក់សហគមន៍អឺរ៉ុប ប្រាកដជាពិចារណាសារជាថ្មី ក្នុងភាពជាដៃគូ​សន្ទនា។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...