ដំណោះ​ស្រាយ​៣​របស់​រដ្ឋាភិបាល ចំពោះ​ការ​ប៉ះ​ទង្គិច​នៅ​ព្រំដែន

នៅចំពោះការរិះគន់ ដែលបាននិយាយថា រដ្ឋាភិបាលកម្ពុជា ហាក់ដូចជាស្ងាត់ស្ងៀម មិន​ប្រតិកម្ម​ទាក់​ទង នឹង​ការ​ប៉ះ​ទង្គិច រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាមនោះ លោក ផៃ ស៊ីផាន បានថ្លែងអះអាងថា រដ្ឋាភិបាល​មាន​ដំណោះ​ស្រាយ​បី​យ៉ាង ទាក់​ទង​នឹង​ករណីនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៩ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 29, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ម៉ោងនេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានប្រតិកម្មជាផ្លូវការ ឬចេញជាសេចក្ដីថ្លែង​ការណ៍​អ្វី​នៅ​ឡើយ ទាក់ទងនឹងការប៉ះទង្គិច វាយតប់គ្នា រវាងពលរដ្ឋកម្ពុជា និងវៀតណាម កាលពីថ្ងៃអាទិត្យ ទី២៨ ខែ​មិថុនា ឆ្នាំ២០១៥ ក្នុងចំណុចភូមិឆ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ខណៈពេលពលរដ្ឋកម្ពុជា ប្រមាណ​ជាង​១០០នាក់ បានប៉ុនប៉ង ចូលទៅមើលបង្គោលព្រំដែន លេខ២០៣។

ដើម្បីតបនឹងការរិះគន់ ដែលនិយាយថា រដ្ឋាភិបាលកម្ពុជា ហាក់ដូចជានៅស្ងៀមស្ងាត់ នៅចំពោះករណីនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី បានថ្លែងពន្យល់ថា រដ្ឋាភិបាល​បាន​ត្រៀមដំណោះស្រាយ ចំនួន៣រួចជាស្រេច។ លោកបានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ២០១៥នេះ ថាដំណោះស្រាយទាំងបីនោះ រួមមាន៖

ទី១) កម្ពុជាមិនឲ្យបូរណៈភាពរាងកាយ របស់ប្រជាពលរដ្ឋខ្លួន ត្រូវបានទទួលការវាយដំ ពីជនជាតិដទៃទៀត (កន្លងមក ដូចជាមន្រ្តីឆ្មាំរព្រំដែន តែងតែការពារ មិនឲ្យមានការចូលទៅជិតព្រំដែន ជៀសវាងការប៉ះពារគ្នា នោះជាដើម)។

ទី២) ការពារ មិនឲ្យបន្តមានហិង្សា នៅតាមបណ្តោយព្រំដែន ព្រោះ«ហិង្សា» មិនមែនជាដំណោះស្រាយ ក្នុង​ការបញ្ចប់ជម្លោះ តាមព្រំដែននោះទេ។

ទី៣) រដ្ឋាភិបាលកម្ពុជា ស្នើឲ្យភាគីពលរដ្ឋខាងកម្ពុជា និងវៀតណាម រក្សាស្ថានភាពនៅដដែល ដែលមាន​សន្តិភាព តាមរយៈការគោរពអធិបតេយ្យភាព តាមព្រំដែនរបស់ខ្លួន ជៀសឆ្ងាយ នូវការប៉ះពារគ្នាដោយហិង្សា តាមរយៈការអះអាងថា មានជាការរំលោភព្រំដែននោះ។

កាល​ពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋ​កម្ពុជា និងវៀតណាម នៅតំបន់ព្រំដែន បានពើបប្រទះដៃជើង (និងមានដំបង) គ្នា បន្ទាប់​ពីក្រុម​ពលរដ្ឋកម្ពុជា ដែលដឹកនាំដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បាននាំគ្នា ចូលទៅ​មើល​បង្គោល​ព្រំដែន លេខ២០៣ ដែលខណ្ឌចែកទឹកដី នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ការ​ប៉ុន​ប៉ងចូលទៅ​មើល បង្គោល​ព្រំដែននេះ ត្រូវបាន​កម្លាំងសមត្ថកិច្ច និងពលរដ្ឋវៀតណាម ប្រដាប់ដោយអាវុធ និង​ដំបងនៅ​នឹង​ដៃ ធ្វើការ​រារាំង ស្ទាក់ផ្លូវ មិនអោយធ្វើដំណើរទៅមុខទៀត រហូតធ្វើឲ្យផ្ទុះ នូវការប៉ះទង្គិច​នេះ​ឡើង បង្ក​ឲ្យ​មាន​មនុស្ស​របួស ប្រមាណជា២០នាក់។

យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បានសុំអំពាវនាវ ដល់ភាគីពលរដ្ឋខ្មែរ និងភាគីពលរដ្ឋវៀតណាម តាម​ព្រំដែន រួមទាំងអាជ្ញារដែនដី ការពារកុំឲ្យមានការប្រឈមនេះ កើតឡើងទៀត។ ជាមួយនឹងការអំពាវនាវនេះ លោកបានលើកឡើងថា៖ «យើងនឹងបន្តដោះស្រាយ បញ្ហាព្រំដែន តាមរយៈច្បាប់ជាតិ ច្បាប់អន្តរជាតិ ដើម្បី​បន្តរក្សា ទំនាក់ទំនងល្អរវាងគ្នានិងគ្នា (នៃប្រទេសជិតខាង)។»៕


» សូមរងចាំអានអត្ថបទចេញ ក្នុងពេលបន្តិចទៀត ស្ដីពីការប៉ះទង្គិច នៅព្រំដែននេះ ដោយមានកិច្ច​អន្តរាគមន៍ ពីលោក អ៊ុំ សំអាន តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ដែលលោក បានស្ថិតនៅក្នុង​ហេតុ​ការណ៍​ផ្ទាល់។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...